(ក្រុងឡុងដ៍)៖ តម្លៃប្រេងឆៅបានធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍ ខណៈដែលក្រុមប្រទេសផលិតប្រេង OPEC+ បានបញ្ជាក់ថា ខ្លួននឹងបង្កើនទិន្នផលប្រេងនៅក្នុងខែសីហាដូចដែលបានប្រកាសពីពេលមុន ប៉ុន្តែបានធ្វើឱ្យទីផ្សារមានការងឿងឆ្ងល់អំពីទិន្នផលនាពេលអនាគតដោយប្រទេសទាំងនេះមិនបានពិភាក្សាអំពីផែនការសម្រាប់ខែកញ្ញា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាសម្រាប់ចែកចាយនៅខែកញ្ញាបានធ្លាក់ចុះ ២,០២ដុល្លារ ឬ ១,៨% មកនៅត្រឹម ១១០,៤៣ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅប្រភេទ West Texas Intermediate (WTI) បានធ្លាក់ចុះ ២,២៤ដុល្លារ ឬ ២% មកនៅត្រឹម ១០៧,៥៤ដុល្លារ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមប្រទេសផលិតប្រេង OPEC+ ដែលរួមមានទាំងប្រទេសរុស្ស៊ីផងដែរនោះ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានយល់ព្រមប្រកាន់ខ្ជាប់ទៅនឹងយុទ្ធសាស្រ្តទិន្នផលរបស់ខ្លួនបន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃ។ ក្រុមប្រទេសទាំងនេះមិនបានពិភាក្សាអំពីគោលនយោបាយសម្រាប់ខែកញ្ញា និងខែតទៅមុខទៀតនោះទេ។

កាលពីមុន OPEC+ បានសម្រេចចិត្តបង្កើនទិន្នផលជារៀងរាល់ខែចំនួន ៦៤៨ ០០០ បារ៉ែលក្នុងមួយថ្ងៃ (bpd) ក្នុងខែកក្កដា និងសីហា។

ទណ្ឌកម្មលើប្រេងរុស្ស៊ីចាប់តាំងពីប្រទេសនេះចូលឈ្លានពានប្រទេសអ៊ុយក្រែនបានបង្កឱ្យតម្លៃ ថាមពលកើនឡើង ដែលជំរុញឱ្យមានកំណើនអតិផរណាខ្លាំង និងការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ច។

ទិន្នន័យរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិកបានបង្ហាញថា នៅសហរដ្ឋអាមេរិក ស្តុកប្រេងឥន្ធនៈបានកើនឡើង ខណៈដែលក្រុមហ៊ុនចម្រាញ់ប្រេងបានបង្កើនសកម្មភាពរហូតដល់ជិតពេញសមត្ថភាព ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ៤ឆ្នាំ។

ទោះជាយ៉ាងណា ស្តុកប្រេងឆៅបានធ្លាក់ចុះចំនួន ២,៨លានបារ៉ែលក្នុងសប្តាហ៍គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ដែលច្រើនជាងឆ្ងាយពីការព្យាកររបស់អ្នកវិភាគនៅក្នុងការស្ទង់មតិរបស់រ៉យទ័រ៕