(សិង្ហបុរី)៖ ចំណាត់ការរបស់ប្រទេសម៉ាឡេស៊ីក្នុងការហាមឃាត់ការនាំចេញសាច់មាន់ដើម្បីគ្រប់គ្រងកំណើនតម្លៃ និងប្រយុទ្ធប្រឆាំងនឹងកង្វះខាតក្នុងស្រុកបានបង្កឱ្យមានក្តីបារម្ភ ដោយប្រទេសជិតខាងសិង្ហបុរីបានព្រមានអំពីការអាក់ការផ្គត់ផ្គង់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ប្រទេសអាស៊ីអាគ្នេយ៍មួយនេះគឺជាប្រទេសចុងក្រោយបង្អស់ដែលទប់ស្កាត់ការនាំចេញអាហារនៅពេលដែលតម្លៃកើនឡើង បន្ទាប់ពីឥណ្ឌាបានហាមឃាត់ការនាំចេញស្រូវសាលី ហើយឥណ្ឌូនេស៊ីបានបញ្ឈប់ការនាំចេញប្រេងដូងជាបណ្តោះអាសន្ន។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា កាលពីល្ងាចថ្ងៃចន្ទនាយករដ្ឋមន្ត្រីលោក Ismail Sabri Yaakob បានប្រកាសពីការហាមឃាត់ការនាំចេញសាច់មាន់រហូតដល់ ៣,៦លានក្បាលក្នុងមួយខែចាប់ពីថ្ងៃទី១ ខែមិថុនាតទៅ «រហូតដល់តម្លៃ និងការផ្គត់ផ្គង់មានស្ថិរភាព»។

លោកនាយករដ្ឋមន្ត្រីបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «រដ្ឋាភិបាលយកចិត្តទុកដាក់ និងចាត់ទុកបញ្ហាការកើនឡើងតម្លៃ និងការផ្គត់ផ្គង់សាច់មាន់បច្ចុប្បន្ន (ក្នុងកម្រិតទាប) ថាជាបញ្ហាធ្ងន់ធ្ងរ ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់ប្រជាជនម៉ាឡេស៊ី»

ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីមានការត្អូញត្អែរកាន់តែខ្លាំងឡើងនៅក្នុងប្រទេសម៉ាឡេស៊ី ប៉ុន្តែវាបានបង្កឱ្យមានការព្រួយបារម្ភនៅក្នុងប្រទេសសិង្ហបុរី ដែលពឹងផ្អែកភាគច្រើនលើម៉ាឡេស៊ីសម្រាប់ការផ្គត់ផ្គង់ស្បៀងអាហារ។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារអាហារសិង្ហបុរីថា ប្រហែលមួយភាគបីនៃការនាំចូលសាច់មាន់របស់សិង្ហបុរីបានមកពីប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ២០២១។

ទីភ្នាក់ងារនេះបានព្រមានពី «ការអាក់ខានជាបណ្ដោះអាសន្នចំពោះការផ្គត់ផ្គង់សាច់មាន់កក» ប៉ុន្តែបានបន្ថែមថា ពួកខ្លួនកំពុងធ្វើការជាមួយក្រុមហ៊ុននាំចូល ដើម្បីកាត់បន្ថយផលប៉ះពាល់។ ទីភ្នាក់ងារនេះបានឱ្យដឹងទៀតថា៖ «យើងក៏ណែនាំអ្នកប្រើប្រាស់ឱ្យទិញតែអ្វីដែលពួកគេត្រូវការប៉ុណ្ណោះ»

កាសែត CNA បានរាយការណ៍ធា តូបលក់មាន់មួយចំនួននៅទីផ្សារផលិតផលស្រស់ក្នុងប្រទេសសិង្ហបុរីបានព្រមានថា ពួកគេប្រហែលជាត្រូវបិទជាបណ្ដោះអាសន្នដោយសារការហាមឃាត់នេះ។

ម៉ាឡេស៊ីក៏នាំចេញសាច់មាន់ទៅកាន់ទីផ្សារផ្សេងទៀតផងដែរ រួមទាំងប្រទេសថៃ ជប៉ុន និងហុងកុង៕