(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៧ ខែឧសភានេះ បានចេញសេចក្តីជូនដំណឹង ដល់ម្ចាស់យានយន្តគ្រប់ប្រភេទ លើ ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២ ដែលនឹងត្រូវដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh Newsទទួលបាននៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា ម្ចាស់យានយន្តគ្រប់ប្រភេទត្រូវដាក់លិខិតប្រកាស ឬយកមកជាមួយនូវប័ណ្ណសម្គាល់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ និងធ្វើការបង់ពន្ធនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា ក.អ ឬនៅធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅធនាគារវឌ្ឍនៈ ឬនៅធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី ឬនៅធនាគារជេ ត្រាស់ រ៉ូយ៉ាល់ឬនៅធនាគារស្ថាបនា ភីអិលស៊ីឬនៅធនាគារប្រៃសណីយ៍កម្ពុជា ក.អ ឬនៅធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ឬនៅធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ឬនៅតាមធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬអាចបង់តាមរយៈកម្មវិធី«GDT Taxpayer App» ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬPlay Store ចំពោះ Android សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទកន្លងមក។

ដោយឡែក យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបតបង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ)។ ចំពោះយានយន្តរបស់ក្រសួង-ស្ថាប័ន ឬអង្គភាពដែលត្រូវទទួលបានលតាបត្រពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ( ពន្ធជាបន្ទុករបស់រដ្ឋ ឬបង់តាមអាណត្តិបើកប្រាក់) ត្រូវភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយានយន្តទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

អគ្គនាយកដ្ឋានពន្ធដារបានគូសបញ្ជាក់ទៀតថា ចំពោះយានយន្តឯកជនជ្រកក្រោមផ្លាកលេខ រដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ពុំអនុញ្ញាតឱ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២នេះទេ។ ម្ចាស់យានយន្តទាំងនេះអាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២ បានលុះត្រាតែបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីគយ និងចុះបញ្ជីយានយន្តនៅក្រសួងសាធារណការនិងដឹកជញ្ជូន ឱ្យបានរួចរាល់ជាមុនសិន។

អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ និងធ្វើការពិន័យចំពោះម្ចាស់យានយន្តទាំងឡាយណាដែលមិនទាន់បានប្រកាសបង់ពន្ធ
ក្នុងឆ្នាំកន្លងមក តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ តទៅ។

អគ្គនាយកដ្ឋានពន្ធដារ មានជំនឿយ៉ាងមុតមាំថា ម្ចាស់យានយន្តគ្រប់ប្រភេទ នឹងរួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធតាមទីកន្លែង និងពេលវេលាដូចបានកំណត់ខាងលើកុំបីខាន ៕