(វ៉ាស៊ីនតោន)៖ ក្រុមប្រទេសអ្នកមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) កាលពីថ្ងៃអាទិត្យបានប្តេជ្ញាកាត់បន្ថយជាសន្សឹមៗនូវការពឹងផ្អែករបស់ខ្លួនលើប្រេងរបស់រុស្ស៊ី និងបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយចោទប្រកាន់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថាបាននាំមកនូវ «ភាពអាម៉ាស់» មកឱ្យប្រទេសរុស្ស៊ីជាមួយនឹងការឈ្លានពានលើប្រទេសអ៊ុយក្រែន។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា សេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រទេសទាំង៧ ដែលរួមមានប្រទេសបារាំង កាណាដា អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេសនិងសហរដ្ឋអាមេរិក មិនបានបញ្ជាក់ច្បាស់ទេថា តើការប្តេជ្ញាចិត្តអ្វីខ្លះដែលប្រទេសនីមួយៗនឹងធ្វើដើម្បីងាកចេញពីថាមពលរបស់រុស្ស៊ី។

ប៉ុន្តែវាគឺជាការវិវឌ្ឍដ៏សំខាន់មួយនៅក្នុងយុទ្ធនាការដែលកំពុងបន្តធ្វើឡើងដើម្បីដាក់សម្ពាធលើលោក ពូទីន ដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់រុស្ស៊ីចុះខ្សោយ និងគូសបញ្ជាក់ពីការរួបរួមរបស់សហគមន៍អន្តរជាតិប្រឆាំងនឹងសកម្មភាពរបស់ទីក្រុងម៉ូស្គូ។

សេចក្តីថ្លែងការណ៍រួមនេះបានឱ្យដឹងថា៖ «យើងប្តេជ្ញាលុបចោលជាបណ្តើរៗនូវការពឹងផ្អែករបស់យើងលើថាមពលរុស្ស៊ី រួមទាំងការបញ្ឈប់សន្សឹមៗ ឬហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី។ យើងនឹងធានាថា យើងធ្វើដូច្នេះបានទាន់ពេលវេលា និងមានរបៀបរៀបរយ និងក្នុងរបៀបមួយដែលផ្តល់ពេលវេលាសម្រាប់ពិភពលោកដើម្បីស្វែងរកការផ្គត់ផ្គង់ជំនួស»

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សំដីរបស់សេតវិមានថា ការឈប់នាំចេញថាមពលរុស្ស៊ីនេះ «នឹងវាយប្រហារជាខ្លាំងដល់សរសៃឈាមសំខាន់នៃសេដ្ឋកិច្ចរបស់លោក ពូទីន ហើយមិនផ្តល់ប្រាក់ចំណូល ដែលគាត់ត្រូវការដើម្បីផ្តល់មូលនិធិដល់សង្រ្គាមរបស់គាត់»

សេចក្តីប្រកាសនេះបានធ្វើឡើងនៅពេលដែលក្រុមប្រទេស G7 បានរៀបចំកិច្ចប្រជុំលើកទី៣ ប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃអាទិត្យតាមរយៈសន្និសីទវីដេអូដោយមានប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ចូលរួមផងដែរ៕