(ភ្នំពេញ)៖ គិតមកដល់ពេលនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអនុម័តផ្តល់កម្ចីដល់ម្ចាស់អាជីវកម្ម និងម្ចាស់សហគ្រាស ក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្មចំនួន១០លានដុល្លារហើយ ក្នុងចំណោមមូលនិធិចំនួន៥០លានដុល្លារ ក្នុងដំណាក់ទី២ របស់រាជរដ្ឋាភិបាល ដែលផ្តល់ជូនធនាគារ ARDB សម្រាប់ឆ្នាំ២០២២នេះ។

លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក ARDB បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះថា ក្នុងចំណោមមូលនិធិចំនួន៥០លានដុល្លារ ក្នុងដំណាក់ទី២ របស់រាជរដ្ឋាភិបាល ផ្តល់ជូនធនាគារ ARDB សម្រាប់ឆ្នាំ២០២២នេះ ធនាគារបានផ្តល់កម្ចីដល់ម្ចាស់សហគ្រាស សិប្បកម្ម ឬអ្នកប្រកបរបរក្នុងវិស័យកសិកម្ម និងកែច្នៃ ប្រមាណជាង១០០នាក់ និងស្ថាប័ន ក្នុងទំហំទឹកជាង១០លានដុល្លារ និងកំពុងបន្តពិនិត្យ វាយតម្លៃ ទៅសំណើកម្ចី ៩៧ផ្សេងទៀត ក្នុងទំហំទឹកប្រាក់៨លានដុល្លារ ។

លោកបន្តថា ដោយឡែកកម្មវិធីចែករំលែកហានិភ័យឥណទានដែល ARDB សហការជាមួយធនាគារអេស៊ីដា ក៏កំពុងដំណើរការទៅមុខ ដោយមានអ្នកដាក់ពាក្យស្នើសុំកម្ចីជាបន្តបន្ទាប់។

លោកបានគូសបញ្ជាក់បន្តថា «យើងបន្តអនុវត្តផ្តល់ឥណទាននេះ ទៅតំបន់ដែលដាច់ស្រយាលតូចៗ ដែលខ្ញុំបានចុះទៅដល់ខេត្តឆ្ងាយៗដូចជា ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កោះកុង ជាដើម ដើម្បីឱ្យទទួលបានផលប្រយោជន៍ ពីការដាក់ចេញនូវគោលនយោបាយហិរញ្ញប្បទាននេះ ឱ្យបានគ្រប់គ្នាជាបន្តបន្ទាប់»

លោកថា សម្រាប់អ្នកដែលទទួលកម្ចី គឺបានយកទៅប្រើប្រាស់ ដោយមានប្រសិទ្ធភាព។

សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបន្ថែមមូលនិធិចំនួន ១០០លានដុល្លារ ក្នុងនោះ៥០លានដុល្លារសម្រាប់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និង៥០លានដុល្លារ សម្រាប់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីផ្តល់ការគាំទ្របន្ថែម ដល់វិស័យសហគ្រាស ធុនតូច និងមធ្យមកម្ពុជា ក្នុងវិស័យកសិកម្ម និងវិស័យកសិឧស្សាហកម្ម។

មូលនិធិចំនួន៥០លានដុល្លារបន្ថែម ក្នុងដំណាក់ទី២ សម្រាប់ឆ្នាំ២០២២ ធនាគារ ARDB បានចាប់ផ្តើមផ្តល់ឥណទានដល់ សហគ្រាស សិប្បកម្ម និងអ្នកកែច្នៃ តាំងពីខែកុម្ភៈ ឆ្នាំ២០២២មកក្នុងអត្រាការប្រាក់ទាប៥% សម្រាប់ទុនបង្វិល និង៥.៥%សម្រាប់ទុនវិនិយោគ។ ធនាគារនេះបាន និងកំពុងបន្តផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេសនេះ ជាបន្តបន្ទាប់ដល់សហគមន៍កសិកម្ម កសិករ និងម្ចាស់អាជីវកម្ម ដើម្បីលើកស្ទួយការចិញ្ចឹមសត្វ ការធ្វើវារីវប្បកម្ម ការដាំដុះបន្លែផ្លែឈើ និងការកែច្នៃផលិតកសិកម្ម ៕