(បាងកក)៖ មន្ត្រីធនាគារកណ្តាលថៃបានឱ្យដឹងថា ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ប្រទេសថៃនឹងមិនរំខានដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចធំជាងគេទីពីររបស់អាស៊ីអាគ្នេយ៍នេះទេ ដែលបង្ហាញថានឹងមានការដំឡើងអត្រាការប្រាក់នៅពេលណាមួយក្នុងឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់មន្ត្រីរបស់ធនាគារកណ្តាលថៃ (BOT) ខណៈថ្លែងក្នុងកិច្ចប្រជុំមួយថា សេដ្ឋកិច្ចរបស់ប្រទេសថៃនឹងបន្តកើនឡើងនៅឆ្នាំនេះ និងឆ្នាំក្រោយ ហើយអាចដំណើរការបានល្អជាងការរំពឹងទុក ទោះបីជាមានហានិភ័យកាន់តែខ្ពស់ថា អតិផរណានឹងខ្ពស់ជាងការរំពឹងទុកក៏ដោយ។

លោក Piti Disyatat ជំនួយការទេសាភិបាលធនាគារកណ្តាលថៃថ្លែងថា ធនាគារកណ្តាលថៃនឹងព្យាយាមការពារសេដ្ឋកិច្ចកុំឱ្យឡើងកំដៅខ្លាំង និងបង្កឱ្យមានកំណើនអតិផរណាដែលជំរុញដោយតម្រូវការតាមរយៈការផ្លាស់ប្តូរបន្តិចម្តងៗចេញពីគោលនយោបាយចាក់បញ្ចូលសាច់ប្រាក់ទៅក្នុងទីផ្សារនាពេលបច្ចុប្បន្នរបស់ខ្លួន។

លោកបន្តថា ភារកិច្ចរបស់ BOT គឺជួយឲ្យសេដ្ឋកិច្ចដំណើរការទៅមុខដោយរលូន។

ដោយសំដៅទៅលើអត្រាការប្រាក់ទាបបំផុតនាពេលបច្ចុប្បន្ន ០,៥ ភាគរយ លោក Piti ថ្លែងថា៖ «វាជាបញ្ហាប្រឈមមួយសម្រាប់គោលនយោបាយរូបិយវត្ថុក្នុងការបន្ធូរឈ្នាន់ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលាដើម្បីឱ្យការងើបឡើងវិញនៃសេដ្ឋកិច្ចមានសន្ទុះល្អ»

លោកបាននិយាយថា ល្បឿននៃការរឹតបន្តឹងគោលនយោបាយនឹងត្រូវបានកំណត់ដោយទិន្នន័យ និងស្របតាមហានិភ័យដែលពាក់ព័ន្ធ។ លោកបានបន្ថែមថា BOT មិនមានចេតនាធ្វើឱ្យមានការភ្ញាក់ផ្អើលនៅក្នុងទីផ្សារនោះទេ។

BOT មើលឃើញថា អតិផរណានឹងមានអត្រា ៦,២ ភាគរយនៅឆ្នាំនេះ និង ២,៥ ភាគរយនៅឆ្នាំក្រោយ និងកំណើនសេដ្ឋកិច្ចមាន ៣,៣ ភាគរយនៅឆ្នាំ២០២២ និង ៤,២ ភាគរយនៅឆ្នាំ២០២៣។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