(បាត់ដំបង)៖ ការនាំចេញពោតក្រហមពីខេត្តបាត់ដំបងទៅប្រទេសថៃ នៅតែដំណើរការជាប្រក្រតី ដោយបច្ចុប្បន្ននេះនៅតែមានឈ្មួញដើរទិញពីកសិករ សម្រាប់នាំចេញជាធម្មតា ក្នុងរង្វង់ពីជាង១ពាន់តោនទៅបីពាន់តោនក្នុងមួយថ្ងៃ ខណៈតម្លៃបានចាប់ផ្តើមឡើងបន្តិចវិញហើយ បន្ទាប់ពីធ្លាក់ចុះ កាលពីប៉ុន្មានថ្ងៃមុន បន្ទាប់ពីក្រុមជញ្ជីងចល័ត ចុះចាប់ឡានដឹកលើសទម្ងន់ធ្ងន់ធ្ងររហូតដល់ជាង៨០តោន។ នេះបើតាមការបញ្ជាក់របស់ ប្រធានមន្ទីរកសិកម្ម និងប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តបាត់ដំបង។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែកក្កដានេះ លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានឱ្យដឹងថា ការទិញលក់ពោតក្រហម ក្នុងខេត្តបាត់ដំបងនៅតែដំណើរជាធម្មតាទេ ដោយក្នុងមួយថ្ងៃនាំចេញប្រមាណពី ២៥០០តោនទៅ៣០០០តោន ខណៈខាងថៃចាប់ផ្តើមដឹកទម្ងន់ស្តុក តាមបទដ្ឋានកំណត់របស់ក្រសួងសាធារណការ បន្ទាប់ពីមានវិធានការផ្លូវច្បាប់តឹងរឹង។

លោកបានបញ្ជាក់ថា មុនពេលក្រុមជញ្ជីងចល័ត ចុះមកចាប់ឡានដឹកលើសទម្ងន់ ពោតក្រហមមានតម្លៃ ៦.៣បាត ឬស្មើនឹងជាង៧០០រៀល ក្រោយមានភ្ញាក់ផ្អើល បណ្តាលឱ្យឈ្មួញថៃផ្អាកការបញ្ជាទិញបណ្ដោះអាសន្ន តម្លៃពោតបានចុះមក៥.៣បាត ឬស្មើនឹងប្រមាណ៦០០រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែបច្ចុប្បន្ននេះតម្លៃពោតចាប់ផ្តើមកើនបន្តិចវិញ ដល់៥.៥បាត ទៅ៥.៦បាត ឬស្មើនឹង៦៦០រៀល ទៅ៦ ៧០រៀល។

លោកបានឱ្យដឹងថា ការធ្លាក់ចុះនេះ គឺដោយសារឈ្មួញថៃឆ្លៀតឱកាសទម្លាក់ថ្លៃ ដែលនឹងធ្វើឱ្យកសិកររងផលប៉ះពាល់ ដោយសារតែតម្លៃជី ថ្នាំកសិករ ប្រេង ឡើងថ្លៃ។

លោកបានគូសបញ្ជាក់ថា «កាលពេលចាប់ឡានលើកដំបូង តម្លៃពោត៦.៣បាត ហើយដល់ពេលភ្ញាក់ផ្អើលទៅខាងសៃឡូ គាត់ផ្អាកទិញតែមួយភ្លែតសិនទេ គឺធ្លាក់ចុះមកនៅត្រឹម៥បាតជាង គេខ្លាចឡានថៃអត់ចូលមក។ ដល់ពេលស្អែកឡើងឡានថៃដែលដឹកទម្ងន់អត់លើសចូលមកទិញធម្មតាវិញ អីចឹងតម្លៃបានឡើងដល់៥.៥បាត ទៅ៥.៦បាតវិញរាល់ថ្ងៃនេះ។ ប៉ុន្តែបើសិនជាក្រុមហ៊ុនស៊ីភី ចាប់ផ្តើមបញ្ជាទិញដែរ ក៏យើងបានកាត់ចំណែកធំនាំចេញទៅប្រទេសថៃដែរ ក្រុមហ៊ុនស៊ីភី នឹងចាប់ផ្តើមទិញក្នុងអាទិត្យនេះដែរហើយ សម្រាប់ធ្វើចំណីសត្វ។ តែបើយើងប្រៀបធៀបតម្លៃឆ្នាំនេះទៅនឹងឆ្នាំមុន ក៏យើងនៅតែប្រសើរជាង បើទោះបីជារបស់របរ ជី ប្រេងឡើងថ្លៃក៏ដោយ ព្រោះតម្លៃប៉ុណ្ណេះ កសិករនៅមានប្រាក់ចំណេញនៅឡើយទេ។»

