(ភ្នំពេញ)៖ រយៈពេល៤ខែ ឆ្នាំ២០២២នេះ ពោលចាប់ពីខែមករា ដល់ខែមេសា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ សរុបចំនួន៥២គម្រោង ក្រោមទុនវិនិយោគប្រមាណ២៥០០លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា កម្ពុជាបានអនុម័តគម្រោងវិនិយោគ ប្រមាណ២៥០០លានដុល្លារ លើវិស័យជាច្រើនមុខ នឹងអាចបង្កើតការងារ ជូនប្រជាពលរដ្ឋជាច្រើនម៉ឺនកន្លែង។
គម្រោងវិនិយោគទាំង៥២គម្រោងនេះ ភាគច្រើនរួមមាន៖ គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់, គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់ផ្លែឈើ, គម្រោងផលិតសំបកកង់យានយន្ត, រោងចក្រផលិតសម្ភារៈបរិក្ខារប្រើប្រាស់ខ្សែភ្លើង និងផលិតផលផ្លាស្ទិក និងគម្រោងលើវិស័យដទៃៗជាច្រើនទៀត។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ការទទួលគម្រោងវិនិយោគថ្មីៗចំនួន៥២ សរុបទុនវិនិយោគប្រមាណ២៥០០លានដុល្លារនេះ ជាសញ្ញាមួយដ៏ល្អ សម្រាប់ការវិនិយោគពីបរទេសមកផ្ទាល់ ក៏ដូចជាការចុះបញ្ជីក្រុមហ៊ុនក្នុងស្រុក លើគម្រោងវិនិយោគក្នុងប្រទេសកម្ពុជា ធ្វើឲ្យមានការកើនឡើង។
ឧកញ៉ា លឹម ហេង បានគូសបញ្ជាក់ថា ការកើនឡើងនេះ ក្រោយពីមានយុទ្ធសាស្ដ្រដ៏ជោគជ័យ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អំពីការចាក់វ៉ាក់សាំង និងដំណើរការសេដ្ឋកិច្ចឡើងវិញ ធ្វើឲ្យគ្រប់វិស័យដំណើការបាន និងមានការបន្ធូរបន្ថយការរឹតបន្ដឹង នៃការចូលមកប្រទេសកម្ពុជាផងដែរ។
ឧកញ៉ា លឹម ហេង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា នេះជាសញ្ញាមួយល្អ សម្រាប់ការវិនិយោគពីបរទេសមកផ្ទាល់ លើគម្រោងវិនិយោគក្នុងប្រទេសកម្ពុជា [...] ខ្ញុំគិតថា ទាំងអស់នេះ គឺជាឱកាសនៃការទាក់ទាញអ្នកវិនិយោគ ដើម្បីមកវិនិយោគនៅប្រទេសកម្ពុជា ទន្ទឹមពេលច្បាប់វិនិយោគថ្មី បានដាក់ឲ្យអនុវត្ដ»។
បន្ថែមពីនោះទៀត ឧកញ៉ា លឹម ហេង បានគូសបញ្ជាក់ថា កំណើនវិនិយោគមកប្រទេសកម្ពុជា នៅតែមានការកើនឡើង ដោយសារការអនុវត្តកិច្ចព្រមព្រៀង សេរីពាណិជ្ជកម្ម កម្ពុជា-ចិន, កម្ពុជា-កូរ៉េ និងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយ (RCEP) លើសពីនោះទៀត កម្ពុជា នៅតែមាន EBA ក៏ដូចជា GSP ជាមួយសហគមន៍អឺរ៉ុប, អាមេរិក និងអង់គ្លេស៕