(ភ្នំពេញ)៖ អស់រយៈពេល៣ខែហើយ ដែលកសិករនៅខេត្តកំពត បានប្រមូលផលទុរេន សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ កាលពីឆ្នាំមុន ដោយសារការរឹតត្បិត នៅតាមព្រំដែនធ្វើឱ្យពិបាក ក្នុងការនាំចូលទុរេនពីប្រទេសជិតខាងមកកម្ពុជា ធ្វើឱ្យទុរេនក្នុងស្រុកមានទីផ្សារល្អ។

កសិករមួយចំនួននៅខេត្តកំពតបានឱ្យដឹងថា សម្រាប់ទីផ្សារទុរេនឆ្នាំនេះល្អ ប៉ុន្តែតម្លៃបានធ្លាក់ចុះបន្តិច បើធៀបនឹងឆ្នាំមុន។

អ្នកស្រី ផន ណាសាង ម្ចាស់ចំការទុរេន នៅស្រុកទឹកឈូ ខេត្តកំពត បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែឧសភានេះថា ទិន្នផលទុរេននៅចំការអ្នកស្រីនៅឆ្នាំនេះ ទទួលបានទិន្នផលច្រើនជាងឆ្នាំមុន ប៉ុន្តែតម្លៃវិញធ្លាក់ចុះជាងឆ្នាំមុន ពោលគឺឆ្នាំនេះទុរេនមួយគីឡូលក់តែពី១៦០០០រៀលទៅ១៧០០០រៀលប៉ុណ្ណោះ សម្រាប់ការបោះដុំ ខណៈឆ្នាំមុនអាចលក់បាន ២ម៉ឺនរៀល។

ទុរេនរបស់អ្នកស្រី ផន ណាសាង ភាគច្រើនត្រូវបានចែកចាយទៅឱ្យម៉ូយនៅភ្នំពេញ ត្បូងឃ្មុំ និងខេត្តមួយចំនួនទៀត។ អ្នកស្រីលើកឡើងថា ការធ្លាក់ចុះតម្លៃនេះ ធ្វើឱ្យអ្នកដាំចំណេញបានតិចតួច ដោយតែតម្លៃជីឡើងថ្លៃ និងត្រូវការការថែទាំខ្លាំង។

ម្ចាស់ចម្ការរូបនេះបន្តថា «ទុរេនឆ្នាំមុនយើងបោះដុំគេបានមួយគីឡូក្រាម ២ម៉ឺនរៀល។ ឥឡូវបោះដុំឱ្យគេបានមួយគីឡូ ១៧០០០រៀល ១៦០០០រៀលតាមទីតាំងជិតឆ្ងាយ។ ទាក់ទងនឹងមូលហេតុខ្ញុំមិនប្រាកដច្បាស់លាស់ទេ ប៉ុន្តែតាមខ្ញុំសង្កេតមើល ដោយសារទី១ រាល់ដងទុរេនកំពតផ្លែមុនគេ ដល់ពេលឆ្នាំនេះខេត្តណាក៏មាន ហើយខាងវៀតណាម ថៃក៏មានមក។ អីចឹងឆ្នាំនេះវាធ្លាក់ចុះតម្លៃ សឹងតែដូចតម្លៃទុរេនថៃ និងវៀតណាមហើយ»

លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពត បានឱ្យដឹងថា តម្លៃទុរេនតែងតែប្រែប្រួលនៅខែដើមរដូវ និងចុងរដូវ។ លោកថា ជារៀងរាល់ឆ្នាំនៅក្នុងអំឡុងខែឧសភា តម្លៃទុរេនធ្លាក់ចុះជាងដើមរដូវ ដោយសារតែជារដូវជន់ជោរ ដោយបច្ចុប្បន្ននេះក្នុងមួយគីឡូក្រាមលក់បានត្រឹមតែ២ម៉ឺនរៀល ឬលើសនេះបន្តិច ខណៈដែលការប្រមូលដើមដៃវិញ អាចលក់បានរហូតដល់ជាង៣ម៉ឺនរៀលក្នុងមួយគីឡូ។

