(ភ្នំពេញ)៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឲ្យដឹងថា ការលក់អចលនទ្រព្យតម្លៃក្រោមទីផ្សារ ហាក់កើនឡើងនាពេលថ្មីៗនេះ ប៉ុន្ដែមិនបានផ្ដល់ផលប៉ះពាល់ ដល់វិស័យអចលនទ្រព្យឡើយ ដោយសារតែកម្រិតនៃការលក់មានភាពតូចប៉ុណ្ណោះ មិនតែប៉ុណ្ណោះសន្ទុះនៃការលក់នេះ បានជួយជំរុញចរន្ដលក់ឲ្យកាន់តែផុសផុលថែមទៀត។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News លោក ច្រឹក សុខនីម ឲ្យដឹងថា «ការលក់អចលនទ្រព្យតម្លៃក្រោមទីផ្សារ ជាជម្រើសរបស់សាធារណជន ហើយតម្លៃស្ថិតក្រោមទីផ្សារនេះ ត្រូវបានលក់ចំពោះសាធារណជន ដែលកំពុងមានតម្រូវការសាច់ប្រាក់ខ្លាំងប៉ុណ្ណោះ។ ចំពោះការលក់អចលនទ្រព្យ តម្លៃក្រោមទីផ្សារនេះ មិនផ្ដល់ផលប៉ះពាល់ដល់វិស័យអចលនទ្រព្យឡើយ ដោយសារតែការលក់ ស្ថិតក្នុងកម្រិតទាប មិនតែប៉ុណ្ណោះការលក់នេះ បានជួយជំរុញចរន្ដនៃការលក់អចលនទ្រព្យ ឲ្យកាន់តែផុសផុលបន្ថែមទៀតផង ដោយពួកគាត់អាចលក់តម្លៃក្រោមទីផ្សារ តម្លៃស្មើទីផ្សារ និងលើសទីផ្សារជាដើម»

លោកបន្ដទៀតថា ទោះជាយ៉ាងនេះក្ដី បើការលក់អចលនទ្រព្យតម្លៃក្រោមទីផ្សារបន្ដរយៈពេលយូរ និងមានទំហំធំនោះនឹងផ្ដល់ផលប៉ះពាល់ ចំពោះវិស័យអចលនទ្រព្យទាំងមូល ដោយអាចឈានដល់ការដួលរលំ ឬការជាប់គាំដោយប្រការណាមួយជាពុំខាន ប៉ុន្ដែបើស្ថិតក្នុងទំហំតូច ដូចពេលបច្ចុប្បន្ននេះ មិនត្រឹមតែមិនផ្ដល់ផលប៉ះពាល់នោះទេ ថែមទាំងផ្ដល់អត្ថប្រយោជន៍ទៀតផង។

លោកបានបន្ដថា «រហូតមកដល់ពេលនេះ ខ្ញុំមិនទាន់មើលឃើញពី ការធ្លាក់ថ្លៃនៃវិស័យអចលនទ្រព្យ នៅកម្ពុជានោះឡើយ ប៉ុន្ដែការលក់តម្លៃក្រោមទីផ្សារ គឺមាន ដោយសារតែជាតម្រូវការចាំបាច់ និងផ្ទាល់ខ្លួនរបស់សាធារណជន ដែលត្រូវបង្ខំលក់ ដើម្បីដោះស្រាយបញ្ហាជីវភាព ឬការទូរទាត់ចាំបាច់ ដែលមិនអាចអាកខានបាន»

រាជរដ្ឋាភិបាលបានព្យាករថា វិស័យអចលនទ្រព្យរំពឹងថានឹងបន្តងើបឡើងក្នុងអត្រា ៥,២ភាគរយ ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកនូវការងើបឡើងវិញ នៃសកម្មភាពទិញ-លក់ និងជួលអចលនទ្រព្យថ្លៃខ្ពស់ ខុនដូ និងអាផាតមិន ស្របពេលការវិនិយោគ និងតម្រូវការក្នុងស្រុកលើអចលនទ្រព្យ ផ្នែកលំនៅឋានថ្លៃទាប និងមធ្យម ត្រូវបានរំពឹងទុកថា បន្តរក្សាកំណើនល្អ។

ក្នុងនោះផងដែរលោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL បានលើកឡើងថា ដោយសារតែការបើកប្រទេសឡើងវិញ សកម្មភាពសេដ្ឋកិច្ចនានា ចាប់ផ្ដើមដំណើរការ ការទិញដូរអចលនទ្រព្យ ចាប់ផ្ដើមមានហូរហែឡើងវិញ ចំណែកវិនិយោគិនបរទេស ក៏ចាប់ផ្ដើមចូលមកជាបណ្ដើរៗ ធ្វើឲ្យមានសកម្មភាពទិញលក់ដូរជាច្រើន៕