(ភ្នំពេញ)៖ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) នឹងចាប់ផ្តើមទម្លាក់ឥណទានជាផ្លូវការ ដល់ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ ពីខែមិថុនាខាងមុខនេះ ដើម្បីស្តារវិស័យទេសចរណ៍នៅកម្ពុជា ឱ្យមានសន្ទុះឡើងវិញ និងជួយដោះស្រាយបញ្ហាខ្វះហិរញ្ញប្បទានរបស់ម្ចាស់អាជីវកម្ម ក្នុងវិស័យនេះ។

លោក លីម អូន អគ្គនាយក SME Bank បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា បន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ប្រកាសដាក់ឱ្យអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ មក SME Bank បានកៀរគរគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ដែលមកទល់ពេលមាននេះមានធនាគារ និងហិរញ្ញវត្ថុចំនួនជិត២០ស្ថាប័ន ដោយទទួលថវិកាបដិភាគប្រមាណ១០០លានដុល្លារហើយ បានដាក់ពាក្យចូលរួមអនុវត្តគម្រោងនេះជាមួយ SME Bank សម្រាប់ផ្តល់ឥណទាន ដល់ម្ចាស់អាជីវកម្មវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ ដើម្បីឱ្យពួកគេយកទៅស្តារ និងកែលម្អអាជីវកម្មរបស់ខ្លួនឡើងវិញ។

លោកបានថ្លែងបន្តថា «យើងអត់ទាន់បិទទេ យើងនៅទទួលពាក្យពីពួកគាត់ [ធនាគារ និងហិរញ្ញវត្ថុ] ពីរ បីថ្ងៃទៀត បន្ទាប់មកយើងនឹងរៀបចំចុះជា MOU ជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលចូលរួមទាំងអស់ ហើយទើបប្រកាសអនុវត្តជាផ្លូវការ បានន័យថា ចាប់ផ្តើមផ្តល់កម្ចីដល់បងប្អូនដែលរកស៊ីក្នុង វិស័យទេសចរណ៍ជាផ្លូវការ។ ខ្ញុំសង្ឃឹមថា យើងនឹងប្រកាសអនុវត្តផ្តល់ឥណទានជាផ្លូវការក្នុងខែមិថុនា អាចថា ចាប់ពីពាក់កណ្តាលខែមិថុនាខាងមុខនេះ»

ជាមួយគ្នានេះ លោកបញ្ជាក់ថា បើទោះបីជាទទួលបានថវិកាបដិភាគ ពីបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនច្រើនជាង ១០០លានដុល្លារក៏ដោយ រាជរដ្ឋាភិបាលនឹងនៅតែរក្សាទំហំហិរញ្ញប្បទាន សម្រាប់វិស័យទេសចរណ៍នេះ ចំនួន១៥០លានដុល្លារដដែល ដោយមិនទាន់មានគោលការណ៍ក្នុងដំឡើងនៅឡើយទេ រង់ចាំមើលសន្ទុះនៃការស្នើសុំកម្ចីជាក់ស្តែងសិន។ ប្រសិនបើការអនុវត្តគម្រោងនេះមានការផុលផុស និងមានការគាំទ្រច្រើននោះ SME Bank នឹងពិចារណាស្នើសុំរាជរដ្ឋាភិបាលបន្ថែមទៀត។

សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ បានប្រកាសដាក់ឱ្យអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ក្នុងទំហំហិរញ្ញប្បទាន១៥០លានដុល្លារ ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ៧៥ លានដុល្លារតាមរយៈ SME Bank និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន៧៥លានដុល្លារ។

គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍នេះ គឺផ្តោតសំខាន់លើវិស័យទេសចរណ៍តែមួយប៉ុណ្ណោះ ដែលម្ចាស់អាជីវកម្មក្នុងនេះអាច ស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលជាដៃគូរបស់ SME Bank ក្នុងអត្រាការប្រាក់ អតិបមា ៦.៥ភាគរយ ក្នុងមួយឆ្នាំ និងខ្ចីបានខ្ពស់បំផុតរហូតដល់៤០ម៉ឺនដុល្លារ ហើយអាចខ្ចីបានរហូតដល់៧ឆ្នាំ ហើយអ្វីដែលពិសេសនោះ រយៈពេលអនុគ្រោះនៃការសងត្រឡប់ប្រាក់ដើម មានរហូតដល់១២ខែ៕