(ភ្នំពេញ)៖ គិតត្រឹមរយៈពេល៤ខែ ឆ្នាំ២០២២នេះ ពោលចាប់ពីខែមករា-ដល់ខែមេសា កម្ពុជាសម្រេចការនាំចេញម្រេចមាន ៣,៨៣៤.៦៧តោន កើនឡើង៧៩.៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម។
របាយការណ៍ដដែលបញ្ជាក់ថា រយៈពេល៤ខែ ឆ្នាំ២០២២នេះ ការនាំចេញម្រេចមានចំនួន ៣,៨៣៤.៦៧តោន បានកើនឡើងចំនួន ៧៩.៣ភាគរយ ក្នុងនោះនាំចេញទៅប្រទេសវៀតណាម ចំនួន៣ ៥៤០.០១តោន, ប្រទេសអាល្លឺម៉ង់ចំនួន ២៥៥.៦០តោន ប្រទេសម៉ាឡេស៊ីចំនួន១៣.៦៤តោន ប្រទេសប៊ែលហ្ស៊ិកចំនួន៨.៨០តោន ប្រទេសបារាំងចំនួន៨.៦១តោន, ឆេកចំនួន២.៣០តោន, ប្រទេសជប៉ុនចំនួន២.០១តោន, ប្រទេសកាណាដាចំនួន១តោន សហរដ្ឋអាមេរិកចំនួន ០.៩២តោន, អង់គ្លេសចំនួន០.៩០តោន, ប្រទេសស៊ុយអ៊ែតចំនួន០.៤៩តោន, ប្រទេសកាហ្សាក់ស្ថានចំនួន០.២៩តោន និងប្រទេសអូស្ត្រាលីចំនួន ០.១០តោន។
ទោះបីជាការប្រមូលផលម្រេចរយៈពេល៤ខែនេះ មានដំណើរការល្អពិតមែន ប៉ុន្ដែអ្នករកស៊ីលើវិស័យនេះ បានបង្ហាញក្ដីព្រួយបារម្ភ ចំពោះបញ្ហាប្រឈមនានា ក្នុងការប្រមូលផលម្រេច ដោយសារតែបញ្ហាភ្លៀងខ្លាំង និងកង្វះកម្លាំងពលកម្ម។
លោក ម៉ាក នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានថ្លែងថា បច្ចុប្បន្ននេះការប្រមូលផលម្រេច កំពុងប្រឈមបញ្ហាមួយចំនួន ដោយសារតែបញ្ហានៃការធ្លាក់ភ្លៀង បូករួមជាមួយនឹងបញ្ហាកង្វះកម្លាំងពលកម្ម ប៉ុន្ដែរហូតមកដល់ពេលនេះ ការប្រមូលផល សម្រេចបាន៧០ភាគរយហើយនៃម្រេចសរុបប្រមាណជាង២ម៉ឺនតោន។
លោកបានបញ្ជាក់ថា «បញ្ហាអាកាសធាតុបានបង្កឲ្យតម្លៃម្រេចនាពេលបច្ចុប្ប្នន្នធ្លាក់ថ្លៃមកត្រឹម ១៣០០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ខណៈការប្រមូលផលអំឡុងខែកុម្ភៈមានតម្លៃ ១៥០០០-១៦០០០រៀលក្នុងមួយគីឡូក្រាម។ ការធ្លាក់ថ្លៃនេះដោយសារតែការប្រមូលផលជាកំហុក ធ្វើឲ្យកសិករប្រមូលម្រេចលក់ច្រើន និងលក់ក្នុងតម្លៃធូរថ្លៃ»។
ទោះជាយ៉ាងនេះក្ដីនេះ លោករំពឹងថាតម្លៃម្រេចនឹងងើបឡើងវិញ ក្នុងអំឡុងខែកញ្ញា-ខែតុលាខាងមុខ ព្រោះជាខែដែលម្រេចមិនសូវសម្បូរ ដូច្នេះការលក់នឹងបានថ្លៃ៕