(ភ្នំពេញ)៖ «គម្រោងសហហិរញ្ញប្បទានស្តារនិងជំរុញកំណើនក្នុងវិស័យទេសចរណ៍» ដែលមានទំហំហិរញ្ញប្បទានសរុប១៥០លានដុល្លារនោះ គឺផ្ដល់កម្ចីសម្រាប់តែមូលដ្ឋានអាជីវកម្ម ក្នុងវិស័យគោលដៅ៤ប៉ុណ្ណោះ ខណៈនីតិវិធី និងលក្ខខណ្ឌតម្រូវផ្សេងៗ គឺខុសគ្នាទៅតាមធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនីមួយៗដែលជាដៃគូរបស់រដ្ឋ។
ការបញ្ជាក់នេះធ្វើឡើងក្នុងពិធីផ្សព្វផ្សាយអំពីនីតិវិធី និងលក្ខខណ្ឌកម្ចីក្នុងគម្រោងសហហិរញ្ញប្បទាន ដើម្បីស្ដារអាជីវកម្មក្នុងវិស័យទេសចរណ៍ឡើងវិញ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ដែលរៀបចំដោយក្រសួងទេសចរណ៍ និងធនាគារសហគ្រាសតូច និងមធ្យមកម្ពុជា (SME Bank)។ ការផ្សព្វផ្សាយដ៏សំខាន់នេះ គឺដើម្បីបញ្ជ្រាបព័ត៌មានបន្ថែមដល់សមាគមពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ រដ្ឋបាលរាជធានី-ខេត្ត ក៏ដូចជាស្ថាប័នសាជីវកម្ម ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាដៃគូរបស់ធនាគារ SME ផងដែរ។
គួរជម្រាបថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុបានប្រកាសដាក់ឱ្យអនុវត្ត «គម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍» ក្នុងទំហំហិរញ្ញប្បទានសរុប១៥០លានដុល្លារ ដែលបានមកពីបដិភាគរបស់រាជរដ្ឋាភិបាលចំនួន៧៥លានដុល្លារ តាមរយៈធនាគារ SME និងបានពីធនាគារ-គ្រឹះស្ថានហិរញ្ញវត្ថុ (PFIs) ចំនួន៧៥លានដុល្លារទៀត។
លោក សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធាននៃអនុក្រុមការងារគាំពារសហគ្រាសនិងការងារក្នុងវិស័យទេសចរណ៍ បានឱ្យដឹងថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីមួយចំនួន ដើម្បីទ្រទ្រង់វិស័យអាទិភាពសំខាន់ៗ ដូចជា កសិកម្ម កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ កម្មន្តសាល គ្រឿងបង្គុំ និងទេសចរណ៍ជាដើម សរុបទំហំទឹកប្រាក់៣៤០លានដុល្លារ។ ដោយសារវិសាលភាពនៃកម្ចីត្រូវបានគ្រប់ដណ្តប់ច្រើនវិស័យ ធ្វើឱ្យវិស័យទេសចរណ៍ត្រូវបានផ្តល់អាទិភាពតិចជាងគេក្នុងការទទួលបានកម្ចីក្នុងកម្មវិធី SCFS ទាំងពីរជំហាខាងលើ។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍១៥០លានដុល្លារ ដែលផ្តល់អាទិភាពលើវិស័យទេសចរណ៍ទាំងស្រុង។