លោកបញ្ជាក់បន្ថែមថា «ទុរេនតម្លៃពីមុនផ្សេង ឥឡូវផ្សេងចុះមកត្រឹម២ម៉ឺន ឬលើសពី២ម៉ឺនរៀលតិចតួចតាមប្រភេទវា។ ជារៀងរាល់ឆ្នាំឱ្យតែចុងខែ៥ វាមានស្រុះគ្នា វារៀងជន់ជោរបន្តិច តែបើដើមរដូវថ្លៃមួយគីឡូ៣ម៉ឺនជាង ២ម៉ឺនក្រាស់ជាពិសេសមូនថង បន្ទាប់មកឪខាក់ បន្ទាប់សន្តង់កិត»

លោក តេង វ៉ាន់ធឿន មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពត បានឲ្យដឹងថា ជាទូទៅទុរេនខេត្តកំពត ចាប់ផ្តើមប្រមូលផលបណ្តើរៗពីខែមីនា រហូតដល់ខែកក្កដា ហើយរដូវដែលសំបូរខ្លាំង គឺពីខែឧសភា រហូតដល់ខែមិថុនា។

លោកបានឱ្យដឹងថា នៅដើមរដូវទុរេនកំពតឆ្នាំនេះ អាចលក់បានមធ្យមក្នុងតម្លៃ៣២០០០រៀលក្នុងមួយគីឡូក្រាម សម្រាប់ប្រភេទសន្តង់កិត, ឱខាក់ ៣៥០០០រៀលក្នុងមួយគីឡូក្រាម និងមូនថង ៤០០០០រៀល ក្នុងមួយគីឡូក្រាម។

លោកលើកឡើងថា ស្របពេលដែលមានការបើកទូនៅតាមព្រំដែនប្រទេសជិតខាង ទុរេនកំពតត្រូវប្រកួតប្រជែងខ្លាំងជាមួយទុរេននាំចូលពីថៃ និងវៀតណាម ដែលមានតម្លៃធូថ្លៃជាងទុរេនកំពត។ តែយ៉ាងណា ហាក់មិនប៉ះពាល់ដល់ទីផ្សារទុរេនកំពតខ្លាំងនោះទេ ព្រោះទុរេនក្នុងស្រុកមានគុណភាព និងរសជាតិ ល្អជាង។ លោកបារម្ភថា មានឈ្មួញមួយចំនួនតូចលួចបន្លំទុរេនកំពត លក់ឱ្យអតិថិជន ដែលធ្វើឱ្យខូចកេរ្ត៍ឈ្មោះផលិតផលទុរេនកំពត។

តាមរបាយការណ៍ពីមន្ទីរកសិកម្មខេត្តកំពត បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ ខេត្តកំពតមានផ្ទៃដីទុរេនចំនួន ១០៥៥ហិកតា ថយចុះ៥ហិកតា បើធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន១០៦០ហិកតា។ ក្នុងនោះផ្ទៃដីប្រមូលផលក្នុងឆ្នាំ២០២១ មានចំនួន៨៦៧ហិកតា (ទិន្នផលទទួលបាន ១៥តោន ក្នុងហិកតា) ទទួលបរិមាណផលចំនួន ១៣១៧០តោន។

ដោយឡែកលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឱ្យបណ្តាញព័ត៌មាន Fresh News ដឹងដែរថា សម្រាប់នៅខេត្តត្បូងឃ្មុំវិញ រដូវប្រមូលផលទុរេននឹងចាប់ផ្តើមពីខែមិថុនាទៅ។ លោករំពឹងថាទីផ្សារទុរេនត្បូងឃ្មុំឆ្នាំនេះ នឹងរក្សាបានតម្លៃល្អដូចឆ្នាំមុន បើទោះបីជាមានការនាំចូលទុរេនពីថៃ និងវៀតណាមច្រើន ដែលមានតម្លៃទាបជាងទុរេនក្នុងស្រុកក៏ដោយ។

បើតាមប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំរូបនេះ នៅខេត្តត្បូងឃ្មុំ មានផ្ទៃដីដាំដុះទុរេនប្រមាណ ៦០០ហិកតា តែក្នុងនោះភាគច្រើនជាផ្ទៃដីដាំដុះដំបូង ដោយផ្ទៃប្រមូលផលមានទំហំតិចតួចនៅឡើយ។

លោកបញ្ជាក់ថា បើទោះបីជាឆ្នាំនេះ មានភ្លៀវធ្លាក់ច្រើនក៏ដោយ ប៉ុន្តែផលទុរេននៅក្នុងខេត្តនេះ មិនរងការខូចខាតនោះទេ៕