(ភ្នំពេញ)៖ ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា វិបត្តិអាកាសធាតុនៅឆ្នាំនេះ បានធ្វើឱ្យទិន្នផលគ្រាប់ស្វាយចន្ទីធ្លាក់ចុះជិតពាក់កណ្តាល ដែលបណ្តាលការនាំចេញគ្រាប់ស្វាយចន្ទី ទៅប្រទេសវៀតណាម ធ្លាក់ជាង៤០% នៅក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២នេះ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែឧសភានេះថា ការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ទៅវៀតណាម ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២នេះ មានចំនួនជាង៥០ម៉ឺនតោន ទទួលបានទឹកប្រាក់ជាង ៧៦៧លានដុល្លារអាមេរិក ថយចុះ៤៣.៤៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។

លោកបានពន្យល់ថា ឆ្នាំនេះសមាគមស្វាយចន្ទីកម្ពុជាបានប៉ាន់ប្រមាណថា ទិន្នផលស្វាយចន្ទីធ្លាក់ចុះរហូតដល់៥០% ដោយសារតែបញ្ហាអាកាសធាតុ ពោលគឺកសិករ សមាជិករបស់សមាគម អាចផលិតបានត្រឹមតែក្នុងរង្វង់ពី៥៧ម៉ឺនតោនទៅ៦០ម៉ឺនប៉ុណ្ណោះ ក្នុងនោះជាង៥០ម៉ឺនតោន បានលក់ទៅឱ្យឈ្មួញវៀតណាម និងនៅសល់ក្នុងឃ្លាំងប្រមាណជាង១០តោនទៀត។

លោកបានពន្យល់យ៉ាងដូច្នេះថា «មូលហេតុចម្បងដែលធ្វើឱ្យការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅប្រទេសវៀតណាមធ្លាក់ចុះ គឺដោយសារទិន្នផលនៅក្នុងប្រទេសកម្ពុជាយើងតែម្តង គឺបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ កាលពីខែមករា ផ្ការីកភ្លៀងមកខូចផ្កា ដល់ចុងខែកុម្ភៈ ក្តឹបភ្លៀងទៀតធ្វើឱ្យខូចក្តឹប ដល់ចុងខែមីនា ក្តឹបវាទុំ ភ្លៀវធ្លាក់ទៀត ធ្វើឱ្យខូចគុណភាពគ្រាប់ ដែលនេះធ្វើឱ្យទិន្នផលយើងធ្លាក់ច្រើន។ កាលពីខែមករា សមាគមបានធ្វើការវាយតម្លៃហើយថាធ្លាក់ចុះពី១០ទៅ៣០% មកដល់ខែមីនា ឆ្នាំ២០២២ដដែល យើងបានធ្វើការវាយតម្លៃម្តងទៀត ដោយទម្លាក់ការប៉ាន់ប្រមាណរបស់យើងរហូតដល់៥០%»

លោកបន្តថា ការវាយតម្លៃរបស់សមាគមកន្លងមកកម្រខុសណាស់ ទាំងបរិមាណ និងតម្លៃ ដោយសារសមាគមទទួលព័ត៌មានពីទីផ្សារពិភពលោក និងព័ត៌មានអាកាសធាតុ ព្រមទាំងបានចុះផ្ទាល់ដល់ចំការទាំង១០ខេត្តគោលដៅ។

លោកលើកឡើងថា នៅឆ្នាំនេះកសិករបានប្រឈមនឹងការខាតបង់យ៉ាងខ្លាំង ស្របពេលដែលវិបត្តិពិភពលោកបានធ្វើឱ្យ ជី ប្រេង និងថ្នាំកសិកម្មឡើងថ្លៃ ខណៈដែលតម្លៃ គ្រាប់ស្វាយចន្ទី បានធ្លាក់ថ្លៃ។ បច្ចុប្បន្ននេះតម្លៃគ្រាប់ស្វាយចន្ទីសើម បានធ្លាក់ចុះមកតម្លៃ ចន្លោះពី២ពាន់រៀលទៅ៣ពាន់រៀល និងតម្លៃគ្រាប់ស្ងួត មានតម្លៃចន្លោះ ៥៨០០រៀល ទៅ ៦៨០០រៀល ទៅតាមគុណភាពគ្រាប់។

លោកបញ្ជក់ថា បញ្ហានេះបានធ្វើឱ្យកសិករមួយចំនួន ដែលមានដើមចន្ទីតូចៗអាយុ២ ទៅ៣ឆ្នាំបានសម្រេចចិត្ត ភ្ជួរចោល និងកសិករផ្សេងទៀត បានកាប់ដើមចោលយកទៅដីដំឡូងមីជំនួសវិញ ដែលលោកប៉ាន់ប្រមាណថា មានប្រហែលជា១០ម៉ឺនហិកតា។ គិតត្រឹមដើមខែឧសភា ឆ្នាំ២០២២នេះ លោកប៉ាន់ប្រមាណថាផ្ទៃដីដាំស្វាយចន្ទី នៅសល់ប្រមាណ៧០ម៉ឺនហិកតាប៉ុណ្ណោះ។

លោកបានលើកឡើងបន្ថែមថា «៧០ម៉ឺនហិកតានេះ គឺយើងរក្សាទិន្នន័យនៅដដែល គឺ៥០ម៉ឺនហិកតា ជាផ្ទៃដីដាំស្វាយចន្ទីផ្តល់ទិន្នផល និង២០ម៉ឺនហិកតាទៀត ជាចន្ទីដែលមិនផ្តល់ទិន្នផល ហើយផ្ទៃដែលមិនផ្តល់ទិន្នផល ក៏ប្រឈមនឹងការបាត់បង់ដែរ ដោយសារតែពួកគាត់ងាកទៅដាំដំឡូវមី ព្រោះដំឡូងមីមានហាងឆេងជាង ហើយគាត់អាចបង្វិលលុយបានលឿនជាងស្វាយចន្ទី ហើយស្វាយចន្ទីរង់ចាំ៥ ទៅ៦ឆ្នាំទើបបានផល ព្រោះជាដំណាំរយៈពេលវែង។ យើងបារម្ភថា ២០ម៉ឺនហិកតានេះ អាចនឹងមានបញ្ហា ប្រសិនបើវិបត្តិនៅតែអូសបន្លាយ ប៉ុន្តែយើងសង្ឃឹមយ៉ាងមុតមាំថា សមាជិករបស់សមាគនៅតែរក្សាផ្ទៃដីស្វាយចន្ទីនៅដដែល មិនឱ្យបាត់បង់ក្រោម៥០ម៉ឺនហិកតាទេ។ នេះជាទិន្នន័យតួលេខផ្លូវការ របស់សមាគម តែមិនមែនជាតួលេខផ្លូវការរបស់ក្រសួងនោះទេ»

យោងតាមទិន្នន័យដែលសមាគមស្វាយចន្ទីកម្ពុជា ថតតាមរយៈផ្កាយរណបកន្លងមកបង្ហាញថា ប្រទេសកម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីប្រមាណ៨០ម៉ឺនហិកតា ប៉ុន្តែសម្រាប់ទិន្នន័យផ្លូវការរមានប្រមាណត្រឹម៤៩ម៉ឺនហិកតាប៉ុណ្ណោះ៕