ជាមួយគ្នានោះ លោកស្រី នៅ សុធារី នាយិកាគម្រោងឥណទាននៃធនាគារ SME ក៏បានឱ្យដឹងដែរថា «វិស័យគោលដៅដែលនឹងទទួលបានកម្ចីពីគម្រោងសហហិរញ្ញប្បទាននេះ រួមមាន សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន, អាជីវកម្មដែលផ្គត់ផ្គង់ផលិតផល-សេវាកម្មគាំទ្រឱ្យវិស័យទេសចរណ៍ ដូចជា វត្ថុអនុស្សាវរីយ៍ ម៉ាស្សា ដឹកជញ្ជូនអ្នកទេសចរជាដើម»។
លោកស្រីនាយិកាគម្រោងបានបន្តទៀតថា ការផ្ដល់កម្ចីក្នុងគម្រោងសហហិរញ្ញប្បទាននេះ គឺសម្រាប់តែម្ចាស់អាជីវកម្មទេសចរណ៍ ដែលមានបំណងជួសជុលកែលម្អទីតាំងអាជីវកម្មទេសចរណ៍របស់ខ្លួន ដើម្បីបើកដំណើរការអាជីវកម្មចាស់ៗទាំងនោះឡើងវិញ ឬក៏ធ្វើទំនើបកម្ម-ពិពិធកម្មសេវាកម្មនិងផលិតផលទេសចរណ៍នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ សំដៅត្រៀមខ្លួនទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិឡើងវិញ ក្នុងពេលនិងបន្ទាប់ពីវិបត្តិកូវីដ១៩។ «គម្រោងសហហិរញ្ញប្បទាននេះមិនមែនសម្រាប់ចាប់ផ្ដើមអាជីវកម្មថ្មី ឬក៏ដើម្បីបង្កើតសាខាថ្មីនោះទេ គឺសម្រាប់តែអាជីវកម្មចាស់ដែលបានទទួលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដប៉ុណ្ណោះ» ការបញ្ជាក់បន្ថែមរបស់លោកស្រី នៅ សុធារី។
លោកស្រីបានលើកឡើងអំពីលក្ខណៈពិសេសរបស់គម្រោងសហហិរញ្ញប្បទាននេះដែរថា ម្ចាស់មូលដ្ឋានអាជីវកម្មនីមួយៗអាចខ្ចីបានរហូតដល់៤០ម៉ឺនដុល្លារ ជាមួយអត្រាការប្រាក់ពិសេស៦.៥%ក្នុងមួយឆ្នាំ (ទាបបំផុត) ក្នុងនោះរយៈពេលនៃការខ្ចីមានរហូតដល់៧ឆ្នាំ ទាំងកម្ចីមានកាលកំណត់ និងបង់រម្លស់។ ម្ចាស់មូលដ្ឋានអាជីវកម្មអាចយកប្រាក់កម្ចីនេះទៅប្រើប្រាស់ជាការចំណាយមូលធន ឬជាទុនបង្វិលក្នុងអាជីវកម្មក៏បាន។
លោកស្រី នៅ សុធារី បានបញ្ជាក់ទៀតថា ការសងត្រលប់ឥណទាននេះក៏មានការផ្ដល់ជូនពិសេសផងដែរ ម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍អាចមានសិទ្ធិបង់តែការប្រាក់ក្នុងរយៈពេលអនុគ្រោះ៣ខែ ឬ៦ខែ ឬរហូតដល់១២ខែដំបូង មានន័យថា ប្រសិនបើម្ចាស់អាជីវកម្មស្នើសុំការអនុគ្រោះបាន១២ខែ ហើយត្រូវបង់ការប្រាក់ក្នុងមួយឆ្នាំចំនួន២០០ដុល្លារ ដូច្នេះ១ឆ្នាំដំបូងគាត់បង់ត្រឹមតែ២០០ដុល្លារប៉ុណ្ណោះ ដោយមិនភ្ជាប់ជាមួយការរម្លស់ប្រាក់ដើមឡើយ ចាំដល់ពេលឆ្នាំបន្ទាប់ទើបគាត់ត្រូវបង់ការប្រាក់ភ្ជាប់ជាមួយរម្លស់ប្រាក់ដើម។
