(សិង្ហបុរី)៖ ការនាំចូលប្រេងឆៅរបស់ប្រទេសចិនពីប្រទេសរុស្ស៊ីបានកើនឡើង ៥៥ ភាគរយនៅខែឧសភាឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដែលវ៉ាប្រទេសអារ៉ាប៊ីសាអូឌីតក្លាយជាអ្នកផ្គត់ផ្គង់ប្រេងច្រើនជាងគេដល់ចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

កំណើននាំចូលនេះកើតមានឡើង ខណៈដែលក្រុមហ៊ុនចម្រាញ់ប្រេងរបស់ចិនបានទាញយកប្រយោជន៍ពីការលក់ចុះភាគរយក្នុងគ្រាដែលមានការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូជុំវិញការឈ្លានពានលើប្រទេសអ៊ុយក្រែន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យពីរដ្ឋបាលគយចិនថា ការនាំចូលប្រេងរបស់រុស្ស៊ី រួមទាំងការផ្គត់ផ្គង់ដែលបង្ហូរតាមបំពង់បង្ហូរប្រេងនៅសមុទ្រស៊ីបេរីប៉ាស៊ីហ្វិកខាងកើត និងការដឹកជញ្ជូនតាមសមុទ្រពីកំពង់ផែអឺរ៉ុប និងចុងបូព៌ារបស់រុស្ស៊ី មានចំនួនសរុបជិត ៨,៤២លានតោន។

ចំនួននេះស្មើនឹងប្រហែល ១,៩៨លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ក្នុងខែឧសភា និងកើនឡើងមួយភាគបួនពីចំនួន ១,៥៩លានបារ៉ែលក្នុងមួយថ្ងៃក្នុងខែមេសា។ ប្រទេសចិនគឺជាប្រទេសនាំចូលប្រេងឆៅដ៏ធំបំផុតរបស់ពិភពលោក។

ក្រុមហ៊ុនចិន រួមទាំងក្រុមហ៊ុនចម្រាញ់ប្រេងដ៏ធំរបស់រដ្ឋ Sinopec និងក្រុមហ៊ុន Zhenhua Oil ដែលគ្រប់គ្រងដោយរដ្ឋ បានបង្កើនការទិញប្រេងរបស់រុស្ស៊ីដោយសារការបញ្ចុះតម្លៃច្រើន បន្ទាប់ពីក្រុមហ៊ុនប្រេងធំៗរបស់ប្រទេសលោកខាងលិចបានដកថយចេញពីការទិញប្រេងរុស្ស៊ីដោយសារការដាក់ទណ្ឌកម្ម។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ប្រទេសអារ៉ាប៊ីសាអូឌីត បានធ្លាក់ទៅជាអ្នកផ្គត់ផ្គង់ធំទីពីរវិញនៅខែឧសភា ដោយបរិមាណផ្គត់ផ្គង់កើនឡើង ៩ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់ចំនួន ៧,៨២លានតោន ឬ ១,៨៤ លានបារ៉ែលក្នុងមួយថ្ងៃ។ បរិមាណនេះធ្លាក់ចុះពីចំនួន ២,១៧លានបារ៉ែលក្នុងមួយថ្ងៃក្នុងខែមេសា ឆ្នាំនេះ។ ប្រទេសរុស្ស៊ីបានដណ្តើមចំណាត់ថ្នាក់កំពូលជាអ្នកផ្គត់ផ្គង់ប្រេងធំជាងគេទៅឱ្យប្រទេសចិន ពីអារ៉ាប៊ីសាអូឌីតដែលបានគ្រប់គ្រងតំណែងនេះរយៈពេល ១៩ខែ។

ទិន្នន័យគយចិនដែលបានចេញផ្សាយនៅថ្ងៃចន្ទសប្តាហ៍នេះ ក៏បង្ហាញផងដែរថា ប្រទេសចិនបាននាំចូលប្រេងឆៅពីប្រទេសអ៊ីរ៉ង់ចំនួន ២៦០ ០០០តោនកាលពីខែមុន ដែលជាការនាំចេញប្រេងអ៊ីរ៉ង់ជាលើកទី៣ ចាប់តាំងពីខែធ្នូឆ្នាំមុន។

ការនាំចូលប្រេងឆៅសរុបរបស់ប្រទេសចិនបានកើនឡើងជិត ១២ ភាគរយនៅក្នុងខែឧសភាពីមូលដ្ឋានទាបកាលពីឆ្នាំមុនដល់ ១០,៨លានបារ៉ែលក្នុងមួយថ្ងៃ ធៀបនឹងចំនួនជាមធ្យមក្នុងមួយ ១០,៣លានបារ៉ែលក្នុងឆ្នាំ២០២១។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