(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា គ្រោងដាក់សំណើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើសុំទម្លាក់ថវិកាបន្ថែម ដើម្បីអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជា ខណៈរដូវប្រមូលផលបានខិតជិតចូលមកដល់ ដោយឆ្នាំនេះសហព័ន្ធសន្និដ្ឋានថា តម្លៃស្រូវនឹងកើនឡើង ខណៈអ្នកនាំចេញ និងម្ចាស់រោងម៉ាស៊ីន គ្រោងបង្កើនការទិញប្រមូលពីកសិករសម្រាប់នាំចេញផងដែរ។

គម្រោងសរសេរសំណើរថវិកា ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី៣ លើកទី៩ របស់សហព័ន្ធស្រូវអង្ករកម្ពុជាកាលពីសប្តាហ៍មុន ដោយកិច្ចប្រជុំនេះបានសម្រេច និងស្នើសុំឱ្យលេខាធិការដ្ឋាន ស្វែងរកទីប្រឹក្សាបច្ចេកទេស ដើម្បីសរសេរគម្រោងស្នើសុំថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំរាប់ផែនការសកម្មភាព ២០២២-២០៣៥ ឱ្យមានទាន់ពេលវេលា និងឆ្លើយតបគ្រប់ទិដ្ឋភាពនៃការវិវឌ្ឍន៍របស់វិស័យស្រូវអង្ករកម្ពុជា នៅពេលបច្ចុប្បន្ន និងនិន្នាការនៅពេលអនាគត។

ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា តាមការសន្និដ្ឋាន តម្លៃស្រូវ និងអង្ករនៅឆ្នាំនេះ អាចនឹងឡើងថ្លៃ ដែលតម្រូវឱ្យសហព័ន្ធស្រូវអង្ករកម្ពុជា
គិតគូររៀបចំកញ្ចប់ថវិកា ឱ្យមានទំហំធំជាងឆ្នាំមុន សម្រាប់ធ្វើជាទុនប្រមូលទិញស្រូវពីកសិករ ក្នុងពេលប្រមូលផលស្រូវខាងមុខ។

ចំណែកទំហំថវិកាដែលត្រូវស្នើសុំ លោកមិនទាន់បញ្ជាក់បាននៅឡើយទេ ដោយបច្ចុប្បន្ននេះ ក្រុមការងារកំពុងពិភាក្សាគ្នា ទៅលើទំហំថវិកាដែលត្រូវស្នើសុំ ដែលអាស្រ័យទៅលើស្ថានភាពជាក់ស្តែង។

លោកបន្ថែមថា «ការពិតទៅគឺដោយសារសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលមើលឃើញថា អាចនឹងមានអសន្តិសុខស្បៀង ហេតុនេះបានជាសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញអ្នកដែលពាក់ព័ន្ធ នៅក្នុងវិស័យស្រូវអង្ករដើម្បីពិភាក្សាគ្នា ថាតើនៅរដូវកាលប្រមូលផលខាងមុខនេះ យើងគួរតែរៀបចំឱ្យមានការស្នើសុំឱ្យមានកញ្ចប់ថវិកា ពីរាជរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយសារយល់ឃើញថានឹងមានតម្រូវការនៃអង្ករ ហើយពិសេសរដូវកាលប្រមូលផលខាងមុននេះ កញ្ចប់ថវិកាដែលយើងប៉ាន់ស្មាន ថាតើអាចគ្រប់គ្រាន់ ឬមួយក៏ត្រូវស្នើសុំបន្ថែម។»

តាមការព្យាករណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញអង្ករ ក្នុងឆ្នាំ២០២២នេះ អាចសម្រេចបានក្នុងរង្វង់៧០ទៅ៧៥ម៉ឺនតោន ដែលមានកំណើនជាង១០ម៉ឺនតោន បើធៀបទៅនឹងឆ្នាំ២០២១។ តាមរយៈការព្យាករណ៍នេះ វិស័យស្រូវអង្ករ ត្រូវការទុនក្នុងការទិញស្រូវបន្ថែមប្រមាណ២០ម៉ឺនតោន លើសចំនួនឆ្នាំមុន។

លោកបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងអំឡុងពេលនៃការប្រមូលផលស្រូវម្តងៗ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងតែទម្លាក់ថវិកា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បន្ថែមរហូត៥០លានដុល្លារ ហើយកញ្ចប់ថវិការនេះ បានប្រើប្រាស់ ចំគោលដៅ ដោយម្ចាស់រោងម៉ាស៊ីនប្រមូលទិញស្រូវពីកសិករ។ បើសិនជាយើងមើលទៅលើចំនួន នៃការនាំចេញអង្ករក្នុងឆ្នាំ២០២១ គឺដើមទុនថវិកាសម្រាប់ប្រមូលទិញ គឺគ្រប់គ្រាន់ហើយ ខ្វះតែបន្តិចបន្តួចទេ ប៉ុន្តែការព្យាករណ៍នៅរដូវកាលខាងមុខនេះ បើសិនយើងចង់នាំចេញបន្ថែមពីលើនេះ ពី៧០ទៅ៧៥ម៉ឺនតោន យើងត្រូវប្រមូលទិញស្រូវពីកសិករ មួយគុណជាពីរ។ បានន័យថា បើយើងចង់នាំចេញអង្ករបន្ថែមឱ្យបាន ១០ម៉ឺនតោនថែមទៀត យើងត្រូវការថវិកាទិញស្រូវឱ្យ ២០ម៉ឺនតោន បន្ថែមពីតួលេខចាស់»។

បើតាមឧកញ៉ា ហ៊ុន ឡាក់ ត្រឹមសប្ដាហ៍ទី៣ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទ ទៅកាន់ទីផ្សារអន្តរជាតិតាមរយៈក្រុមហ៊ុនចំនួន៥៣ ចំនួនប្រមាណជាង៣១ម៉ឺនតោន ទទួលបានទឹកប្រាក់មានចំនួន១៩១លានដុល្លារសហរដ្ឋអាមេរិក។

សូមជម្រាបថា កាលពីឆ្នាំ២០២១ កម្ពុជាបាននាំចេញអង្ករនួនជាង ៦១ម៉ឺនទៅកាន់ទីផ្សារអន្តរជាតិ ថយចុះ១០.៦៨% បើធៀបនឹងបរិមាណនាំចេញ ក្នុងឆ្នាំ២០២០ ទទួលបានថវិកាជាង៥២៧លានដុល្លារ៕