(សេអ៊ូល)៖ មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងមួយរូបបានឱ្យដឹងនៅថ្ងៃចន្ទថា ប្រទេសកូរ៉េខាងត្បូងកំពុងពិចារណាចូលរួមក្នុងកិច្ចព្រមព្រៀងសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិកដែលគ្រោងបង្កើតឡើងដោយសហរដ្ឋអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

កិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) អាចចាប់ផ្តើមឆាប់ៗក្នុងខែនេះ ដើម្បីផ្សារភ្ជាប់វត្តមានរបស់អាមេរិកមកវិញនៅក្នុងតំបន់នេះ ដែលអាមេរិកបានងាកចេញចាប់តាំងពីឆ្នាំ២០១៧ មកនៅពេលប្រធានាធិបតីលោក ដូណាល់ ត្រាំ បានដឹកនាំអាមេរិកដកខ្លួនងចេញពីកិច្ចព្រមព្រៀងអន្តរជាតិមួយផ្សេងទៀត ដែលក្រោយមកបានក្លាយជាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់មន្ត្រីនៃក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងម្នាក់ដែលសុំមិនបញ្ចេញឈ្មោះថា៖ «មានការរាយបញ្ជីនៅក្នុងកិច្ចការជាតិចំនួន១១០ ដែលបង្ហាញថា រដ្ឋាភិបាលដែលនឹងចូលកាន់តំណែងខាងមុខកំពុងពិចារណាជាវិជ្ជមាន»

ការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីកាសែត Asia Business Daily ដែលដកស្រង់ប្រភពពីរដ្ឋាភិបាលកូរ៉េខាងត្បូងបានរាយការណ៍ថា រដ្ឋាភិបាលរបស់ប្រធានាធិបតី Yoon Suk-yeol ដែលនឹងស្បថចូលកាន់តំណែងនៅថ្ងៃអង្គារ បានសម្រេចចិត្តចូលរួមក្នុងកិច្ចព្រមព្រៀងនេះនៅថ្ងៃចាប់ផ្តើមកិច្ចព្រមព្រៀងនេះ។

ការដាក់ដំណើរការកិច្ចព្រមព្រៀងនេះ ត្រូវបានរំពឹងថានឹងធ្វើឡើង បន្ទាប់ពីដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែឧសភា ដោយលោកប្រធានាធិបតី Joe Biden ទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ជាទីដែលរដ្ឋាភិបាលដែលនឹងស្បងចូលកាន់តំណែងរបស់លោក Yoon បានផ្តល់សញ្ញាថា ខ្លួនស្វែងរកការបន្ស៊ីគ្នាកាន់តែជិតស្និទ្ធជាមួយពាណិជ្ជកម្ម និងកិច្ចការទូតដែលដឹកនាំដោយសហរដ្ឋអាមេរិក។

មន្ត្រីដដែលនេះបានបន្ថែមថា ការចូលរួមនៅក្នុងកិច្ចព្រៀងនេះនេះគឺជាទិដ្ឋភាពមួយដែលត្រូវបានពិចារណានៅក្នុងការពិនិត្យមើលឡើងវិញនានាដែលធ្វើឡើងដោយក្រុមការងារអន្តរកាលរបស់លោក Yoon។

កាសែត Asia Business Daily បានរាយការណ៍ថា សហរដ្ឋអាមេរិកស្វែងរកការចូលរួមពីប្រទេសដែលមានសេដ្ឋកិច្ចធំៗក្នុងតំបន់រាប់ចាប់ពីប្រទេសអូស្ត្រាលី និងជប៉ុន រហូតដល់ណូវែលសេឡង់ សិង្ហបុរី និងកូរ៉េខាងត្បូង៕