(ភ្នំពេញ)៖ ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានលើកឡើងថា កំណើនភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកកម្ពុជា ទាំងតាមផ្លូវគោក និងផ្លូវអាកាសបានកើនឡើងលើសពីការរំពឹងទុក បន្ទាប់ពីរាជរដ្ឋាភិបាលបានដករបាំង និងលុបចោលលក្ខខណ្ឌផ្សេងៗ ចំពោះភ្ញៀវដែលចូលប្រទេសកម្ពុជា ខណៈដែលវិស័យឯកជនលើវិស័យទេសចរណ៍ បន្តសហការជាមួយប្រទេសភូមិផងរបងតែមួយ ដើម្បីជំរុញលំហូរទេសចរអន្តរជាតិបន្ថែម។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានគូសបញ្ជាក់ថា ភ្ញៀវទេសចរអន្តរជាតិ នឹងកើនឡើងបន្ថែមទៀតបន្ទាប់ពីព្រំដែនកម្ពុជាថៃ បានបើកឡើងវិញកាលពីពេលថ្មីៗនេះ ដែលធ្វើឱ្យមានភាពងាយស្រួលដល់ភ្ញៀវទេសចរ ឆ្លងកាត់តាមព្រំដែនគោក។

លោកបន្តថា បច្ចុប្បន្ននេះ សមាគមបានធ្វើការយ៉ាងមមាញឹក ជាមួយភាគីវៀតណាម និងថៃ ដើម្បីរៀបចំកញ្ចប់ទស្សនកិច្ច និងផ្លាស់ប្តូរភ្ញៀវទេសចរ គ្នាទៅវិញទៅមកដែលលទ្ធផលនេះនឹងចេញផ្លែផ្កា នៅខែកក្កដាខាងមុខនេះ ជាការចូលរួមទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ដើម្បីជំរុញកំណើនទេសចរណ៍មកកម្ពុជា។

លោកបញ្ជាក់ថា មានឧបសគ្គមួយចំនួនរាំងស្ទះដល់ចរន្តនៃការដោះដូរភ្ញៀវទេសចរនៃប្រទេសទាំងបី ដូចជាចំនួនជើងហោះហើរ នៅមានកម្រិត តម្លៃសំបុត្រយន្តហោះនៅមានតម្លៃថ្លៃ និងតម្រូវការឯកសារច្រើនរបស់មន្រ្តីនៅតាមច្រកព្រំដែន នៃប្រទេសបីដែលធ្វើឱ្យភ្ញៀវពិបាកចេញចូល។

តាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបង្ហាញថានៅខែមេសា ឆ្នាំ២០២២ ចំនួនអ្នកដំណើរឆ្លងកាត់អាកាសយាន្តដ្ឋានអន្តរជាតិទាំងបី មានចំនួនជាង១២.៣ម៉ឺននាក់ កើនឡើងជាង៥០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ដែលមានត្រឹមតែជាង១.៩ម៉ឺននាក់ប៉ុណ្ណោះ។ គិតក្នុងខែមេសា ឆ្នាំ២០២២នេះ ជើងហោះហើរមានចំនួន ១ ៧១២ជើង កើនឡើង១១២% ឬកើន៨០៦។ ផ្លូវហោះហើរដែលមានកំណើនជាងគេ គឺភ្នំពេញ-បាងកក និងភ្នំពេញ-សិង្ហបុរី។

ទោះជាយ៉ាងនេះក្តី លោកលោក ធួន ស៊ីណាន លើកឡើងថា បើទោះបីជាមានការបើកទូលំទូលាយក៏ដោយ ប៉ុន្តែវិស័យទេសចរណ៍នៅកម្ពុជា មិនទាន់អាចវិលទៅរកស្ថានភាពឆ្នាំ២០១៩ បាននោះទេ។

លោកបន្ថែមថា «បើទោះបីមានការបើកទូលំទូលាយយ៉ាងណាក៏ដោយ ក៏វាមិនទាន់អាចទាញទៅដូចកាលពីឆ្នាំ២០១៩បានទេ កាលពីមុនខ្ញុំធ្លាប់និយាយថា ពី២០២៥ ដល់២០២៧ តែឥឡូវនេះ ខ្ញុំអាចនិយាយបានថា យើងត្រូវការរយៈពេលច្រើនណាស់បានវិលទៅដូច ២០១៩វិញ វាអាចចាប់ពី២០២៥ ទៅ២០៣២ ពីព្រោះស្ថានភាពវាខុសគ្នា ផលលំបាកផ្សេងៗពីគ្នា និងមានរឿងផ្ទួនៗគ្នារហូតកើតឡើងនៅក្នុងពិភពលោក»

តាមរបាយកាណ៍ក្រសួងទេសចរណ៍ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជាង២២ម៉ឺននាក់។ តាមរយៈកំណើន និងការងើបឡើងវិញនៃវិស័យទេសចរណ៍ ក្រសួងព្យាករណ៍ថា កម្ពុជានឹងអាចទទួលបានភ្ញៀវទេសចរ ៨០ម៉ឺននាក់ នៅចុងឆ្នាំ២០២២នេះ។

ក្រសួងទេសចរណ៍រំពឹងថា កម្ពុជានឹងទទួលបានកំណើនភ្ញៀវទេសចរបន្ថែមទៀត តាមរយៈការជំរុញទេសចរវ៉ាក់សាំង ក៏ដូចជា ផ្អែកលើការប្រែប្រួលនិន្នាការទេសចរណ៍ថ្មី គឺការផ្តោតទៅលើទេសចរផ្ទៃក្នុងអាស៊ាន និងទេសចរដែលនៅជិត (Short Haul) រយៈពេលនៃការធ្វើដំណើរចន្លោះពី ៤ ទៅ ៥ ម៉ោង ដូចជា ទីផ្សារកូរ៉េ ជប៉ុន ឥណ្ឌា អូស្រ្តាលី ជាដើម។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ នៅតែមានសុទិដ្ឋិនិយមថា ទីផ្សារចិននឹងបើកដំណើរការទេសចរណ៍អន្តរជាតិឡើងវិញ នៅពេលដែលកូវីដ១៩ មានភាពធូរស្រាល ចំណែកទីផ្សារនៅឆ្ងាយ (Long Haul) គឺជាគោលដៅយុទ្ធសាស្រ្តកំណត់ ដោយក្រសួងទេសចរណ៍ថា ជាទីផ្សារទេសចរណ៍កម្រិតខ្ពស់ និងមានការចំណាយច្រើន ដែលមានទីផ្សារអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា និងមជ្ឈឹមបូព៌ា៕