(បាងកក)៖ ប្រទេសថៃដែលជាប្រទេសនាំចេញស្ករស សាច់មាន់ និងអង្ករដ៏ធំមួយ ទំនងជាទទួលបានអត្ថប្រយោជន៍ជាច្រើនពីការនាំចេញទំនិញកសិកម្មដែលប្រទេសជិតខាងផ្សេងទៀតរបស់ខ្លួនបានដាក់កម្រិតលើការនាំចេញដើម្បីការពារអ្នកប្រើប្រាស់ក្នុងស្រុក។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ប្រទេសម៉ាឡេស៊ីបានហាមឃាត់ការនាំចេញសាច់មាន់ ហើយប្រទេសឥណ្ឌាបានដាក់កម្រិតកំណត់លើការនាំចេញស្ករស។ ការកើនឡើងកិច្ចគាំពារអាហារ និងការឡើងថ្លៃទំនិញគឺជាដំណឹងដ៏ល្អសម្រាប់អ្នកផលិតរបស់ប្រទេសថៃដែលកំពុងរីករាយនឹងការប្រមូលផលបានច្រើននៅឆ្នាំនេះ បន្ទាប់ពីជួបគ្រោះរាំងស្ងួត។

តម្លៃស្បៀងអាហារសកលបានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេលច្រើនឆ្នាំ ដោយសារការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពីជំងឺរាតត្បាត ស្របពេលមានការលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ដែលបានជំរុញឱ្យមានការរាំងស្ទះលំហូរទំនិញកសិកម្ម។

លោក Sirivuthi Siamphakdee នាយកក្រុមហ៊ុន Kaset Thai International Sugar Corp និងជាអតីតអនុប្រធាន ThaiSugar Millers Corp ដែលជាសមាគមឧស្សាហកម្មស្ករសបានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា៖ «ប្រសិនបើសង្រ្គាម និងវិបត្តិការផ្គត់ផ្គង់អាហារនៅតែបន្ត នោះតម្លៃម្ហូបអាហារនឹងនៅតែខ្ពស់ ហើយវានឹងផ្តល់អត្ថប្រយោជន៍ដល់ពួកយើង»

លោកមានប្រសាសន៍ថា៖ «ថៃទំនងជាមិនរងគ្រោះដោយការខ្វះស្បៀងអាហារដូចប្រទេសដទៃទៀតទេ ព្រោះថៃគឺជាផ្ទះបាយពិភពលោក»

យោងតាមកាសែតបាងកកប៉ុស្តិ៍ សមាគមឧស្សាហកម្មស្ករសនេះបានព្យាករថា ការនាំចេញស្កររបស់ថៃនឹងកើនឡើងយ៉ាងហោចណាស់ ៤០% នៅក្នុងរដូវកាលឆ្នាំ២០២១-២០២២។ តម្លៃទំនិញអន្តរជាតិបានកើនឡើងប្រហែល ២៥% ក្នុងឆ្នាំកន្លងទៅ ហើយការចាត់វិធានការដាក់កម្រិតការនាំចេញស្ករសរបស់ឥណ្ឌាអាចផ្តល់នូវកត្តាជំរុញបន្ថែមទៀតដល់ការនាំចេញរបស់ថៃ។

ការនាំចេញអង្កររបស់ប្រទេសដៃ ដែលជាទំនិញកសិកម្មនាំចេញធំបំផុតរបស់ប្រទេសថៃត្រូវបានព្យាករដោយរដ្ឋាភិបាលថៃថានឹងឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ឆ្នាំគឺយ៉ាងហោចណាស់ ៨លានតោននៅឆ្នាំនេះ។

សាច់មាន់គឺជាទំនិញដែលរកប្រាក់ចំណូលបានច្រើនជាងគេទីពីរក្នុងការនាំចេញអាហាររបស់ប្រទេសថៃបន្ទាប់ពីទំនិញអង្ករ ហើយការហាមឃាត់របស់ម៉ាឡេស៊ីគួរតែជាអត្ថប្រយោជន៍សម្រាប់ប្រទេសថៃ។ សមាគមអ្នកនាំចេញសាច់មាន់ថៃកំពុងប៉ាន់ប្រមាណថា ការនាំចេញនឹងកើនឡើងដល់ ៩៥០ ០០០តោននៅឆ្នាំនេះពី ៩៣០ ០០០តោនក្នុងឆ្នាំ២០២១៕