(ភ្នំពេញ)៖ វិស័យសំណង់ត្រូវបានព្យាករថា នឹងបន្តងើបឡើងវិញក្នុងអត្រា ៧.២ភាគរយក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកនូវការងើបឡើងវិញ នៃរំហូរវិនិយោគទុនពីបរទេស សម្រាប់សំណង់បម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម។

ចំណែកឯវិស័យអចលនទ្រព្យវិញ ក៏ត្រូវបានរំពឹងថានឹងងើបឡើងវិញ ក្នុងកម្រិត៥.២ភាគរយផងដែរ ដោយសារការងើបឡើងវិញនៃសកម្មភាពទិញ-លក់ និងជួលអចលនទ្រព្យថ្លៃខ្ពស់។

នេះបើតាមសារាចរណែនាំស្តីពី ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយគ្នានេះ សំណង់លំនៅឋានថ្លៃទាប និងមធ្យម ត្រូវបានរំពឹងថា នៅបន្តរក្សាកំណើនល្អប្រសើរ ដោយសារការកើនឡើង នៃតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងការរៀបចំគ្រួសារ ស្របគ្នានឹងនិន្នាការនៃការកើនឡើងការវិនិយោគក្នុងស្រុក។

ចំណែកវិស័យអចលនទ្រព្យវិញ ត្រូវបានព្យាករថា នឹងបន្តងើបឡើងក្នុងអត្រា៥,២ភាគរយ ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកនូវការងើបឡើងវិញ នៃសកម្មភាពទិញ-លក់ និងជួលអចលនទ្រព្យថ្លៃខ្ពស់ ខុនដូ និងអាផាតមិន ស្របពេលការវិនិយោគ និងតម្រូវការក្នុងស្រុកលើអចលនទ្រព្យ ផ្នែកលំនៅឋានថ្លៃទាប និងមធ្យម ត្រូវបានរំពឹងទុកថា បន្តរក្សាកំណើនល្អ។

លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL បានថ្លែងថា «ដោយសារតែការបើកប្រទេសឡើងវិញ សកម្មភាពសេដ្ឋកិច្ចនានា ចាប់ផ្ដើមដំណើរការ ការទិញដូរអចលនទ្រព្យចាប់ផ្ដើមមានហូរហែឡើងវិញ ចំណែកវិនិយោគិនបរទេសក៏ចាប់ផ្ដើមចូលមកជាបណ្ដើរៗ ធ្វើឲ្យមានសកម្មភាពទិញលក់ដូរជាច្រើន។ កត្តាទាំងនេះដែលធ្វើឲ្យវិស័យសំណង់ និងវិស័យអចលនទ្រព្យស្ទុះងើបឡើងវិញ ក្នុងឆ្នាំ២០២៣នេះ»

លោកឧកញ៉ាថា ទោះជាយ៉ាងនេះក្ដីការងើបឡើងវិញនេះ ស្ថិតក្នុងកម្រិតជាសន្សឹមៗប៉ុណ្ណោះ ក្នុងពេលឥឡូវនេះ ព្រោះក្នុងករណីមានបញ្ហាកើតឡើង ដោយឥតមានការគ្រងទុកដូច ដែលធ្លាប់បានកើតឡើងបែបនេះ នឹងធ្វើឲ្យយើងមានការប្រុងប្រយ័ត្នទ្វេរឡើង៕