(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់អាមេរិកពីររូបបានឱ្យដឹងនៅថ្ងៃអាទិត្យថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Joe Biden កំពុងពិនិត្យមើលឡើងវិញទៅលើការដកហូតពន្ធមួយចំនួនលើទំនិញនាំចូលមកពីប្រទេសចិន និងលើលទ្ធភាពផ្អាកពន្ធប្រេងឥន្ធនៈសហព័ន្ធ ខណៈដែលសហរដ្ឋអាមេរិកព្យាយាមដោះស្រាយការកើនឡើងតម្លៃសាំង និងអតិផរណា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen បានលើកឡើងពីការពិចារណារបស់លោក Biden ក្នុងការដកពន្ធទាំងនោះចេញដើម្បីកាត់បន្ថយអតិផរណា ដោយថ្លែងថា ពន្ធគយមួយចំនួនលើប្រទេសចិនដែលបានអនុវត្តក្នុងរដ្ឋបាលរបស់អតីតប្រធានាធិបតី Donald Trump «មិនមានគោលបំណងជាយុទ្ធសាស្ត្រ» ឡើយ។

លោកស្រី Jennifer Granholm រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិកបាននិយាយថា លោកប្រធានាធិបតីក៏កំពុងវាយតម្លៃលើការផ្អាកពន្ធឥន្ធនៈសហព័ន្ធផងដែរ ដើម្បីទម្លាក់តម្លៃ ដោយលោកស្រីថ្លែងប្រាប់ទូរទស្សន៍ CNN ថា ចំណាត់ការនេះ «មិនទាន់ដកចេញពីលើតុ» នៅឡើយទេ។

ការអត្ថាធិប្បាយទាំងនេះបានកើតឡើង ខណៈដែលរដ្ឋាភិបាលរបស់លោក Biden តស៊ូដោះស្រាយតម្លៃប្រេងសាំងខ្ពស់បំផុត និងអតិផរណាដែលឥឡូវនេះមានកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤០ឆ្នាំ។

ប្រធានធនាគារកណ្តាលអាមេរិកក្នុងទីក្រុង Cleveland លោកស្រី Loretta Mester បាននិយាយថា អតិផរណានឹងចំណាយពេលពីរឆ្នាំដើម្បីធ្លាក់ចុះសន្សឹមៗមកដល់គោលដៅ ២% របស់ធនាគារកណ្តាលអាមេរិកវិញ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោកស្រី Yellen ខណៈថ្លែងទៅកាន់ ABC News ថា រដ្ឋាភិបាលអាមេរិកកំពុងពិនិត្យមើលគោលនយោបាយពន្ធគយរបស់ប្រទេសចិនឡើងវិញ ប៉ុន្តែលោកស្រីមិនបានលើកឡើងជាក់លាក់ទេ ហើយបានបដិសេធនិយាយថាតើពេលណាដែលអាចមានការសម្រេចចិត្តណាមួយ។

លោកស្រីមានប្រសាសន៍ថា៖ «យើងទាំងអស់គ្នាទទួលស្គាល់ថា ប្រទេសចិនមានការពាក់ព័ន្ធនឹងការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌ជាច្រើន ដែលចាំបាច់ត្រូវដោះស្រាយ ប៉ុន្តែពន្ធដែលយើងបានទទួលមរតកមកនេះ ខ្លះមិនបម្រើគោលបំណងជាយុទ្ធសាស្ត្រទេ និងបង្កើនការចំណាយដល់អ្នកប្រើប្រាស់»