(ភ្នំពេញ)៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន សម្រេចបាន៣.៧៥ពាន់លានដុល្លារ កើនឡើង៣៩.២ភាគរយ ដោយជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសនៅអាស៊ាន។ នេះបើតាមបញ្ជាក់ឲ្យដឹងរបស់ លោក Wu Guoquan អគ្គទីប្រឹក្សាពាណិជ្ជកម្មស្ថានទូតចិនប្រចាំកម្ពុជា។

ថ្លែងក្នុងវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ចិន ឆ្នាំ២០២២ លោក Wu Guoquan បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងត្រីមាសទី១ ឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងចិន និងកម្ពុជា សម្រេចបាន៣.៧៥ពាន់លានដុល្លារ កើនឡើង៣៩.២ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសនៅអាស៊ាន»។

ដោយឡែក ការវិនិយោគផ្ទាល់មិនមែនហិរញ្ញវត្ថុ របស់ប្រទេសចិន នៅក្នុងប្រទេសកម្ពុជា មានចំនួន២០៦លានដុល្លារ កើន៣៥.២ភាគរយធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះជាការគូសបញ្ជាក់បន្ថែម របស់លោក Wu Guoquan។

អគ្គទីប្រឹក្សាពាណិជ្ជកម្មស្ថានទូតចិនប្រចាំកម្ពុជារូបនេះបានឲ្យដឹងទៀតថា ការវិនិយោគរបស់កម្ពុជា នៅប្រទេសចិន ក្នុងត្រីមាសទី១ បានកើនឡើងដល់ ២៤.៨៦លានដុល្លារ កើនឡើង២៥៥ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បើតាមលោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កម្ពុជាបានបន្តធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន លើកិច្ចការជាច្រើនទាក់ទងនឹងពាណិជ្ជកម្ម ដូចជា៖ បានបង្កើតមជ្ឈមណ្ឌល ពាណិជ្ជកម្មឯកជនកម្ពុជា ចំនួន៩ទីតាំង នៅតាមទីក្រុងធំៗមួយចំនួន នៃប្រទេសចិន។

បន្ថែមពីនោះទៀត លោក ស៊ាង ថៃ បានឲ្យដឹងថា ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ដើម្បីផ្សព្វផ្សាយពីផលិតផលសក្តានុពលកម្ពុជា ផ្សព្វផ្សាយពីវប្បធម៌ ទេសចរណ៍ និងគោលនយោបាយពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជា ព្រមទាំងជំរុញការនាំចេញទៅទីផ្សារចិន។

លោកបានឲ្យដឹងផងដែរថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម កម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ក្រោមការដឹកនាំប្រកប ដោយចក្ខុវិស័យ និងស្មារតីសហប្រតិបត្តិការ របស់ថ្នាក់ដឹកនាំកំពូល កម្ពុជា-ចិន ក្នុងនោះ ភាគីទាំងពីរ បានចូលរួមបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ចិន និងជំរុញឲ្យសម្រេចបាននូវកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។

លោក ស៊ាង ថៃ បានលើកឡើងថា ក្រោមក្របខ័ណ្ឌទ្វេភាគី កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កាលពីខែតុលា ឆ្នាំ២០២០ និងបានចូលជាធរមានកាលពីខែមករា ឆ្នាំ២០២២កន្លងទៅនេះ ដែលបានត្រួសត្រាយផ្លូវសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងកម្ពុជា-ចិន។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា-ចិន ក្នុងឆ្នាំ២០២១ សម្រេចបានទំហំទឹកប្រាក់១១,១៩៤លានដុល្លារអាមេរិក ក្នុងនោះ កម្ពុជានាំចេញទៅប្រទេសចិន បានជាង១,៥១០លានដុល្លារអាមេរិក និងនាំចូលពីប្រទេសចិនមកវិញ ជាង៩,៦៨៤លានដុល្លារអាមេរិក ជាមួយនឹងកំណើនប្រមាណ ៣៨% បើធៀបនឹងឆ្នាំ២០២០៕