(ប៉េកាំង)៖ នាយករដ្ឋមន្ត្រីចិនលោក លី កឺឈាំង (Li Keqiang) បានចេញការព្រមានយ៉ាងខ្លាំងខុសពីធម្មតាអំពីសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ ដោយនិយាយថា ចិនត្រូវតែវិលមករកប្រក្រតីភាពវិញ ខណៈពេលដែលយុទ្ធសាស្ត្រគ្មានជំងឺកូវីដ-១៩ របស់ប្រទេសនេះប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ចិនគឺជាប្រទេសធំបំផុតចុងក្រោយគេ ដែលបានប្រកាន់ខ្ជាប់ទៅនឹងគោលនយោបាយធ្វើតេស្តជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំ និងការបិទខ្ទប់យ៉ាងឆាប់រហ័សដើម្បីលុបបំបាត់ការឆ្លងសហគមន៍ ប៉ុន្តែការទប់ស្កាត់ដ៏តឹងរ៉ឹងនេះបានបំផ្លាញអាជីវកម្ម និងក្រុមហ៊ុនផ្សេងៗ។

ការរឹតត្បិតលើទីក្រុងរាប់សិបក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រួមទាំងទីក្រុងហ្សិនចិន និងទីក្រុងស៊ាងហៃ ដែលជាមជ្ឈមណ្ឌលផលិតកម្ម និងទីក្រុងជីលីនផងដែរនោះ បានធ្វើឱ្យខ្សែចង្វាក់ផ្គត់ផ្គង់មានភាពច្របូកច្របល់និងបានដាក់បន្ទុកលើសូចនាករសេដ្ឋកិច្ចឱ្យធ្លាក់ដល់កម្រិតទាបបំផុតក្នុងរយៈពេលប្រហែល ២ឆ្នាំ។

យោងតាមការសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP លោកនាយករដ្ឋមន្ត្រី Li Keqiang បានថ្លែងទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សារដ្ឋចិនដែលជាគណៈរដ្ឋមន្ត្រីចិនកាលពីថ្ងៃពុធថា តាមរបៀបមួយចំនួន បញ្ហាប្រឈមឥឡូវនេះគឺ «ធំជាងពេលដែលជំងឺកំពុងរាតត្បាតខ្លាំងក្នុងឆ្នាំ២០២០ទៅទៀត»

លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «បច្ចុប្បន្នយើងកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយក្នុងការកំណត់និន្នាការសេដ្ឋកិច្ចក្នុងឆ្នាំទាំងមូល។ យើងត្រូវតែចាប់យកឱកាស ហើយព្យាយាមនាំសេដ្ឋកិច្ចត្រឡប់មករកផ្លូវធម្មតាវិញ»

ការថ្លែងរបស់លោក Li គឺជាការអំពាវនាវចុងក្រោយបង្អស់របស់មន្ត្រី និងអ្នកដឹកនាំអាជីវកម្មនានា ដើម្បីឱ្យមានតុល្យភាពបន្ថែមទៀតរវាងការចាត់វិធានការបញ្ឈប់ការឆ្លងមេរោគ និងការជួយដល់សេដ្ឋកិច្ចដែលកំពុងជួបបញ្ហា។

ការលក់រាយនៅប្រទេសចិនក្នុងខែមេសាបានធ្លាក់ចុះ ១១,១% ធៀបនឹងខែមេសាឆ្នាំមុន ខណៈដែលទិន្នផលរោងចក្រធ្លាក់ចុះ ២,៩% ដែលជាការបង្ហាញដ៏អាក្រក់បំផុតចាប់តាំងពីថ្ងៃដំបូងដែលកើតមានវិបត្តិជំងឺកូវីដ។

អត្រាអ្នកអត់ការងារធ្វើក្នុងទីក្រុងបានវិលត្រលប់ទៅដល់ចំណុចខ្ពស់បំផុតដែលធ្លាក់កើតមានកាលពីខែកុម្ភៈ ឆ្នាំ២០២០ ដែលជាបញ្ហាប្រឈមក្នុងការសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំរបស់អ្នកបង្កើតគោលនយោបាយដែលកំណត់ ៥,៥%។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