(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កម្ពុជាមិនបារម្ភនឹងការខ្វះខាតប្រេងឥន្ធនៈ ប្រើប្រាស់ដូចករណីប្រទេសជិតខាងមួយចំនួននោះទេ ដោយក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រុមហ៊ុនឯកជន ដែលនាំចូលប្រេងមកកម្ពុជា អនុវត្តយុទ្ធសាស្រ្តស្តុកប្រេង សម្រាប់ផ្គត់ផ្គង់ និងបម្រើការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅក្នុងប្រទេស ឱ្យបានយ៉ាងហោចណាស់២០ថ្ងៃ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែមិថុនានេះ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងថា បើទោះបីជាបច្ចុប្បន្ននេះតម្លៃប្រេងឥន្ធនៈនៅកម្ពុជាប្រេងថ្លៃបន្តិចមែន ប៉ុន្តែកម្ពុជាមិនទាន់ប្រឈមនឹងកង្វះខាត ប្រេងសម្រាប់ផ្គត់ផ្គង់ ក្នុងប្រទេសនៅឡើយទេ។
លោកបានលើកឡើងថា ក្រសួងពាណិជ្ជកម្ម បានសហការជាមួយវិស័យឯកជន រិះរកមធ្យោបាយ ដើម្បីធានាយ៉ាងណាឱ្យមានស្តុកប្រេងគ្រប់គ្រាន់ សម្រាប់ការប្រើប្រាស់ ដោយគ្រប់ក្រុមហ៊ុនដែលនាំចូលប្រេងទាំងអស់ តម្រូវឱ្យមានស្តុកប្រេងយ៉ាងតិច២០ថ្ងៃ ខណៈកម្ពុជាមានក្រុមហ៊ុននាំចូលប្រេងច្រើន ក្នុងនោះមានក្រុមហ៊ុនអន្តរជាតិនាំចូលប្រេងចំនួនធំៗដូច គឺកាល់តិច តូតាល់ និងភីធីធី និងក្រុមហ៊ុនក្នុងស្រុកដូចជាតេលា សូគីមិច ប៉ាប៉ា ជាដើម គឺជាប្រភពដែលអាចធានាបាននូវការផ្គត់ផ្គង់ប្រេងឥន្ធនៈ ដើម្បីកុំឱ្យប្រជាពលរដ្ឋជួបប្រឈមបញ្ហាដូចប្រទេសជិតខាង។
លោកបញ្ជាក់ថា បើទោះបីជាកម្ពុជា ជាប្រទេសនាំចូលប្រេងទាំងស្រុងក៏ដោយ ប៉ុន្តែការរក្សាស្តុកត្រឹម២០ថ្ងៃនេះ គឺជាដំណោះស្រាយមួយដ៏ល្អ សម្រាប់វិស័យឯកជន និងសម្រាប់ត្រៀមបម្រើសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ។
លោកបានពន្យល់យ៉ាងដូច្នេះថា «បន្ទាប់ពីទទួលបានអនុសាស្រ្ត ពីសម្តេចនាយករដ្ឋមន្រ្តីកាលពីខែមេសា ក្រសួងបានសិក្សា និងធ្វើការវិភាគជាក់លាក់មួយ ជជែកជាមួយវិស័យឯកជនផងដែរ ពីការវិភាគ និងការកំណត់សន្និធិពាណិជ្ជកម្ម សម្រាប់ស្តុកប្រេងឥន្ធនៈ និងហ្គាស។ ខ្ញុំសូមជម្រាបថា ការសិក្សាវិភាគនេះ ដើម្បីពិនិត្យជាក់ស្តែងថា តើ យើងអាចកំណត់ត្រឹមកំរិតណា ដើម្បីកុំឱ្យប៉ះពាល់ដល់លទ្ធភាពរបស់វិស័យឯកជន ដែលនាំប្រេងចូល ក៏ដូចជាកំណត់ត្រឹមណា ដើម្បីឱ្យមានស្តុកសន្និធិគ្រប់គ្រាន់សម្រាប់ បម្រើប្រជាពលរដ្ឋ។នៅក្នុងការវិភាគនេះ យើងបានធ្វើហើយ ហើយយើងស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងជជែកជាមួយវិស័យឯកជន នៅក្នុងនោះយើងស្នើសុំថា សន្និធិប្រេងឥន្ធនៈ និងហ្គាស ដែលចាំបាច់ គឺក្រុមហ៊ុនទាំងអស់ដែលនាំចូលចាំបាច់ ត្រូវរក្សាយ៉ាងតិចណាស់រយៈពេល២០ថ្ងៃ ដើម្បីលក់ និងបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ»។
សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីដើមខែមេសា បាន ណែនាំដល់ក្រសួងពាណិជ្ជកម្ម ឲ្យពិភាក្សាជាមួយក្រុមហ៊ុនឯកជន ដើម្បីគ្រប់គ្រងថ្លៃលក់រាយប្រេងឥន្ធនៈ និងរៀបចំស្តុកប្រេងឥន្ធនៈជាយុទ្ធសាស្រ្ត ខណៈដែលសភាពការណ៍អន្តរជាតិមានការវិវត្តប្រែប្រួលស្មុគស្មាញ។
លោក ប៉ែន សុវិជាតិ កត់សម្គាល់ថា ប្រេងសាំងប្រភេទ ៩២ និងម៉ាស៊ូត មាននិន្នាការឡើងថ្លៃជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដែលបង្កជាក្តីព្រួយបារម្ភសម្រាប់រដ្ឋាភិបាល វិស័យឯកជន និងប្រជាពលរដ្ឋ។ ក្នុងពេលតម្លៃប្រេងកំពុងឡើងថ្លៃជាបន្តបន្ទាប់នេះ រាជរដ្ឋាភិបាលបានឧបត្ថម្ភធន ៦.៥សេនដុល្លារក្នុងមួយលីត្រ ដែលកាលពីមុនត្រឹមតែ៤សែនប៉ុណ្ណោះ។
លោកបន្តថា មិនមែនតែកម្ពជាទេ ដែលរងផលប៉ះពាល់ពីតម្លៃប្រេងកើនឡើង ប្រទេសថៃ និងវៀតណាម ដែលជាប្រទេសផលិតប្រេងផង និងជាផលិតប្រេងផងនៅតែរងផលប៉ះពាល់ជាអវិជ្ជមានពីប្រទេសនេះ ដែលធ្វើឱ្យប្រេងឡើងថ្ងៃលើសពី១ដុល្លារ រួមទាំងប្រទេសមួយចំនួននៅអឺរ៉ុប និងអាមេរិក។
តាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ ប្រទេសជិតខាងកម្ពុជា ដូចជាប្រទេសថៃ កំពុងប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈ ខណៈរដ្ឋាភិបាលប្រទេសនេះ បានដាក់កម្រិតដល់ការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ដោយសារតម្លៃកើនឡើង។
ចំណែកនៅប្រទេសវៀតណាមវិញ តម្លៃប្រេងសាំងប្រភេទ RON 95 របស់វៀតណាមបានកើនឡើង ១ .៥៤ភាគរយ កាលពីថ្ងៃអង្គារដល់កម្រិតខ្ពស់ថ្មីមួយមិនធ្លាប់មានពីមុនមក គឺ ៣២ ៨៧០ដុង ស្មើនឹង១,៤២ដុល្លារ ក្នុងមួយលីត្រ បានកើនឡើង ៤១ភាគរយក្នុងឆ្នាំនេះ។
បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បច្ចុប្បន្ននេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ ត្រូវបាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម ៕