(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានលើកឡើងថា ការវិនិយោគលើវិស័យមូលបត្រ នឹងទទួលបានផលចំណេញ អាចក្លាយជាអ្នកមាន ដូចការវិនិយោគលើវិស័យដីធ្លីដែរ តាមបទពិសោធន៍ពីបណ្ដាប្រទេសផ្សេងៗឃើញថា មានមនុស្សជាច្រើនបានក្លាយជាអ្នកមាន ដោយសារតែការវិនិយោគលើវិស័យមូលបត្រ។

ការលើកឡើងរបស់លោក ហុង សុហួរ ធ្វើឡើងក្នុងសន្និសីទជាតិ ស្តីពីទីផ្សារមូលបត្រកម្ពុជា «មួយទស្សវត្សន៍នៃការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា និងដំណើរឆ្ពោះទៅមុខ» នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ។

លោក ហុង សុហួរ បានលើកឡើងថា «មានពាក្យនិយាយតគ្នាថា ចង់មានត្រូវទិញដីទុក ប៉ុន្ដែពេលនេះការវិនិយោគលើភាគហ៊ុន ក៏អាចក្លាយជាអ្នកមានបានដែរ ព្រោះមានបទពិសោធន៍ពីបណ្ដាប្រទេសផ្សេង ដែលមានមនុស្សក្លាយជាអ្នកមានបាន ដោយសារតែការវិនិយោគលើផ្សារហ៊ុន»

លោកបានបន្ដថា តាមបទពិសោធន៍ពីបរទេស ក៏ដូចកម្ពុជាដែរ ការចាប់ផ្ដើមដំបូងថ្លៃភាគហ៊ុន មិនមានការកើនឡើងល្អទេ ប៉ុន្ដែពេលមានភាគហ៊ុនច្រើន មានអ្នកចូលទីផ្សារនេះច្រើន វិនិយោគិនចូលកាន់តែច្រើន ថ្លៃភាគហ៊ុននឹងមានទំនោរល្អជាងមុន ហើយភាគហ៊ុនល្អនឹងមានទំនោរឡើងថ្លៃ។

លោកថា បើធៀបនឹងវិស័យអចលនទ្រព្យឃើញថា ដីធ្លីនៅតំបន់ដែលមិនទាន់ មានសកម្មភាពទិញលក់ច្រើន តម្លៃដីធ្លីថេរ តម្លៃធូរ ប៉ុន្ដែពេលមានសកម្មភាពអភិវឌ្ឍន៍ដីនឹងឡើងថ្លៃ ព្រោះមានសកម្មភាពទិញលក់ច្រើន ដូចគ្នាបើធៀបជាមួយផ្សារហ៊ុនវិញ អាចនិយាយបានថា ៣-៤ឆ្នាំក្រោយ មានក្រុមហ៊ុនកាន់តែច្រើន វិនិយោគិនច្រើន នោះថ្លៃភាគហ៊ុននឹងកើនឡើងដូចគ្នា។ កត្តាទាំងនេះអាចបញ្ជាក់ថា ដរាបណាផ្សារហ៊ុនមានក្រុមហ៊ុន មានវិនិយោគិនច្រើន នោះថ្លៃភាគហ៊ុននឹងកើនឡើងដូចគ្នា ដូចនេះបើធៀបនឹងវិស័យអចលនទ្រព្យ ប្រហែលជាអាចនឹងល្អជាង។

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានឲ្យដឹងថា ជាការពិតអ្នកវិនិយោគលើវិស័យដីធ្លី ធ្វើឡើងក្រោមហេតុផលថា ទិញដីទោះបីជាដីមិនឡើងថ្លៃ ប៉ុន្ដែបានដី តែចំពោះការវិនិយោគលើភាគហ៊ុន បានតែភាគហ៊ុន មិនបានអ្វីជាការកត់សម្គាល់ឡើយ។ សូមបញ្ជាក់ថា អស់រយៈពេល១០ឆ្នាំហើយ ដែលផ្សារមូលបត្រដំណើរការ។ ១០ឆ្នាំមកនេះ មានអ្នកកាន់ហ៊ុនរបស់រដ្ឋាករទឹកក្រុងភ្នំពេញ និងបន្ដរក្សាភាពរីកចម្រើនដល់បច្ចុប្បន្ននេះ ហើយទាំងនេះជាការសបញ្ជាក់ ពីការវិវត្តន៍ទៅរកភាពរីកចម្រើនឥតឈប់ឈរនៃវិស័យមូលបត្រនៅកម្ពុជា។

លោកបានបន្ដថា កត្តាទាំងនេះដែលបញ្ជាក់ថា ការវិនិយោគភាគហ៊ុនដូចគ្នានឹងការវិនិយោគដទៃទៀត ដោយអាស្រ័យលើអ្នកវិនិយោគសម្លឹងមើល នៅកាលានុវត្តភាពរបស់ខ្លួនប៉ុណ្ណោះ៕