លោករំពឹងថា បន្ទាប់ពីក្រុមហ៊ុនស៊ីភី ចុះប្រមូលពោតពីកសិករសម្រាប់ផលិតចំណីសត្វនោះ តម្លៃពោតនឹងល្អប្រសើរថែមទៀត ព្រោះជាទូទៅ ក្រុមហ៊ុនស៊ីភី ទិញក្នុងតម្លៃល្អជាង ការលក់ឱ្យឈ្មួញនាំទៅប្រទេសថៃ។ ជាធម្មតាក្រុមហ៊ុន ស៊ីភី ដែលមានទីតាំងនៅខេត្តប៉ៃលិន បានប្រមូលទិញពោតប្រមាណ១២ម៉ឺនតោនក្នុងមួយឆ្នាំ ដែលរួមចំណែក១៥%។

កាលពីពេលថ្មីៗនេះ ក្រុមការងារជញ្ជីងចល័ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះប្រតិបត្តិការចាប់រថយន្តដឹកលើសទម្ងន់ នៅលើផ្លូវជាតិក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលផ្ទុកលើសទម្ងន់ធ្ងន់ធ្ងររហូតដល់ខ្ទង់៨០តោន។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម ខេត្តបាត់ដំបងបានឱ្យដឹងថា បើទោះបីជាមានករណីចុះចាប់ឡានដឹកលើសទម្ងន់ក៏ដោយ ប៉ុន្តែនៅតែមានឈ្មួញបន្តទិញពោត នាំចេញទៅប្រទេសថៃជាធម្មតា។

លោកបន្តថា «តាមខ្ញុំដឹងដូចជាមិនមានបញ្ហាអីទេ មានបញ្ហាតែគាត់ដឹកលើសទម្ងន់តែប៉ុណ្ណឹងឯង សម្រាប់អ្នកដឹកតាមច្បាប់ទម្លាប់ត្រឹម៤០តោន គឺមុខ២០តោន ក្រោយ២០តោន ឬលើសតិចតួចក៏មិនមានបញ្ហាអីដែរ អីចឹងគាត់ចូលទិញ ជាធម្មតាទេ ។ជាទូទៅការនាំចេញពោតក្រហមទៅប្រទេសថៃ រយៈពេល២សប្តាហ៍ហ្នឹង គឺក្នុងមួយថ្ងៃអាចចូលចន្លោះពី១៧០០តោន ទៅ២០០០តោនជាង។ ឧទាហរណ៍ដូចថ្ងៃនេះ ពោតស្នូលយើងនាំចេញទៅតាមច្រកអូរំដួល អូរអន្លក់សរុប ១៧៤៥តោន ហើយតាមច្រកភ្នំដី យើងនាំចូលទៅ ១២៦០តោន។ អ៊ីចឹងបានន័យថា ការចេញចូលជាធម្មតាទេ»

លោក ទឹម ឡាង កសិករដាំពោត លើផ្ទៃដីជា១០ហិកតា នៅស្រុកសំពៅលូន ខេត្តបាត់ដំបង បានឱ្យដឹងថា សម្រាប់ចម្ការលោកបានប្រមូលផលរួចហើយ ដោយលក់បានក្នុងតម្លៃ៦.១៥បាតក្នុងមួយគីឡូក្រាម ដែលអាចនឹងទទួលបានផលចំណេញខ្លះ បើទោះបីជាតម្លៃជី ប្រេងឡើងថ្លៃក៏ដោយ។

បើតាមប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង លោក ឈឹម វជិរា បច្ចុប្បន្ននេះ ការប្រមូលផលពោតក្រហមនៅខេត្តបាត់ដំបងបានប្រមា ណ៣០%ហើយ ក្នុងចំណោមផ្ទៃដីដុះជាង៥ម៉ឺន៣ពាន់ហិកតា។

លោកបន្តថា តម្លៃពោតនៅដើមរដូវ ថ្លៃក្នុងរង្វង់៦.១បាត ឬប្រមាណ៧០០រៀលក្នុងមួយគីឡូ បើធៀបនឹងកាលពីឆ្នាំមុនមានតម្លៃត្រឹមតែ៥.១បាត ទៅ៥.៣បាតប៉ុណ្ណោះ សម្រាប់ពោតស្នួល។ ចំណែកពោតគ្រាប់វិញមានតម្លៃ ៨.៥បាត ប្រមាណ១០២០រៀលក្នុងមួយគីឡូ ខណៈឆ្នាំមុនមានតម្លៃពី ៧.៥ទៅ៨បាតប៉ុណ្ណោះ ៕