(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ បានសម្ពោធម៉ាកអង្ករសមូហភាព «SKO» នៃពូជស្រូវក្រអូប០១ និងម៉ាកអង្ករសមូហភាព «DSMK» នៃពូជស្រូវដំណើបស្បៃមង្គល។

គោលបំណងនៃការចុះឈ្មោះ និងការបង្កើតម៉ាកសមូហភាពសម្រាប់ «SKO» និង «DSMK» គឺ៖ បង្កើតអត្ដសញ្ញាណអង្ករក្រអូប និងអង្ករដំណើបកម្ពុជា ដើម្បីប្រកួតប្រជែងជាមួយអង្ករក្រអូបស្រដៀងគ្នា នៃប្រទេសផលិតអង្ករក្រអូបផ្សេងទៀត, បង្កើនការលក់អង្ករប្រអូបពូជស្រូវសែនក្រអូប និងអង្ករដំណើបពូជស្រូវដំណើបស្បៃមង្គល នៅលើទីផ្សារអន្ដរជាតិ, ដើម្បីនាំយកម៉ាកអង្ករក្រអូបប្រណិត អង្ករក្រអូបកម្ពុជា និងអង្ករដំណើបទៅកាន់ទីផ្សារអន្ដរជាតិឲ្យកាន់តែកើនឡើងថែមទៀត និងបង្កើនតម្លៃអង្ករក្រអូប និងអង្ករដំណើបជូនកសិករកម្ពុជា។

រដ្ឋមន្ដ្រី ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ការសម្ពោធម៉ាកសមូហភាពទាំងពីរប្រភេទនេះ ល្អសម្រាប់កម្ពុជា ក្នុងការបង្ហាញនូវសក្តានុពល នៃការីកចម្រើនរបស់វិស័យស្រូវអង្ករនៅកម្ពុជា និងការត្រៀមខ្លួន សម្រាប់ការចូលរួមប្រកួតប្រជែងអង្ករកម្ពុជា នៅក្នុងទីផ្សារអន្តរជាតិ។

លោករដ្ឋមន្ដ្រី បានអបរអរសាទរ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិការ ទាំងអស់ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានសម្រេចបានលើការរៀបចំម៉ាកអង្ករទាំងពីរនេះ បន្ថែមពីលើម៉ាកអង្ករក្រអូបប្រណិត ដែលបានចុះបញ្ជីរួចមកហើយ។ នេះសបញ្ជាក់ ឲ្យឃើញថា ការរីកចម្រើនមួយផ្នែកទៀត នៃការអភិវឌ្ឍលើវិស័យស្រូវអង្ករកម្ពុជា ចាប់ពីការរៀបចំគ្រាប់ពូជរហូតដល់ទីផ្សារ។

ជាមួយគ្នានេះ លោករដ្ឋមន្ដ្រី បានលើកឡើងថា ពូជស្រូវសែនក្រអូប បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការនាំចេញ ហើយពូជស្រូវប្រភេទនេះ ជាប្រភេទពូជស្រូវមិនប្រកាន់រដូវ ដែលធ្វើឲ្យកសិករ អាចដាំដុះបានរហូតដល់ទៅ ៣ដងក្នុងមួយឆ្នាំ ស្របពេលដែលការរីកចម្រើនផ្នែកប្រព័ន្ធធារាសាស្ត្រ បាននិងកំពុងសាងសង់យ៉ាងខ្វាត់ខ្វែង។ ពូជស្រូវសែនក្រអូបនេះ ជាជម្រើសមួយថ្មីសម្រាប់កសិករ និងអ្នកនាំចេញក្នុងការប្រកួតប្រជែងជាមួយអង្ករក្រអូបប្រទេសផ្សេងទៀត។

ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា ការរៀបចំឲ្យមានម៉ាកសមូហភាព គឺជារឿងដែលចាំបាច់បំផុត សម្រាប់ការកសាងទំនុកចិត្តដល់អតិថិជន និងការកសាងភាពច្បាស់លាស់មួយ សម្រាប់ប្រជាកសិករផងដែរ ព្រោះថាបច្ចុប្បន្ននេះ កសិករមួយចំនួនប្រឈមលើផលលំបាក នៃការលក់ស្រូវរបស់ខ្លួន នៅពេលប្រមូលផល ដោយសារការដាំដុះ មិនមានប្រភពព័ត៌មាននៃតម្រូវការទីផ្សារច្បាស់លាស់ ហើយអ្នកនាំចេញក៏មិនមានព័ត៌មាន ឲ្យបានជាក់លាក់ពីកសិករផងដែរ។

