(កំពង់ស្ពឺ)៖ ក្រុមហ៊ុនវិនិយោគលើការដាំដំណាំដំឡូងមី និងកែច្នៃដំឡូងមីស្រស់ដ៏ធំមួយនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋ អ្នកម៉ៅការ ក៏ដូចជាក្រុមហ៊ុនម៉ៅការនានា ដែលមានបំណងដាំដុះ និងប្រមូលផលដំឡូងមី ឲ្យមកសហការដាំដុះដំណាំដំឡូងមី និងដំណាំដ៏ទៃទៀតគ្រប់ប្រភេទនៅលើផ្ទៃដីជិត១ម៉ឺនហិកតារបស់ក្រុមហ៊ុន ដើម្បីបង្កើនទិន្នផល និងមានទទួលទិញដំឡូងមីស្រស់ពីកសិករក្នុងតម្លៃខ្ពស់ ក៏ដូចជាការនាំចេញទៅទាំងនៅក្នុងស្រុក និងក្រៅប្រទេសផងដែរ។

ក្រុមហ៊ុនថា ប្រសិនបើបងប្អូនខ្លះដែលមានបំណងចង់ធ្វើការសាកល្បងក្នុងដាំដុះនៅលើផ្ទៃដីក្រុមហ៊ុន ប៉ុន្តែមិនមានបច្ចេកទេសគ្រប់គ្រាន់ ក្រុមហ៊ុនក៏មានក្រុមការងារបច្ចេកទេស សម្រាប់ជួយផ្ដល់ការប្រឹកក្សាក្នុងការដាំដុះ ដោយឡែកទិន្នផលដំឡូងមីស្រស់ទាំងអស់ក្រុមហ៊ុន នឹងមានការប្រមូលទិញមកវិញទៅតាមតម្លៃ ដែលបានធ្វើការព្រមព្រៀងជាមួយគ្នានៅក្នុងកុងត្រាដោយមានការ ចុះហត្ថលេខាជាមុន មុននឹងធ្វើការដាំដុះ ដូចនេះប្រជាពលរដ្ឋមិនចាំបាច់ព្រួយបារម្ភថា ដល់ពេលដែលប្រមូលផលហើយមិនមានទីផ្សាលក់ចេញនោះឡើយ។

នៅក្នុងបទសម្ភាសន៍ជាមួយភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នាយកគ្រប់គ្រងក្រុមហ៊ុន អេច អិល អេច ខេមបូឌា ខូអិលធីឌី (HLH Agrieulture (Cambodia) Co.,Ltd) ដែលវិនិយោគលើដំណាំដំឡូងមីរូបនេះ បានលើកឡើងថា បច្ចុប្បន្នក្រុមហ៊ុនបានវិនិយោគ លើផ្ទៃដី១ម៉ឺនហិចតា ដោយមានរោងចក្រកែច្នៃដំឡូងមីស្រស់ផងដែរ ហើយបានធ្វើការដាំដុះ ដំឡូងមីនៅលើផ្ទៃដីប្រម៉ាណជាង ៥០% នៃផ្ទៃដីសរុបរួចទៅហើយ ដូច្នេះក្រុហ៊ុនមានបំណងស្វែងរកដៃគូសហការបន្ថែម សម្រាប់ពង្រីកការដាំដុះ បន្ថែមទៀតនៅលើផ្ទៃដីដែលនៅសល់។

លោកនាយកបានបន្តថា ចំពោះការងារដាំដុះរបស់ក្រុមហ៊ុន គឺមានក្រុមការងារបច្ចេកទេសផ្តល់ការណែនាំ និងមានគ្រឿងចក្រគ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ ដល់ដៃគូសហការដាំដុះជាមួយក្រុមហ៊ុនដោយផ្តល់ឲ្យ ក្នុងតម្លៃសមរម្យសម្រាប់ ជួយក្នុងការងារដាំដុះក្នុងនោះមិនមែនតម្រូវឲ្យដៃតែដំណាំដំឡូងមីតែមួយមុខនោះទេ រាល់ដៃគូសហការទាំងអស់មានសិទ្ធិអាចសិក្សា និងជ្រើសដំណាំផ្សេងទៀតមកដាំដុះក៏បានឧទាហរណ៍ ដូចជា៖ ស្វាយចន្ទី ស្វាយកែវរមៀត ដំឡូងជ្វា ចេក ពោត ។ល។ រាល់ដំណាំផ្សេងៗ ក្រៅពីដំឡូងមីដែលដៃគូសហការទាំងអស់មានបំណងធ្វើការដាំដុះនៅលើផ្ទៃដីរបស់ក្រុមហ៊ុន នឹងមានកិច្ចចរចារព្រមព្រៀងគ្នាក្នុងការបង្កើតជាកិច្ចសន្យារួមមួយជាមុន។

នាយកគ្រប់គ្រងក្រុមហ៊ុន អេច អិល អេច ខេមបូឌា ខូអិលធីឌី បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនក៏កំពុងស្វែងរកអ្នកម៉ៅការ ឬក្រុមហ៊ុនម៉ៅការបន្ថែមទៀត សម្រាប់ម៉ៅការធ្វើការងារដាំដុះឬប្រមូលផលបន្តពីក្រុមហ៊ុន ដោយរាល់ការងារទាំងអស់ដែលបានទទួលពីក្រុមហ៊ុន នឹងមានក្រុមបច្ចេកទេសរបស់ក្រុមហ៊ុនចុះពិនិត្យនិងធ្វើការណែនាំយ៉ាងយកចិត្តទុកដាក់។

សូមបញ្ជាក់ថា ក្រុមហ៊ុន អេច អិល អេច ខេមបូឌា ខូអិលធីឌី បានទទួលសិទ្ធិអភិវឌ្ឍនលើ ដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកម្ពុជាដោយមានផ្ទៃដីប្រមាណ១ម៉ឺនហិចតា ដែលមានរយៈពេលវែង ហើយបច្ចុប្បន្នក្រុមហ៊ុន បានកំពុងដាំដុះ ដំណាំដំឡូងមីនៅលើផ្ទៃដីប្រមាណជាង៥០%រួចទៅហើយ ដោយឡែកសម្រាប់ផ្ទៃដីដែលនៅសល់ក្រុមហ៊ុនមានបំណងស្វែងរកការសហការពី គ្រប់មជ្ឈដ្ឋាន ដូចច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋ អ្នកម៉ៅការក៏ដូចជា ក្រុមហ៊ុនម៉ៅការណា ដែលមានបំណងចង់វិនិយោគលើដំណាំដំឡូងមីឬដំ ណាំផ្សេងៗទៀតសូមអញ្ជើញចូលមកធ្វើការសហការគ្នា ដើម្បីពង្រីកការដាំដុះបន្ថែមជាមួយក្រុមហ៊ុន៕