(ភ្នំពេញ)៖ នៅឆមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញផលិតផលដំឡូងមីប្រមាណ ៣.២លានតោន។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម។
របាយការណ៍ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះបញ្ជាក់ថា ឆមាសទី១ ឆ្នាំ២០២២ ការនាំចេញផលិតផលដំឡូងមីមានមានចំនួន ២ ៣០០៩១៩.៣៩តោន កើនឡើង៤២.៥៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ មានចំនួន១ ៦១៤ ១២៩.៧៦ តោន ។
ផលិតផលដំឡូងមី៣.២លានតោន ដែលត្រូវបាននាំចេញរួមមាន៖
*ចំណិតដំឡូងមីក្រៀមមានចំនួន១ ៥៣៤ ៥៩០តោន កើនឡើងចំនួន២៤,២៥% ក្នុងនោះនាំចេញទៅប្រទេសថៃ ចំនួន១ ១៣៣ ៥៥០តោន និងប្រទេសវៀតណាមចំនួន ៤០១ ០៤០តោន។
* ដំឡូងមីស្រស់មានចំនួន ៧១០ ៣០០តោន កើនឡើងចំនួន ៩៧.៩៧% ក្នុងនោះនាំចេញទៅប្រទេសវៀតណាម ចំនួន៤៧៥ ១០០តោន និងប្រទេសថៃចំនួន២៣៥ ២០០តោន។
* ម៉្សៅដំឡូងមីមានចំនួន៤៨ ៩៤៨តោន កើនឡើងចំនួន២០៧.៧៨% ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន៤៧ ៤០៥តោន, សហរដ្ឋអាមេរិកចំនួន៦៦៦តោន, អ៊ីតាលីចំនួន៣៧៨តោន, វៀតណាមចំនួន២១០តោន, ណេដឺឡែន ចំនួន១៥២តោន, ថៃចំនួន៩៨.៦០តោន និងម៉ាឡេស៊ីចំនួន ៣៨.៤០តោន។
* កាកសំណល់ដំឡូងមី មានចំនួន៧ ០៨១,៣៩តោន កើនឡើងចំនួន ៦៣.៨១% នាំចេញទៅប្រទេសចិនចំនួន៦ ៥៨១.៣៩តោន និងប្រទេសវៀតណាមចំនួន៥០០តោន។
លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តបាត់ដំបង បានថ្លែងថា «ចំពោះការប្រមូលផលដំឡូងមី នៅពាក់កណ្ដាលឆ្នាំនេះ បានប្រមូលផលអស់ច្រើនហើយ ដោយបច្ចុប្បន្ននាំចេញប្រមាណ៤០០-៥០០តោនប៉ុណ្ណោះក្នុងមួយថ្ងៃ ដោយដំឡូងសល់ មកពីបណ្ដាលខេត្តផ្សេងៗ។ ចំណែកតម្លៃក្នុងឆ្នាំនេះវិញ កាន់តែប្រសើរលើបណ្ដាឆ្នាំកន្លងទៅ ដោយតម្លៃលើសរហូតដល់៣០-៥០រៀលទាំងដំឡូងក្រៀម និងដំឡូងស្រស់»។
លោកបានបញ្ជាក់ថា ពីមុនដំឡូងមីធ្លាប់ដាំ១០ម៉ឺនហិកតា ប៉ុន្ដែពេលនេះការដាំកើនដល់១២-១៣ម៉ឺនហិកតា ចំណែករដូវប្រមូលផលដំឡូងមី ចាប់ផ្តើមពីខែធ្នូ រហូតដល់ខែមីនាជារៀងរាល់ឆ្នាំ ហើយសម្រាប់នៅខេត្តបាត់ដំបងឆ្នាំនេះ ផលិតបានប្រមាណជាង៣លាន២សែនតោន ក្នុងនោះ៦៥% ទៅ៧០% បាននាំចេញទៅកាន់ទីផ្សារប្រទេសថៃ។
ចំពោះតម្លៃនៃដំឡូងមីវិញ សម្រាប់ដំឡូងមីស្រស់តម្លៃ៣២០-៣៥០រៀលក្នុងមួយគីឡូក្រាម ចំណែកដំឡូងមីក្រៀមលក់បាន៧០០-៩០០រៀលក្នុងមួយគីឡូក្រាម។
សូមជម្រាបថា ប្រទេសវៀតណាម និងថៃជាទីផ្សារនាំចេញសំខាន់របស់កម្ពុជា ដែលបាននាំចេញដំឡូងមីក្រៀម និងដំឡូងមីស្រស់ ចំណែកអាមេរិក ណេដឺឡែន ចិន, ម៉ាឡេស៊ី និងអ៊ីតាលីបាននាំចូលម្សៅដំឡូងមី៕