(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២នេះ បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធ KHQR ដើម្បីឆ្លើយតបនឹងតម្រូវការរបស់សាធារណជនកម្ពុជា។

ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ KHQR ធ្វើឡើងក្រោមការចូលរួមពីលោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា, លោកបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជា ប្រធានក្រុមការងារអន្តរក្រសួង អនុវត្តប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល និងមន្រ្ដីធនាគារជាច្រើនរូបទៀត។

លោកស្រី ជា សិរី បានឲ្យដឹងថា ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធ KHQR ធ្វើឡើងដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជន ក្នុងការទូរទាត់ប្រាក់ មានសុវត្ថិភាព ងាយស្រួល និងមានស្ដង់ដារ។

លោកស្រី ជា សិរី បានថ្លែងថា ការបង្កើតនូវប្រព័ន្ធ KHQR ធ្វើឡើងស្របពេលជាមួយគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានផ្ដល់ សេវាទូទាត់សងប្រាក់ បាននិងកំពុងប្រកួតប្រជែង ក្នុងការដាក់ឱ្យប្រើប្រាស់សេវាទូទាត់ឌីជីថល ប្រកបដោយនវានុវត្តន៍ ជាពិសេសការទូទាត់ និងផ្ទេរប្រាក់តាមមធ្យោបាយអេឡិចត្រូនិកដូចជា សេវាធនាគារអ៊ីនធឺណិត សេវាធនាគារចល័ត សេវាទូទាត់ចល័ត ដែលរួមមានការទូទាត់តាមឃ្យូអរកូត (QR Code) ផងដែរ។

ចំពោះការការទូទាត់តាម QR Code ជាមធ្យោបាយទូទាត់ថ្មីមួយ ដែលទើបតែលេចឡើងនៅលើទីផ្សារ ប៉ុន្តែសេវានេះបានកើនឡើងយ៉ាងឆាប់រហ័ស និងទទួលបានការពេញនិយមគួរឱ្យកត់សម្គាល់ ជាពិសេសស្រទាប់យុវវ័យ អាចសម្របខ្លួនក្នុងការទទួលយកនូវបច្ចេកវិទ្យាថ្មីៗ ព្រោះការទូទាត់តាម QR Code មានភាពងាយស្រួស រហ័ស និងមានសុវត្ថិភាព ជាពិសេសក្នុងបរិបទនៃការ រីករាលដាលនៃជំងឺកូវីដ-១៩។

លោកស្រីបញ្ជាក់ថា ការទូទាត់តាមមធ្យោបាយនេះក្លាយជាកត្តាដ៏សំខាន់មួយ ក្នុងការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជនកម្ពុជា ឱ្យងាកមកប្រើប្រាស់ការទូទាត់ឌីជីថល ជំនួសឱ្យសាច់ប្រាក់ និងជាផ្នែកមួយដ៏សំខាន់ ជួយគាំទ្រសកម្មភាពធុរកិច្ចឱ្យអាចបន្តប្រតិបត្តិការជាប្រក្រតី ដោយកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើសេដ្ឋកិច្ចកម្ពុជាបានមួយកម្រិត និងចូលរួមចំណែក ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ។

ទន្ទឹមនោះការទូទាត់តាម QR Code នេះក៏បានរួមចំណែក ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ស្របតាមយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ២០១៩-២០២៥ និងតម្រង់ទិសឆ្ពោះទៅកាន់គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាល ២០២១-២០៣៥។

លោកស្រីបន្ថែមថា យ៉ាងណាមិញការទូទាត់តាម QR Code បានរួមចំណែកគាំទ្រ និងផ្តល់ភាពងាយស្រួលយ៉ាងច្រើន
ក្នុងការធ្វើប្រតិបត្តិការទូទាត់ឌីជីថល ប៉ុន្ដែទោះជាយ៉ាងនេះក្ដីនៅតែមានបញ្ហាប្រឈមមួយចំនួន ទាមទារឱ្យមានការយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រង និងដោះស្រាយបន្ថែមទៀតពីអាជ្ញាធរ និងភាគីពាក់ព័ន្ធ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយស្ថិរភាព។

ក្នុងនោះសង្កេតឃើញថា បណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ បានដាក់ឱ្យដំណើរការ QR Code Payment នៅតាមហាងលក់ទំនិញរបស់ពាណិជ្ជករទូទាត់រាយ ប៉ុន្តែ QR Code ទាំងនោះពុំទាន់មានលក្ខណៈស្តង់ដាររួមគ្នាអាចធ្វើប្រតិបត្តិការទូទាត់ឆ្លង គ្រឹះស្ថានបាននៅឡើយ ជាពិសេសអតិថិជនងាយទទួលរងការក្លែងបន្លំ ក្នុងការធ្វើប្រតិបត្តិការទូទាត់ផងដែរ។

