(កូឡុំបូ)៖ រដ្ឋមន្ត្រីថាមពលរបស់ស្រីលង្កាបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសកំពុងជួបវិបត្តិមួយនេះនៅសល់ប្រេងឥន្ធនៈតិចជាងមួយថ្ងៃប៉ុណ្ណោះសម្រាប់ប្រើប្រាស់ ដែលបានធ្វើឱ្យការដឹកជញ្ជូនសាធារណៈត្រូវបានផ្អាក ខណៈដែលវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសកាន់តែធ្ងន់ធ្ងរទៅ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ពលរដ្ឋស្រីលង្កាដែលកំពុងឈរតម្រង់ជួររង់ចាំដាក់បំពេញប្រេងសាំង និងម៉ាស៊ូតនៅទីក្រុងកូឡុំបូមានប្រវែងរាប់គីឡូម៉ែត្រ ទោះបីស្ថានីយប្រេងភាគច្រើនអស់ប្រេងឥន្ធនៈជាច្រើនថ្ងៃមកហើយក៏ដោយ។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Kanchana Wijesekera រដ្ឋមន្ត្រីក្រសួងថាមពលស្រីលង្កា ខណៈលោកប្រាប់អ្នកយកព័ត៌មាននៅទីក្រុងកូឡុំបូថា ប្រេងបម្រុងទុកក្នុងប្រទេសមានប្រហែល ៤ ០០០ តោនប៉ុណ្ណោះ ពោលគឺតិចជាងការប្រើប្រាស់រយៈពេលមួយថ្ងៃ។

លោក Wijesekera មានប្រសាសន៍ថា៖ «ការផ្គតផ្គង់ប្រេងបន្ទាប់ត្រូវបានរំពឹងថានៅចន្លោះថ្ងៃទី២២ និង២៣ (ខែកក្កដា)។ យើងបានទាក់ទងទៅអ្នកផ្គត់ផ្គង់ផ្សេងទៀត ប៉ុន្តែយើងមិនអាចបញ្ជាក់ពីការផ្គត់ផ្គង់ថ្មីណាមួយមុនថ្ងៃទី២២នោះទេ»។

កាលពីសប្តាហ៍មុន ប្រទេសស្រីលង្កាដែលជួបវិបត្តិសាច់ប្រាក់បានប្រកាសពីការផ្អាករយៈពេលពីរសប្តាហ៍ចំពោះការលក់ប្រេងឥន្ធនៈទាំងអស់លើកលែងតែសេវាកម្មសំខាន់ៗ ដើម្បីសន្សំសំចៃប្រេងសាំង និងម៉ាស៊ូតសម្រាប់គ្រាអាសន្ន។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ហាងភាគច្រើនត្រូវបានបិទកាលពីថ្ងៃអាទិត្យ ដោយស្ថានភាពរំពឹងថានឹងកាន់តែអាក្រក់នៅពេលដែលធនាគារ និងការិយាល័យនានាបើកទ្វាធ្វើការឡើងវិញនៅថ្ងៃច័ន្ទ៕