(ភ្នំពេញ)៖ ក្នុងខែមេសា ឆ្នាំ២០២២នេះ អ្នកដំណើរចេញចូលប្រទេសកម្ពុជា តាមផ្លូវអាកាស តាមរយៈអាកាសយានដ្ឋានទាំងបី មានចំនួនជាង១២ម៉ឺននាក់ កើនឡើងជាង៥០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១នេះ។

នេះបើតាមការបញ្ជាក់ពីលោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល ដែលបានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ។

អ្នកនាំពាក្យអាកាសចរស៊ីវិលរូបនេះបានឱ្យដឹងថា អ្នកដំណើរចូលមកតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានខេត្តសៀមរាប និងអាកាសយានដ្ឋានខេត្តព្រះសីហនុ ក្នុងខែមេសាឆ្នាំ២០២២នេះ មានចំនួនជាង ១២ម៉ឺននាក់ កើនឡើងជាង៥០០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ ដោយពេញមួយខែមេសានេះ មានជើងហោះហើរ ចំនួន ១៧១២ជើង កើនឡើងជាង៩០០ជើង ឬស្មើនឹង១១២% បើធៀបនឹង ឆ្នាំ២០២១ ដែលមានត្រឹមតែ៨០៦ជើងប៉ុណ្ណោះ និងស្មើប្រមាណ១៥%នៃឆ្នាំ២០១៩ មុនពេលមិនទាន់មានការរីកដាលនៃជំងឺកូវីដ១៩។ ចំណែកការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស មានចំនួន៤ ៨៥៥តោន កើនឡើង៣៤% បើធៀបនឹងខែមេសាឆ្នាំ២០២១ ដែលមានចំនួន ៣ ៦១២តោន។

ជាមួយគ្នាបើធៀបពេញមួយខែដូចគ្នា រវាងខែមេសា និងខែមីនា ឆ្នាំ២០២២ កើនឡើងជាង១២ម៉ឺននាក់ ពោលគឺខែមីនា ឆ្នាំ២០២២ អ្នកដំណើរតាមផ្លូវអាកាសមានប្រមាណតែជាង៩ពាន់នាក់ប៉ុណ្ណោះ។

លោកបន្តថា «មកដល់ខែមេសា ឆ្នាំ២០២២នេះ បើគិតជាភាគរយធៀបនឹងឆ្នាំ២០១៩ អាកាសយានដ្ឋានទាំងបីទទួលបានការដឹកជញ្ជូនអ្នកដំណើរ គឺស្មើនឹង១៥% នៃឆ្នាំ២០១៩ទេ ប៉ុន្តែដោយឡែកបើយើងគិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែមួយ គឺមានសកម្មភាពមមាញឹកជាងគេ ស្មើនឹង២៥% នៃឆ្នាំ២០១៩»

លោកកត់សម្គាល់ថា ផ្លូវហោះហើរដែលមានកំណើនខ្ពស់ នៅក្នុងខែមេសានេះ គឺភ្នំពេញ-បាងកក ដែលក្នុងមួយសប្តាហ៍កើនឡើងដល់២៥ជើង និង ភ្នំពេញ-សិង្ហបុរី កើនឡើងដល់១៩ជើងក្នុងមួយសប្តាហ៍ ដែលស្មើនឹង៨០%នៃឆ្នាំ២០១៩។ សរុបជើងហោះហើររបស់អាកាសយានដ្ឋានទាំងបី មានជាង២៥០ជើងក្នុងមួយសប្តាហ៍។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែឧសភានេះ លោក ហូរ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា មានប្រសាសន៍ថា ការកើនឡើងយ៉ាងគំហុកនៃអ្នកដំណើរតាមផ្លូវអាកាសនេះ គឺជាការបង្ហាញនូវសញ្ញាណល្អនៃការវិវត្តរបស់វិស័យទេសចរណ៍នៅកម្ពុជា។

លោកថា តម្លៃសំបុត្រយន្តហោះ នាពេលបច្ចុប្បន្ននេះថយច្រើន ជាពិសេសជើងហោះហើរក្នុងតំបន់អាស៊ាន ដែលតម្លៃសំបុត្រយន្តហោះសឹងតែថយចុះមកតម្លៃធម្មតាដូចនឹងឆ្នាំ២០១៩ លើកលែងតែគោលដៅប្រទេសចិនមួយប៉ុណ្ណោះ ដែលតម្លៃសំបុត្រយន្តហោះនៅទ្រឹងដដែល គឺប្រមាណពី៧ពាន់ដុល្លារទៅ១ម៉ឺនដុល្លារ។

លោកគូសបញ្ជាក់ថា «លើកលែងតែគោលដៅប្រទេសចិនមួយទេ ដែលនៅទ្រឹងតម្លៃ ប៉ុន្តែប្រទេសផ្សេងៗ មានការថមថយច្រើន ជាពិសេសនៅក្នុងសហគមន៍អាស៊ានរបស់យើង មានការបញ្ចុះតម្លៃច្រើន។ ឧបមាថាពីភ្នំពេញទៅបាងកក កន្លងមកមានតម្លៃ ៥០០ដុល្លារទៅ៧០០ដុល្លារ ប៉ុន្តែឥឡូវមានតម្លៃត្រឹមតែចាប់ពី១៧០ដុល្លារឡើង ទៅជាង២០០ដុល្លារ»