(ភ្នំពេញ)៖ គិតមកដល់ខែកក្កដានេះ ការប្រមូលផលម្រេចនៅកម្ពុជា បានជាង៩០%ហើយ ។ កសិករមួយចំនួនបានឱ្យដឹងថា ដោយសារតែមានភ្លៀងធ្លាក់តាំងពីដើមឆ្នាំ បានធ្វើឱ្យទិន្នផលម្រេចនៅឆ្នាំនេះល្អជាងឆ្នាំមុន ប៉ុន្តែតម្លៃវិញ ប្រហាក់ប្រហែលឆ្នាំមុន។

លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៥ ខែកក្កដានេះថា គិតមកដល់ពេលនេះ ការប្រមូលផលម្រេចបានជិត១០០% ហើយ ទទួលបានទិន្នផលប្រមាណជិត២ម៉ឺនតោន។

លោកបន្តថា ការនាំចេញម្រេចរបស់កសិករនៅឆ្នាំនេះ ងាយស្រួលជាងឆ្នាំមុន បន្ទាប់ការរាតត្បាតជំងឺកូវីដ១៩បានធូរស្បើយ ដោយ ទីផ្សារធំរបស់កម្ពុជា គឺវៀតណាមដែលមានចំណែកនាំចេញម្រេចកម្ពុជាប្រមាណ៨០% ក្រៅពីនោះនាំចេញទៅថៃ និងអឺរ៉ុប។ តែយ៉ាងណាសម្រាប់តម្លៃវិញ ហាក់មិនប្រែប្រួលល្អជាងឆ្នាំមុន នោះទេ គឺរង្វង់១៣ ០០០រៀលក្នុងមួយគីឡូក្រាម។

លោកបន្តថា «ការនាំចេញមានតែក្រុមហ៊ុនធំៗ២ទេ ហើយក្រៅពីនេះ គឺឈ្មួញកណ្តាលនាំទៅវៀតណាម នាំទៅវៀតណាមប្រហែល៧០% ទៅ៨០% ក្រៅពីនេះទីផ្សារថៃ សហគមន៍អឺរ៉ុប ហើយពាក់ព័ន្ធនឹងការនាំចេញ គឺអត់មានប្រែប្រួលទេ គឺដូចនឹងឆ្នាំទៅដែរ គ្រាន់តែមានល្បឿនលឿនជាងមុន ដោយគ្មានការបិទខ្ទប់ មិនប្រឈមដូចឆ្នាំទៅទេ»

ជាមួយគ្នានេះ កញ៉ា ចន ស្រីតូច ទីប្រឹក្សាបច្ចេកទេសនៃអង្គការ CIRD បានឱ្យដឹងថា ការប្រមូលផលម្រេចនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានជាង៩០%ហើយ ដោយទទួលបានទិន្នផលប្រមាណជាង៦៥០០តោន កើនជាងឆ្នាំមុនចន្លោះពី៥% ទៅ១០%។

កញ្ញាបន្តថា សម្រាប់ទីផ្សារម្រេច និងតម្លៃម្រេចនៅតំបន់មេមត់នៅឆ្នាំនេះ ល្អជាងឆ្នាំមុន ដោយមានឈ្មួញមកប្រមូលទិញ ដល់ចម្ការសម្រាប់នាំចេញ។ នៅតំបន់មេមត់នេះកាលពីឆ្នាំមុន កសិករលក់ម្រេច បានតែជាមធ្យម១០០០០រៀលប៉ុណ្ណោះ តែនៅឆ្នាំនេះ អាចលក់បានជាមធ្យមជាង១២០០០រៀលទៅ១៣០០០រៀល និងដើមរដូវលក់បានរហូត១៥០០០រៀលក្នុងមួយគីឡូក្រាម។

លោក ពោន ប៉ែត កសិករដាំម្រេច នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលមានផ្ទៃដីដាំម្រេចប្រមាណ៦ហិកតា មានដើមម្រេចជាង១ម៉ឺនជន្លង់ និងប្រមូលផលរួចរាល់ហើយ តាំងពីខែពាក់កណ្តាលខែមិថុនា បានឱ្យដឹងថា នៅឆ្នាំនេះលោកទទួលបានទិន្នផលជាង២៤តោន កើនជាងឆ្នាំមុន១តោន ដោយសារតែនេះអាកាសធាតុអំណោយផល ធ្លាក់ភ្លៀងតាំងពីខែមីនា ដែលធ្វើឱ្យម្រេចលូតលាស់ល្អ ។ តែសម្រាប់តម្លៃវិញវិញនៅឆ្នាំនេះ ហាក់ធ្លាក់ចុះជាងឆ្នាំមុន ដោយឆ្នាំមុន អាចលក់បានក្នុងរង្វង់១៥០០០រៀលក្នុងមួយគីឡូក្រាម ខណៈឆ្នាំនេះ លក់បានតែ១២៧០០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។

លោកបន្ថែមថា «ភ្លៀងធ្លាក់តាំងពីខែមីនាមក គ្រាប់វាគ្រប់ទឹក វាអត់ស្អក វាគ្រាន់បើ វាកើនផលជាងឆ្នាំទៅ តែយ៉ាប់តែតម្លៃវាធ្លាក់ជាងឆ្នាំមុន»

របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា រយៈពេល៥ ខែដើមឆ្នាំ ២០២២ ការនាំចេញម្រេចសម្រេចបានជាង ៥ ៥៥៨ តោនថយចុះ ២៥.៥ ភាគរយ។ ក្នុងនោះនាំចេញទៅវៀតណាមជាង ៥ ១៣១តោន, អាល្លឺម៉ង់ ៣៥៥តោន, កោះតៃវ៉ាន់២១ តោន, ម៉ាឡេស៊ីជាង ១៣ តោន, បារាំងជាង១០តោន និងទៅប្រទេសមួយចំនួនទៀតដូចជា បែលហ្ស៊ិក ជប៉ុន ឆេក ស៊ុយអ៊ែត កាណាដា អាមេរិក ឥណ្ឌា ចក្រភពអង់គ្លេស កាហ្សាក់ស្ថាន កូរ៉េ និងប្រទេសអូស្ត្រាលី ៕