លោកស្រីបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា សហការជាមួយសមាគមធនាគារនៅកម្ពុជា និងភាគីពាក់ព័ន្ធបានរៀបចំ និងដាក់ឱ្យប្រើប្រាស់ប្រកាសស្តីពី ការដាក់ឱ្យប្រើប្រាស់គំរូបវិច្ឆិនភាពបច្ចេកទេស KHQR Code ដើម្បីផ្តល់ជាមូលដ្ឋានគ្រឹះក្នុងការរៀបចំ KHQR Code សម្រាប់ការទូទាត់ ក្នុងប្រទេសឱ្យមានសណ្តាប់ធ្នាប់ សុវត្ថិភាព និងផ្តល់លទ្ធភាព ចំណែកលើកកម្ពស់អន្តរប្រតិបត្តិការ នៃការទូទាត់តាមឃ្យូអរកូតឆ្លងគ្រឹះស្ថានសម្រាប់អតិថិជន
សម្រាប់ប្រទេសកម្ពុជាក្នុងការធ្វើសមាហរណកម្មការទូទាត់ក្នុងតំបន់ផងដែរ។

លោកស្រីបានបញ្ជាក់ថា «គិតមកដល់ពេលបច្ចុប្បន្នមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន៣៧បានចូលរួមអភិវឌ្ឍមុខងារ KHQR ក្នុងនោះ២៩គ្រឹះស្ថាន បានដាក់ឱ្យដំណើរការសាកល្បងប្រកបដោយជោគជ័យ តាមហាងលក់ទំនិញរបស់ពាណិជ្ជករប្រមាណពីររយសាប
សិបពាន់ (២៣០,០០០) ទីតាំង»

លោកស្រី ជា សិរី បានបញ្ជាក់ថា «ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២នេះធនាគារជាតិនៃកម្ពុជាបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ KHQR ក្នុងថ្ងៃនេះ ជាសមិទ្ធផលថ្មីមួយដែលនឹងក្លាយជាចលករ ក្នុងការពន្លឿន និងលើកកម្ពស់ការទូទាត់តាម QR Code ឱ្យកាន់តែមានប្រសិទ្ធភាព។
ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ KHQR ថ្ងៃនេះ នឹងចូលរួមចំណែកជំរុញនវានុវត្តន៍ និងបច្ចេកវិទ្យាហិរញ្ញវត្ថុលើការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុប្រកបដោយជំនឿទុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្ន ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល»

លោក សុខ ជឿន សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមធនាគារនៅកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាថ្លែងថា ការដាក់ឱ្យដំណើរការប្រព័ន្ធ KHQR គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវទំនើបកម្មនៃ ប្រព័ន្ធទូទាត់នៅកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួលដល់ការទូទាត់ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងជំរុញនវានុវត្តន៍នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។

លោកបានបន្ដថា បន្ថែមលើនេះ KHQR នឹងសម្រួលដល់ការទូទាត់ឆ្លងគ្រឹះស្ថាន ដែលពីមុនការទូទាត់តាម QR Code ត្រូវបានធ្វើឡើងដាច់ដោយឡែកពីគ្នា រវាងគ្រឹះស្ថាននីមួយៗ។ ប៉ុន្តែជាមួយនឹងប្រព័ន្ធ KHQR ដែលបានដាក់ឱ្យដំណើរការដោយធនាគារជាតិនៃកម្ពុជា បច្ចុប្បន្ននេះការទូទាត់តាមប្រព័ន្ធ QR Code អាចធ្វើឡើងលើប្រព័ន្ធរួមតែមួយជា ពិសេសគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលជាសមាជិកនៃប្រព័ន្ធបាគង។

លោកបានបញ្ជាក់ថា «បច្ចុប្បន្ននេះមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន៣៧ជាសមាជិកបាគង បានចូលរួមអភិវឌ្ឍមុខងារ KHQR ក្នុងនោះខ្ញុំសូមលើកទឹកចិត្ត ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មិនទាន់បានចូលរួមឲអភិវឌ្ឍមុខងារ KHOR សូមធ្វើសមាហរកម្មប្រព័ន្ធ QR (Integrated KHQR) របស់ខ្លួនជាមួយនឹងប្រព័ន្ធ KHQR ផងដែរ»