(កំពង់ធំ)៖ លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការទទួលបានសេវាហិរញ្ញវត្ថុរបស់សហគ្រិនស្រ្តី ប្រៀបបានដូចជា ការទទួលបាននូវឱសថដ៏សក្តិសិទ្ធ ក្នុងការលើកកម្ពស់សហគ្រិនភាពជាស្រ្តី ការបំប៉នអាជីវកម្ម និងធ្វើឲ្យអាជីវកម្មឲ្យ កាន់តែរីកចម្រើន។

ការលើកឡើងរបស់លោក រ័ត្ន សុវណ្ណនរៈ ធ្វើឡើងក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ហិរញ្ញវត្ថុឌីជីថល សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ និងសហគ្រិនភាពរបស់សហគ្រិនស្ត្រី» រៀបចំឡើងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ក្នុងគោលបំណងផ្តល់ចំណេះដឹង ដល់សហគ្រិនស្រ្តីពាក់ព័ន្ធ នឹងការប្រើប្រាស់មធ្យោបាយ និងផេ្លតហ្វម ឌីជីថល ដើម្បីជំរុញប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុ និងសហគ្រិនភាពរបស់សហគ្រិន។

លោក រ័ត្ន សុវណ្ណនរៈ បានឲ្យដឹងថា ការបើកវគ្គបណ្តុះបណ្តាលនេះ ជាការចាប់ផ្តើមអនុវត្តគម្រោងការជំរុញសហគ្រិនភាពរបស់ស្ត្រី គាំទ្រដោយ អង្គការ UNESCAP ដើម្បីលើកកម្ពស់ការយល់ដឹង ពីលទ្ធភាពទទួលបាន និងប្រើប្រាស់សេវា ហិរញ្ញវត្ថុផ្លូវការរបស់សហគ្រិនស្ត្រី។

លោកបានបន្ដថា «កន្លងមកការទទួលបានសេវាហិរញ្ញវត្ថុ ជាឧបសគ្គរបស់សហគ្រិនជាស្រ្តី ដោយសារការខ្វះទ្រព្យធានា របាយការណ៍ហិរញ្ញវត្ថុ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការបំពេញលក្ខខណ្ឌ នៃការទទួលឥណទានជាដើម។ ជាមួយនេះចាប់ពីមានវិបត្តិកូវីដ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំង មកលើសេដ្ឋកិច្ចហើយក៏បានប៉ះពាល់ ដល់ដំណើរការអាជីវកម្មដូចជា ការធ្លាក់ចុះប្រាក់ចំណូល ការកកស្ទះនូវខ្សែចង្វាក់ផលិតកម្ម និងលទ្ធភាពនៃ ការបំពេញកាតព្វកិច្ចតាមកិច្ចសន្យា ឥណទាន ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ខណៈសហគ្រិនទាំងនេះត្រូវការប្រភពទុនបន្ថែម ដើម្បីបន្តពង្រឹងដំណើរការអាជីវកម្ម»

លោកបានបញ្ជាក់ទៀតថា ដើម្បីឲ្យការប្រើប្រាស់ហិរញ្ញវត្ថុ ទទួលបានល្អត្រឹមត្រូវ គឺទាមទារឲ្យមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក្នុងការគ្រប់គ្រង និងប្រើប្រាស់ប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពវៃឆ្លាតស្របតាមទំហំនៃតម្រូវការ តាមរយៈវគ្គបណ្តុះបណ្តាលនេះ នឹងបង្កើនការយល់ដឹងជាច្រើន ពាក់ព័ន្ធនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុឌីជីថល សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ និងសហគ្រិនភាពរបស់សហគ្រិនស្ត្រី ក៏ដូចជាបញ្ហាប្រឈម និងលក្ខខណ្ឌ ដើម្បីទទួលបានសេវាហិរញ្ញវត្ថុពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

លោក ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋាន សមភាពយេនឌ័រ និងអភិវឌ្ឍសេដ្ឋកិច្ចនៃក្រសួងកិច្ចការនារី បានលើកឡើងថា វគ្គនេះជាកិច្ចការសំខាន់ ក្នុងកិច្ចសហការរបស់ធនាគារជាតិ និងក្រសួងកិច្ចការនារី ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តជាតិស្ដីពី បរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩/២០២៥ នេះក៏ជាក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវុធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ហើយកិច្ចការនេះក៏បានបង្ហាញពីការគាំទ្រ ដល់ការលើកម្ពស់ និងការអភិវឌ្ឍសហគ្រិនស្ត្រី និងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ក៏ជាការចូលរួមគាំទ្រ ដល់ស្ត្រីឲ្យធ្វើប្រពន្ធ័អេកូឡូស៊ីសហគ្រិនកម្ពុជា កាន់តែបានគិតគូសមភាពយេនឌ័រ ប្រកបដោយបរិយាបន្ន។

លោកស្រីឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាឲ្យដឹងថា សមាគមសហគ្រិនស្រ្ដីមានបំណង បង្កើតសមាគមសហគ្រិនស្រ្តីកម្ពុជា ឲ្យបានគ្រប់ខេត្ត ដើម្បីឲ្យងាយស្រួលជួយ ដល់សហគ្រិនជាស្រ្តីដែលភាគច្រើនជាអាជីវកម្មខ្នាតតូច ជាមួយនេះក៏បានស្នើឲ្យមានការផ្ដល់ឥណទាន មានកាប្រាក់ទាប និងជួយស្វែងរកទីផ្សារ និងការជួយបណ្ដុះបណ្ដាលចំណេះដឹងផ្នែកបច្ចេកវិទ្យាថ្មីៗ សម្រាប់ឲ្យស្ត្រីបានបង្ហាញនូវផលិតផល ដែលផលិតបានទីកាន់ទីផ្សារផងដែរ។

សូមជម្រាបថា ធនាគារជាតិនៃកម្ពុជាបាន និងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ ក្នុងការបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់ប្រជាជនទូទៅដូចជា តាមរយៈការដាក់បញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក្នុងកម្មវិធីសិក្សា ចំណេះដឹងទូទៅ និងការបណ្តុះបណ្តាលគ្រូបង្គោល ជាស្រ្តីនៅតាមសាលារៀន និងសហគមន៍ជាដើមទៀតផង៕