លោកស្រីបានបន្តថា ការស្នើកម្ចី គឺធ្វើឡើងតាមរយៈធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាដៃគូរបស់ SME Bank ដូច្នេះម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទៅសាកសួរព័ត៌មានលម្អិតជាមួយភ្នាក់ងារធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដោយខ្លួនឯង ពីព្រោះនីតិវិធី និងលក្ខខណ្ឌតែងខុសគ្នាខ្លះនៅតាមស្ថាប័នទាំងនោះ។
ចំពោះនីតិវិធី និងលក្ខខណ្ឌចម្បងសម្រាប់ការស្នើកម្ចីពីគម្រោងសហហិរញ្ញប្បទាននេះ គឺមាន៣ចំណុចសំខាន់ៗ៖
១៖ ការតម្កល់ទ្រព្យបញ្ចាំ ដូចជា ផ្ទះ ដី ឬចលនទ្រព្យផ្សេងទៀត ដោយមានការចុះវាយតម្លៃពីសំណាក់ភ្នាក់ងារជំនាញ។ ធនាគារខ្លះគេតម្រូវឱ្យមានទ្រព្យបញ្ចាំចាប់ពី៥០ ឬ៦០ ឬរហូតដល់៨០ភាគរយនៃទំហំប្រាក់កម្ចី ហើយអត្រាការប្រាក់ក៏មានការបន្ធូរបន្ថយទៅតាមលក្ខខណ្ឌហានិភ័យផងដែរ។ ប្រសិនបើម្ចាស់មូលដ្ឋានអាជីវកម្មខ្លះគ្មានទ្រព្យបញ្ចាំនោះទេ ពួកគេអាចទៅរកសាជីវកម្មធានាឥណទានបាន ដើម្បីឱ្យសាជីវកម្មផ្ដល់ការធានាទៅកាន់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មុននឹងយល់ព្រមផ្ដល់កម្ចី។
២៖ លទ្ធភាពនៃការសង គឺមានការពិនិត្យទៅលើរបាយការណ៍ហិរញ្ញវត្ថុ ចំណូល-ចំណាយប្រចាំខែ ប្រចាំឆ្នាំ ដើម្បីវាយតម្លៃពីលទ្ធភាពថាអាចសងទៅកាន់ធនាគារវិញបានឬអត់ ឬសងបានក្នុងកម្រិតណា។
៣៖ គោលបំណងនៃការខ្ចី ថាតើការខ្ចីនោះក្នុងគោលបំណងស្ដារអាជីវកម្មទេសចរណ៍ ឬយកទៅធ្វើអ្វីផ្សេងទៀត? ពីព្រោះការផ្ដល់កម្ចីឥណទាននេះគឺសម្រាប់ការជួសជុល កែលម្អទីតាំងអាជីវកម្មចាស់ ឬស្ដារអាជីវកម្មចាស់ដែលបានទទួលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដប៉ុណ្ណោះ។
លោកស្រី នៅ សុធារី បានបញ្ជាក់ថា «ជាគោលការណ៍ ប្រសិនបើម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ណាស្នើកម្ចីមុន នឹងទទួលបានកម្ចីពីគម្រោងសហហិរញ្ញប្បទាននេះមុន នៅពេលធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយល់ព្រម មានន័យថា អ្នកទៅមុន ទទួលបានកម្ចីមុន»។
លោក ធួន ស៉ីណាន ប្រធានសមាគមទេសចរណ៍អាស៉ីប៉ាស៉ីហ្វិកកម្ពុជា (PATA-CC) បានលើកឡើងថា សមាជិកខ្លះរបស់ PATA គឺពួកគាត់បានបិទអាជីវកម្ម១ឆ្នាំ ឬ២ឆ្នាំមកហើយ ហើយក៏គ្មានរបាយការណ៍ហិរញ្ញវត្ថុដែរ ពីព្រោះអ្វីៗទាំងអស់ត្រូវបានបិទ សល់តែអគារ ឬសំណង់ដែលមិនមានសកម្មភាពអាជីវកម្ម ដូច្នេះពួកគេមិនមានរបាយការណ៍ហិរញ្ញវត្ថុឯណាយកទៅសម្អាងជូនធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាដៃគូធនគារ SME បាននោះទេ។
