(ក្រុងឡុងដ៍)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា ខ្លួនកំពុងពិភាក្សាជាមួយអាជ្ញាធររបស់ប្រទេសស្រីលង្កាអំពីកញ្ចប់កម្មវិធីមួយដែលនឹងស្តារស្ថិរភាពសេដ្ឋកិច្ច និងនិរន្តរភាពបំណុល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

យោងតាមសេចក្តីថ្លែងការណ៍របស់មូលនិធិ IMF ដែលចេញផ្សាយបន្ទាប់ពីបញ្ចប់បេសកកម្មតាមអនឡាញថា៖ «ក្រុមការងារមានវឌ្ឍនភាពល្អក្នុងការវាយតម្លៃស្ថានភាពសេដ្ឋកិច្ច និងក្នុងការកំណត់អាទិភាពគោលនយោបាយដែលត្រូវអនុវត្តទៅមុខ»

សេចក្តីថ្លែងការណ៍នេះមិនបានបញ្ជាក់ថាតើប្រភេទកម្មវិធីអ្វីដែលមូលនិធិ IMF កំពុងត្រូវបានពិភាក្សាជាមួយប្រទេសដែលកំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ច និងនយោបាយធ្ងន់ធ្ងរនោះទេ។

ស្ថាប័នផ្តល់ប្រាក់កម្ចីពហុភាគីនេះបានអះអាងសារជាថ្មីនូវ «ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រ» ប្រទេសអាស៊ីខាងត្បូងដែលមានប្រជាជន ២២លាននាក់នៅក្នុង «ពេលវេលាដ៏លំបាក»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