(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម បានរៀបចំវេទិកាធុរកិច្ចវិនិយោគកម្ពុជា-ចិន ក្រោមការចូលរួមពីលោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក Qian Keming អនុរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងនោះភាគីទាំងពីរបានបង្ហាញពីទំនាក់ទំនង និងការសហការគ្នាយ៉ាងស្អិតរមួតរវាងកម្ពុជា និងចិន ដោយត្រូវបន្តជំរុញកិច្ចសហការលើគ្រប់វិស័យ ជាពិសេសវិស័យហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ក្នុងគោលបំណងពនឿនការស្តារសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

លោក ស៊ាង ថៃ បានថ្លែងថា ទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចិនក្នុងឆ្នាំ២០២១ សម្រេចបានទំហំទឹកប្រាក់១១.១៩៤ លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅប្រទេសចិនបានជាង១.៥១០ លានដុល្លារអាមេរិក និងនាំចូលពីប្រទេសចិនមកវិញជាង៩.៦៨៤ លានដុល្លារអាមេរិកជាមួយនឹងកំណើនប្រមាណ ៣៨% បើធៀបនឹងឆ្នាំ២០២០។

លោកបានបន្ដថា កម្ពុជាបានបន្តធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន លើកិច្ចការជាច្រើនទាក់ទងនឹងពាណិជ្ជកម្មដូចជា បានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ចំនួន៩ទីតាំងនៅតាមទីក្រុងធំៗមួយចំនួននៃប្រទេសចិន ដើម្បីផ្សព្វផ្សាយពីផលិតផលសក្តានុពលកម្ពុជា ផ្សព្វផ្សាយពីវប្បធម៌ ទេសចរណ៍ និងគោលនយោបាយពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជា ព្រមទាំងជំរុញការនាំចេញទៅទីផ្សារចិន។

ថ្មីៗកន្លងទៅកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម
រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មកម្ពុជា និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិ
ជាំងក្វាងស៊ីប្រទេសចិន ក្នុងគោលដៅជំរុញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារចិន ក្នុងនោះនឹងជំរុញ
ការនាំចេញដំឡូងមីស្ងួតកម្ពុជា៤០ម៉ឺនតោន ទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២២-២០២៣ ខាងមុខនេះ។

លោកបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ក្រោមការដឹកនាំប្រកប
ដោយចក្ខុវិស័យ និងស្មារតីសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរកម្ពុជា-ចិន។

លោក ស៊ាង ថៃ បានបញ្ជាក់ថា «ជាមួយគ្នានេះកម្ពុជា-ចិន ត្រូវបន្តជំរុញកិច្ចសហការលើគ្រប់វិស័យ ជាពិសេសវិស័យហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ក្នុងគោលបំណងពនឿនការស្តារសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ១៩ តាមរយៈការបើកឱ្យបានទូលំទូលាយ ជាងមុននូវទីផ្សារ និងលំហូរពាណិជ្ជកម្មសេរី ក៏ដូចជាសម្រួលដល់លំហូរវិនិយោគ ដើម្បីអនុញ្ញាតឱ្យកម្ពុជាក៏ដូចជា ប្រទេសផ្សេងទៀតក្នុងតំបន់ មានលទ្ធភាពអាចជំរុញការនាំចេញផលិតផលសក្តានុពល និងទទួលបានធនធានហិរញ្ញវត្ថុបន្ថែមទៀត»

លោកបានបញ្ជាក់បន្ថែថា «ក្នុងនាមក្រសួងពាណិជ្ជកម្មកម្ពុជា សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានគាំទ្ររាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈជំនួយគ្រប់រូបភាព ទាំងផ្នែកបច្ចេកទេសព្យាបាលជំងឺកូដ១៩ សម្ភារបរិក្ខារពេទ្យ ជាពិសេស ជំនួយវ៉ាក់សាំងបង្ការជំងឺកូដ-១៩ ព្រមទាំងការជួយសម្របសម្រួលដល់ ភាគីកម្ពុជានៅក្នុងការបញ្ជាទិញវ៉ាក់សាំង ពីប្រទេសចិនផងដែរ»

លោក WU Guoquan ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃសា្ថនទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអបអរសារទរ និងលើកឡើងថា នេះជាវេទិកាធុរកិច្ចវិនិយោគកម្ពុជា-ចិន ដែលជួបជុំគ្នា បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ១៩មក។ កម្ពុជា-ចិនជាមិត្តដែកថែមនិងមានកិច្ចសហការល្អៗជាច្រើនជាមួយគ្នា យោងតាមរបាយការណ៍ ក្នុងត្រីមាសទី១ឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងចិន និងកម្ពុជាសម្រេចបាន៣.៧៥ពាន់លានដុល្លារអាមេរិក កើនឡើង៣៩,២ភាគរយ បើធៀបនឹងឆ្នាំនេះ និងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងប្រទេសនៅតំបន់អាស៊ាន៕