(ក្រចេះ)៖ ក្រសួងពាណិជ្ជកម្មបានជំរុញឱ្យផលិតករ សិប្បករ ពាណិជ្ជករ សហគ្រិននៅខេត្តក្រចេះ ក៏ដូចជានៅទូទាំងប្រទេស ត្រូវខិតខំបន្ថែមទៀតក្នុងការអភិវឌ្ឍសមត្ថភាពផលិត ការកែច្នៃ-វេចខ្ចប់ផលិតផលរបស់ខ្លួន ឱ្យមានគុណភាព សោភ័ណភាព សុវត្ថិភាព ស្របតាមស្តង់ដា និងត្រូវដាក់ម៉ាកយីហោ ថ្ងៃ-ខែ-ឆ្នាំផលិត និងផុតកំណត់ បិទស្លាកតម្លៃ និងបារកូដផលិតផលឱ្យបានត្រឹមត្រូវ ដើម្បីបង្កើនការនាំចេញទៅបរទេស។
ការជំរុញនេះធ្វើឡើងក្នុងសិក្ខាសិលាប្រឹក្សាយោបល់ស្ដីពីពង្រឹងសមត្ថភាពអ្នកផលិត និងអ្នកកែច្នៃផលិតផលក្នុងការស្វែងរកទីផ្សារក្នុងនិងក្រៅប្រទេស ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម នៅសណ្ឋាគារហ៊ួរបុន្នី ក្រុងក្រចេះ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ដោយមានការចូលរួមពីអភិបាលខេត្តក្រចេះ តំណាងមន្ទីរ អាជ្ញាធរដែនដី សភាពាណិជ្ជកម្មកម្ពុជាខេត្តក្រចេះ ជាពិសេសសមាគម សិប្បករ ផលិតករ ពាណិជ្ជករក្នុងខេត្តក្រចេះ។
សិក្ខាសិលានេះធ្វើឡើងក្នុងគោលបំណងគឺដើម្បីផ្តល់ប្រឹក្សាយោបល់អំពីកិច្ចសម្របសម្រួលក្នុងការបង្កើនផលិតកម្ម និងកែច្នៃប្រកបដោយគុណភាព សុវត្ថិភាព ដោយមានអនាម័យស្តង់ដា សំដៅពង្រីកទីផ្សារនាំចេញ និងដើម្បីបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់ផលិតផលក្នុងស្រុកទូទៅ និងរួមចំណែកកាត់បន្ថយការនាំចូលផលិតផលបរទេស ពង្រឹងសមត្ថភាពអ្នកផលិតឱ្យអភិវឌ្ឍន៍ផលិតផលរបស់ខ្លួនប្រកបដោយស្តង់ដាជាតិនិងអន្តរជាតិ បង្កើនកម្លាំងពលកម្មក្នុងស្រុក និងកាត់បន្ថយការធ្វើចំណាកស្រុក-យល់ដឹងពីនីតិវីធីជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារក្រៅប្រទេស។
លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ បានបញ្ជាក់ថា ក្នុងវិស័យឧស្សាហកម្មមានរោងចក្រកែឆ្នៃម្សៅដំឡងមីចំនួន២កន្លែង មួយកំពុងដំណើរការដែលតម្រូវការដំឡូងមីស្រស់ប្រមាណ១ពាន់តោនក្នុងមួយថ្ងៃ ស្ថិតនៅក្រុងក្រចេះ មួយកន្លែងទៀតកំពុងសាងសង់ និងអាចដំណើរការនៅពេលឆាប់ៗខាងមុខនេះ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុកស្នួល។ វិស័យពាណិជ្ជកម្មមានផ្សារធំៗចំនួន៧កន្លែង និងមូលដ្ឋានអាជីវកម្មពាណិជ្ជកម្មចំនួន១,៨៦១កន្លែង ព្រមទាំងមានក្រុមហ៊ុនកំពុងធ្វើពាណិជ្ជកម្មមានទីតាំងក្នុងខេត្តចំនួន១១៩ក្រុមហ៊ុន សាខាក្រុមហ៊ុនចំនួន៣៨ សហគ្រាសចំនួន១១១ និងមានច្រកសម្រាប់នាំចេញទៅក្រៅប្រទេសចំនួន២ គឺច្រកអន្តរជាតិត្រពាំងស្រែ និងច្រកទ្វេភាគីជ័យឃ្លាំង ស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ។
លោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដា្ឋនជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ បាននិងកំពុងខិតខំធ្វើសមាហរណកម្មសេដ្ឋកិច្ច ជាមួយប្រទេសនានានៅលើពិភពលោក តាមរយៈការចរចាសម្របសម្រួលដោះស្រាយបញ្ហារបាំងពន្ធគយ និងមិនមែនពន្ធគយ ដើម្បីនាំទំនិញកម្ពុជាចេញទៅក្រៅប្រទេសទទួលបានជោគជ័យ។ ជាក់ស្ដែងក្នុងពេលថ្មីៗនេះ ក្រោយពីកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកមម្មកម្ពុជា-កូរ៉េ រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការបានកំណត់យកកសិផលសក្តានុពល១០មុខ ដែលត្រូវជំរុញផលិតកម្ម និងការនាំចេញ ដើម្បីទាញយកផលប្រយោជន៍ឱ្យបានច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។
លោកបន្តថា ផលិតផលទាំង១០មុខនោះ រួមមាន ស្រូវ-អង្ករ ដំឡូងមី ចេក មៀនប៉ៃលិន ស្វាយ ស្វាយចន្ទី សាច់សត្វ ជ័រកៅស៊ូ ម្នាស់ និងម្រេច។ ទន្ទឹមនឹងរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ជំរុញ ការផលិតការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញ ដូច្នេះក្នុងនាមជាផលិតករ សិប្បករ ពាណិជ្ជករ សហគ្រិន ត្រូវខិតខំបន្ថែមទៀតក្នុងការអភិវឌ្ឍសមត្ថភាពផលិត ការកែច្នៃនិងវេចខ្ចប់ផលិតផលរបស់ខ្លួនឱ្យមានគុណភាព សោភ័ណភាព សុវត្ថិភាព ស្របតាមស្តង់ដា និងត្រូវដាក់ម៉ាកយីហោ ថ្ងៃ-ខែ-ឆ្នាំផលិត និងផុតកំណត់ បិទស្លាកតម្លៃ និងបារកូដផលិតផលជាដើម៕