(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង សហប្រធាននៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន បានស្នើឱ្យវិនិយោគិនចិនមកវិនិយោគបន្ថែមនៅកម្ពុជា ក្នុងវិស័យអាទិភាពទាក់ទងវិស័យចិញ្ចឹមសត្វ វារីវប្បកម្ម កៅស៊ូ សម្រាប់នាំទៅប្រទេសចិន និង ដើម្បីពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ជំរុញបែបនេះធ្វើឡើងក្នុងឱកាសដែលលោក និងលោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញបើកកិច្ចប្រជុំពេញអង្គ របស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន តាមរយៈប្រព័ន្ធវីដេអូ នៅវិមានសន្តិភាព នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ។
ការជំរុញរបស់ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ស្របពេលដែលចិនបានអនុញ្ញាតឱ្យកម្ពុជាអាចនាំចេញ ផ្លែមៀនប៉ៃលិន និងត្រីប្រា ក្នុងពេលឆាប់ៗនេះ ក្រោយពេលពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅចិន បានចុះហត្ថលេខារួចរាល់នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។
ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានស្នើសុំភាគីចិនជួយជំរុញ និងពន្លឿនកិច្ចសហប្រតិបត្តិការលើកៅស៊ូធម្មជាតិ តាមរយៈការផ្តល់ជំនួយបច្ចេកទេស និងពិនិត្យលទ្ធភាពក្នុងការនាំចេញទំនិញកៅស៊ូទៅកាន់ប្រទេសចិន និងស្នើឱ្យភាគីចិន ពិនិត្យលទ្ធភាពនាំចូលម្រេច និងផ្លែទុរេនកម្ពុជា និងបន្តនាំចូលអង្ករពីកម្ពុជា ដែលមានកូតា៤០ម៉ឺនតោន ដោយរួចពន្ធ តាមការសម្រេចរបស់ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ចិន។
បន្ថែមពីនេះ ឧបនាយករដ្ឋមន្រ្តី បានជំរុញរដ្ឋបាលគយចិន និងក្រសួងពាក់ព័ន្ធទាំងពីរ រៀបចំពិធីសារអនាម័យ និង ភូតគាមអនាម័យលើផលិតផលកសិកម្មមួយចំនួនជាកញ្ចប់តែម្តង ជាជាងធ្វើពិធីសារសម្រាប់តែផលិតផលមួយមុខៗម្តង៕