(ភ្នំពេញ)៖ រយៈពេល៦ខែ ឆ្នាំ២០២២នេះ កម្ពុជាបានអនុម័តគម្រោងសាងសង់ចំនួន១,៩៨៤គម្រោង ក្រោមទុនវិនិយោគជាង១ពាន់លានដុល្លារ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ឆារស៍ វ៉ាន់ តំណាងអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា។

ក្នុងកម្មវិធីជួបជុំសំណេះសំណាល និងទំនាក់ទំនងធុរកិច្ចសំណង់ លើកទី១២ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ លោក ឆារស៍ វ៉ាន់ បានបញ្ជាក់យ៉ាងដូច្នេះថា «ពិនិត្យលើទិន្នន័យសំណង់របស់ក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ ឃើញថា នៅរយៈពេលពាក់កណ្តាល នៃឆ្នាំ២០២២ ក្រសួងបានផ្ដល់លិខិតអនុញ្ញាតសាងសង់ មាន១,៩៨៤គម្រោង និងទុនវិនិយោគ មាន១,០៤១លានដុល្លារអាមេរិក»។

លោក ឆារស៍ វ៉ាន់ បានឲ្យដឹងទៀតថា នៅឆ្នាំ២០២១ ក្រសួងបានផ្ដល់លិខិតអនុញ្ញាតសាងសង់ មានចំនួន៤,៣០៣គម្រោង មានទុនវិនិយោគជាង ៥,៣៣៣លានដុល្លារអាមេរិក និងក្នុងឆ្នាំ២០២០ មានចំនួន៤,៨៤១គម្រោង ដែលប៉ាន់ស្មានទុនវិនិយោគ មានជាង៧,៧៥៣លានដុល្លារអាមេរិក។

ជាមួយគ្នានេះ លោកបានបញ្ជាក់ថា តាមប្រភពនៃការព្យាករណ៍ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឲ្យឃើញថា វិស័យសំណង់ និងអចលនវត្ថុ នឹងមានការកើនឡើង បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ បានធូរស្រាល គឺនៅឆ្នាំ២០២២ បានព្យាករណ៍ថា វិស័យសំណង់ នឹងមានការកើនឡើង៥.៤% រីឯវិស័យអចលនទ្រព្យកើន៤.១% ហើយវិស័យទាំង២នេះ នឹងកើនឡើងជាបន្តបន្ទាប់បន្ថែមទៀត។

លោកគិតថា ការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យ នឹងមានកំណើនឡើងវិញ ហើយក៏នឹងអាចផ្ដល់ការងារ ឲ្យប្រជាពលរដ្ឋមានការងារធ្វើ រហូតដល់រាប់សិបម៉ឺននាក់ផងដែរ។ ទាំងនេះ គឺជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការស្តារសេដ្ឋកិច្ចជាតិ ឲ្យមានចរន្តការឡើងវិញ បន្ទាប់ពីមានវិបត្តិកូវីដ-១៩។

បើតាមសារាចរណែនាំស្តីពី ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា វិស័យសំណង់ ត្រូវបានព្យាករថា នឹងបន្តងើបឡើងវិញក្នុងអត្រា ៧.២ភាគរយ ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកនូវការងើបឡើងវិញ នៃរំហូរវិនិយោគទុនពីបរទេស សម្រាប់សំណង់បម្រើ ឲ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម។

ជាមួយគ្នានេះ សំណង់លំនៅឋានថ្លៃទាប និងមធ្យម ត្រូវបានរំពឹងថា នៅបន្តរក្សាកំណើនល្អប្រសើរ ដោយសារការកើនឡើង នៃតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងការរៀបចំគ្រួសារ ស្របគ្នានឹងនិន្នាការនៃការកើនឡើងការវិនិយោគក្នុងស្រុក។

ចំណែកវិស័យអចលនទ្រព្យវិញ ត្រូវបានព្យាករថា នឹងបន្តងើបឡើងក្នុងអត្រា៥,២ភាគរយ ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកនូវការងើបឡើងវិញ នៃសកម្មភាពទិញ-លក់ និងជួលអចលនទ្រព្យថ្លៃខ្ពស់ ខុនដូ និងអាផាតមិន ស្របពេលការវិនិយោគ និងតម្រូវការក្នុងស្រុកលើអចលនទ្រព្យ ផ្នែកលំនៅឋានថ្លៃទាប និងមធ្យម ត្រូវបានរំពឹងទុកថា បន្តរក្សាកំណើនល្អ៕