(ភ្នំពេញ)៖ បន្ទាប់ពីមានការពន្យារពេលរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២រួចមក ក្រសួងពាណិជ្ជកម្ម ពុំមានការពន្យារចុះបញ្ជីពាណិជ្ជកម្ម សម្រាប់អ្នករកស៊ីធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (អនឡាញ) ទៀតនោះទេ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីមន្ដ្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ប្រាប់បណ្តាញព័ត៌មាន Fresh News។

ការប្រកាសឲ្យអ្នករកស៊ីតាមប្រព័ន្ធអនឡាញ ឲ្យមកចុះបញ្ជីចាប់ផ្តើមតាំងពីខែឧសភា ឆ្នាំ២០២១មកម្ល៉េះ ដែលគិតមកដល់បច្ចុប្បន្ននេះ មានរយៈពេលជាង១ឆ្នាំហើយ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា «ក្រសួងពាណិជ្ជកម្ម ពុំមានការពន្យារបន្តទៀតទេ ចំពោះការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនេះ»

សម្រាប់រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញថា មានបងប្អូនអ្នករកស៊ីអនឡាញយ៉ាងច្រើនកុះករ បានមកស្នើសុំធ្វើការចុះបញ្ជី ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ លោក ប៉ែន សុវិជាតិ មិនទាន់អាចបញ្ជាក់អំពីចំនួនសរុបរបស់អ្នករកស៊ីទាំងនោះ មកចុះបញ្ជីនោះឡើយ។

គោលបំណងដែលក្រសួងពាណិជ្ជកម្ម ជំរុញឲ្យអ្នកប្រកបរបតាមអនឡាញ មកចុះបញ្ជី ដោយសារតែចង់ឲ្យការធ្វើអាជីវកម្ម តាមប្រព័ន្ធអនឡាញ ប្រព្រឹត្តិឡើងប្រកបដោយទំនុកចិត្ត ដោយបង្កើនផលប្រយោជន៍ជាច្រើន ដល់ធុរជន ទាំងធុរជនរូបវន្ដបុគ្គល និងនីតិបុគ្គល ព្រមទាំងផ្ដល់ប្រយោជន៍ដល់អ្នកប្រើប្រាស់ មានន័យថា កាលណាអតិថិជន ឬអ្នកប្រើប្រាស់ ទទួលសេវាផ្ដល់ព័ត៌មាន និងការទិញលក់តាមប្រព័ន្ធអេឡិចត្រូនិក ប្រកបកដោយការធានានូវទំនុកចិត្តនោះ ដែលធ្វើឡើងដោយក្រុមហ៊ុនបានចុះបញ្ជីត្រឹមត្រូវ នៅជាសញ្ញាបង្ហាញថា ភាពរីកចម្រើន និងការគោរពច្បាប់មួយ ព្រមទាំងជាទំនុកចិត្តមួយ ដែលធ្វើឲ្យអាជីវកម្ម អាចរីកលូតលាស់ល្អនៅថ្ងៃអនាគត មិនត្រឹមតែប៉ុណ្ណោះកេរ្ដិ៍ឈ្មោះអ្នកលក់ សហគ្រាស ព្រមទាំងទំនិញនឹងស្ថិតនៅជាឈ្មោះ Brand Name មួយ ដែលត្រូវបានទទួលស្គាល់៕