លោក ស៉ីណាន ក៏បានចោទសួរអំពីដំណោះស្រាយ ដើម្បីទទួលបានកម្ចីដូចគេ។ ត្រង់ចំណុនេះ លោកស្រី នៅ សុធារី បានបំភ្លឺយ៉ាងដូច្នេះថា ពិតណាស់ថា ម្ចាស់អាជីវកម្មនីមួយៗដែលចង់ខ្ចីប្រាក់ពីគម្រោងសហហិរញ្ញប្បទាននេះ ត្រូវមានរបាយការណ៍ហិរញ្ញវត្ថុ ប៉ុន្តែក្នុងករណីអាជីវកម្មរបស់ពួកគេត្រូវបានបិទយូរហើយមកនោះ គឺមានវិធីផ្សេងតាមរយៈការរៀបចំផែនការអាជីវកម្មនាពេលអនាគតឱ្យបានច្បាស់លាស់ ហើយម្យ៉ាងទៀតពួកគេក៏អាចយករបាយការណ៍អាជីវកម្មផ្សេងទៀតមកបង្ហាញជំនួសបានដែរ (ប្រសិនបើមានអាជីវកម្មផ្សេង ដែលមិនមែនជាអាជីវកម្មទេសចរណ៍) ដើម្បីបង្ហាញអំពីលទ្ធភាពនៃការសងត្រលប់។ ប៉ុន្តែទោះជាយ៉ាងណា ក៏អាស្រ័យទៅតាមធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនីមួយៗដែរ, នេះបើតាមការបន្ថែមរបស់តំណាងធនាគារ SME។
បើតាមលោក សុង តុងហាប់ តាមការសង្កេតរបស់ក្រសួងទេសចរណ៍ កន្លងមក អាជីវកម្មទេសចរណ៍ជិត៩៧%មានបញ្ហាលំហូរសាច់ប្រាក់ និងកង្វះខាតហិរញប្បទានសម្រាប់ជួសជុល និងដំណើរការអាជីវកម្មឡើងវិញ ខណៈការប្រមើលមើលនៅភាពមិនច្បាស់លាស់នៃនិន្នាការទេសចរណ៍តំបន់និងសកលលោក។ អាជីវកម្មដែលបើកដំណើរការបច្ចុប្បន្នភាគច្រើនជាអាជីវកម្មកម្រិតខ្ពស់ និងមធ្យមសម្រាប់ទទួលភ្ញៀវទេសចរដែលមានការចំណាយខ្ពស់ និងដោយទទួលហិរញ្ញប្បទានពីអាជីវកម្មមេនៅបរទេសដែលបញ្ហានេះបង្កជាកង្វល់ដល់ការងើបឡើងវិញនៃអាជីវកម្មធនតូច និងមធ្យមរបស់កម្ពុជា។
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ មានទីតាំងអាជីវកម្មទេសចរណ៍ចំនួន១,៤២៨ទីតាំងកំពុងបន្តបិទ/ព្យួរនៅឡើយ។ ទោះជាយ៉ាងនេះក្តី បើធ្វើការប្រៀបធៀបនឹងខែមិថុនា ឆ្នាំ២០២១ (ដែលជាដំណាក់កាលធ្ងន់ធ្ងរសម្រាប់អាជីវកម្ម) មានអាជីវកម្មទេសចរណ៍ចំនួន១,៧៤៩ទីតាំង បានបើកដំណើរការឡើងវិញ ស្មើនឹង៥៥%នៃអាជីវកម្មដែលបិទផ្អាកកន្លងមក។
លោក ឈុន មករា ប្រធាននាយកដ្ឋាននៃក្រសួងទេសចរណ៍ បានឱ្យដឹងបន្ថែមថា ការអនុវត្តកម្មវិធីស្ដារ និងជំរុញកំណើនវិស័យទេសចរណ៍ទាំងនេះ គឺស្របទៅនឹងគោលនយោបាយជំរុញចលនាទេសចរផ្ទៃក្នុងរបស់រាជរដ្ឋាភិបាល ក៏ដូចជាការជួយឱ្យអាជីវកម្មក្នុងវិស័យទេសចរណ៍ឡើងវិញ និងដើម្បីទទួលភ្ញៀវទេសចរឡើងវិញដែរ បន្ទាប់ពីរងនូវវិបត្តិជំកូវីដ១៩៕