ឧកញ៉ា ហ៊ុន ឡាក់ បានបញ្ជាក់ថា «ការរៀបចំម៉ាកអង្ករនេះឡើង នឹងផ្តល់នូវផលឲ្យយើងក្នុងរយៈពេលមធ្យម និងវែង ដែលតម្រូវឲ្យយើងធ្វើការឲ្យកាន់តែច្រើនជាងមុន និងជួយកាត់បន្ថយនូវគម្លាតព័ត៌មាននៃតម្រូវការទីផ្សារ និងការផលិតរវាងអ្នកនាំចេញ រោងម៉ាស៊ីនកិនស្រូវ និងប្រជាកសិករ»

«សែនក្រអូប០១» ជាពូជស្រូវក្រអូប ជាប្រភេទពូជស្រូវស្រាល មិនប្រកាន់រដូវ ដែលអាចឲ្យកសិករដាំដុះគ្រប់រដូវកាល ដែលមានរយៈពេលត្រឹមតែ១១០ ទៅ១១៥ថ្ងៃ តែប៉ុណ្ណោះ។ បច្ចុប្បន្នពូជស្រូវ «សែនក្រអូប០១» បាននិងកំពុងរីកសាយភាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយពូជស្រូវនេះ ផ្ដល់នូវទិន្នផលខ្ពស់ ហើយមានក្លិនក្រអូប គុណភាពអង្ករល្អ មានភាពថ្លាវែងរលូន និងបាយទន់ឆ្ងាញ់ពិសារទៀតផង។ ជាពិសេសទៅទៀត ជាពូជដែលប្រភេទអង្ករមានតម្លៃល្អ និងមានតម្រូវការខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។

«ដំណើបស្បៃមង្គល» ជាពូជស្រូវដំណើបទី១ ដែលបានធ្វើការបញ្ចេញ និងផ្សព្វផ្សាយជូនកសិករប្រើប្រាស់ដោយ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាំងពីចុងឆ្នាំ២០១៣ ជាប្រភេទស្រូវធ្ងន់ប្រកាន់រដូវ ដែលចេញផ្កាក្នុងអាទិត្យទី២ នៃខែវិច្ឆិកា អាស្រ័យទៅលើអាកាសធាតុ និងពេលវេលាដាំដុះ។ គ្រាប់ស្រូវ១០០គ្រាប់មានទម្ងន់៣.៤ក្រាម និងមានទិន្នផលជាមធ្យម ៣.២តោន ក្នុងមួយហិកតា។

បើតាមឧកញ៉ា ហ៊ុន ឡាក់ ត្រឹមសប្ដាហ៍ទី៣ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទ ទៅកាន់ទីផ្សារអន្តរជាតិតាមរយៈក្រុមហ៊ុនចំនួន៥៣ បានអង្ករចំនួនប្រមាណជាង៣១ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួន១៩១លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ អង្ករក្រអូបប្រណិត បានចំនួន ៤១.៦២% អង្ករក្រអូបសែនក្រអូប បានចំនួន ២២.៤២% អង្ករស ចំនួន ៣៣.១២% អង្ករចំហ៊ុយ១.៤២% និងអង្ករសរីរាង្គចំនួន ១.៤២%។

ឧកញ៉ា ហ៊ុន ឡាក់ បានបញ្ជាក់ថា ការនាំចេញនេះមានកំណើនចំនួន ២១.៧៣% បើធៀបទៅនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០២១ ហើយលោកសង្ឃឹម និងជឿជាក់ថា តាមរយៈម៉ាកសមូហភាពថ្មី នឹងជួយជំរុញការនាំចេញឲ្យកាន់តែច្រើនឡើងថែមទៀត។ តាមការព្យាករណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញក្នុងឆ្នាំ២០២២នេះ អាចសម្រេចបានក្នុងរង្វង់៧០ ទៅ៧៥ម៉ឺនតោន ដែលមានកំណើនជាង១០ម៉ឺនតោន បើធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។

ចំពោះការនាំស្រូវ ក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញស្រូវសរុបបានចំនួន១ ៦៩៨ ៩០៨ តោន ដែលគិតជាទឹកប្រាក់មានចំនួន ៣៩១.៦៩ លានដុល្លារ ដែលមានការកើនឡើងចំនួន ៤.៥ % ស្មើនឹង ៧៨ ៥៣៥ តោន បើធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១៕