(ញូវដែលី)៖ ក្រុមហ៊ុន Hindustan Petroleum Corp. (HPCL) បានឱ្យដឹងថា ឥណ្ឌាកំពុងពិភាក្សាជាមួយរុស្ស៊ីអំពីកិច្ចព្រមព្រៀងទិញប្រេងក្នុងអត្រាបញ្ចុះតម្លៃ ក្នុងពេលដែលលោកខាងលិចកំពុងគេចចេញពីការទិញប្រេងឆៅរបស់ប្រទេសនេះដោយសារជម្លោះនៅអ៊ុយក្រែន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីលោក Pushp Kumar Joshi ប្រធានក្រុមហ៊ុន HPCL ដែលជាក្រុមហ៊ុនរដ្ឋឥណ្ឌា ខណៈថ្លែងក្នុងសនិន្នសីទកាសែតមួយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «មានការពិភាក្សា (កំពុងកើតឡើង) ក្នុងកម្រិតរដ្ឋាភិបាលនិងរដ្ឋាភិបាល។ យើងបើកចំហចំពោះឱកាសណាមួយ ហើយប្រសិនបើអ្វីមួយត្រូវបានសម្រេចនៅកម្រិតរដ្ឋាភិបាលនិងរដ្ឋាភិបាល យើងច្បាស់ណាស់នឹងក្លាយជាផ្នែកមួយនៃការចរចានោះ»

លក Joshi បានបដិសេធមិនធ្វើអត្ថាធិប្បាយលើបរិមាណនិងការបញ្ចុះតម្លៃដែលស្ថិតក្រោមការចរចានេះ ដោយលើកឡើងពី «ផលប្រយោជន៍ពាណិជ្ជកម្មរបស់ភាគីទាំងពីរ»

លោកបានមានប្រសាសន៍ថា៖ «ឱកាសណាមួយដែលនឹងមកដល់ក្នុងពេលអនាគតក្នុងការប្រើប្រាស់ប្រេងឆៅរបស់រុស្ស៊ី ប្រាកដណាស់យើងនឹងប្រើប្រាស់វាអាស្រ័យលើតម្រូវការបច្ចេកទេស និងសេដ្ឋកិច្ច។ វាគួរសមហេតុផលទាក់ទងនឹងការដឹកជញ្ជូន ការធានារ៉ាប់រង និងកត្តាផ្សេងៗ»

ប្រភពផ្សេងបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីខែមុនថា ប្រទេសឥណ្ឌាដែលជាប្រទេសនាំចូល និងអ្នកប្រើប្រាស់ប្រេងធំជាងគេទី៣ ក្នុងពិភពលោក កំពុងជួបបញ្ហាដូចប្រទេសដទៃទៀតនៅជុំវិញពិភពលោកដែរ នោះគឺអតិផរណាកើនឡើងដល់កម្រិតខ្ពស់រយៈពេលជាច្រើនឆ្នាំ ហើយចង់កាត់បន្ថយការចំណាយលើការនាំចូលរបស់ខ្លួន និងការពារអ្នកប្រើប្រាស់ពីការឡើងថ្លៃប្រេងឥន្ធនៈ។

នៅក្នុងខែមេសា ប្រទេសរុស្ស៊ីបានក្លាយជាប្រភេទផ្គត់ផ្គង់ប្រេងធំទី៤ដល់ប្រទេសរុស្ស៊ីជាលើកដំបូង ដែលមានចំណែកប្រហែល ៦% នៃការទិញប្រេងរបស់ឥណ្ឌា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