(តូក្យូ)៖ មន្ត្រីជាន់ខ្ពស់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា ធនាគារកណ្តាលរបស់ប្រទេសមួយចំនួននៅតំបន់អាស៊ីត្រូវតែដំឡើងអត្រាការប្រាក់យ៉ាងលឿន ពីព្រោះសម្ពាធអតិផរណាកំពុងកើនឡើងដោយសារការកើនឡើងជាសកលនៃតម្លៃម្ហូបអាហារ និងប្រេងឥន្ធនៈដែលបណ្តាលមកពីសង្គ្រាមនៅអ៊ុយក្រែន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំណេររបស់លោក Krishna Srinivasan ប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់មូលនិធិ IMF ដែលបានសរសេរក្នុងប្លុកចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «សម្ពាធអតិផរណាដែលកំពុងកើនឡើងនៅតំបន់អាស៊ីនៅមិនទាន់ឡើងខ្លាំងនៅឡើយបើធៀបនឹងតំបន់ផ្សេងទៀត ប៉ុន្តែការកើនឡើងតម្លៃទំនិញនៅក្នុងប្រទេសជាច្រើនបាននិងកំពុងកើនខ្ពស់ជាងគោលដៅរបស់ធនាគារកណ្តាល»

លោកមានប្រសាសន៍ថា៖ «ប្រទេសជាច្រើននឹងចាំបាច់ត្រូវដំឡើងអត្រាការប្រាក់ឆាប់រហ័ស ដោយសារអតិផរណាកំពុងកើនឡើងរហូតទៅដល់តម្លៃស្នូល ដែលតម្លៃមិនរាប់បញ្ចូលប្រភេទអាហារ និងថាមពលដែលងាយប្រែប្រួលខ្លាំង ដើម្បីទប់ស្កាត់ការកើនឡើងការរំពឹងទុកអតិផរណា និងប្រាក់ឈ្នួលដែលក្រោយមកតម្រូវឱ្យមានការដំឡើងអត្រាការប្រាក់កាន់តែខ្លាំងសម្រាប់ជាដំណោះស្រាយ ប្រសិនបើមិនមានការអើពើ»

លោក Srinivasan បានបន្ថែមថា ប្រទេសដែលមានសេដ្ឋកិច្ចកំពុងស្ទុះងើបនៅតំបន់អាស៊ីជាច្រើន បានជួបប្រទះលំហូរចេញមូលធនធៀបនឹងលំហូរនៅឆ្នាំ២០១៣ នៅពេលដែលទិន្នផលមូលបត្របំណុលសកលបានកើនឡើង ដោយសារការរំពឹងថា ធនាគារកណ្តាលអាមេរិក អាចកាត់បន្ថយការទិញមូលបត្របំណុលលឿនជាងការរំពឹងទុក។

លោកបានសរសេរទៀតថា លំហូរចេញមូលធនមានចំនួនច្រើនជាពិសេសសម្រាប់ប្រទេសឥណ្ឌា ដែលបានមើលឃើញថាមានការហូរចេញទឹកប្រាក់ចំនួន ២៣ពាន់លានដុល្លារចាប់តាំងពីការលុកលុយរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ លំហូរចេញក៏ត្រូវបានគេមើលឃើញផងដែរនៅក្នុងប្រទេសផ្សេងទៀតដូចជាកូរ៉េខាងត្បូង និងតៃវ៉ាន់។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការរឹតបន្តឹងលក្ខខណ្ឌរូបិយវត្ថុនឹងធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុដែលស្ថិតក្នុងស្ថានភាពមិនល្អរួចស្រាប់ទៅហើយនោះនៅក្នុងប្រទេសមួយចំនួននៅតំបន់អាស៊ី ព្រមទាំងដាក់កម្រិតដល់វិសាលភាពសម្រាប់អ្នកបង្កើតគោលនយោបាយដើម្បីទប់ស្កាត់ការប៉ះទង្គិចផ្នែកសេដ្ឋកិច្ចពីជំងឺរាតត្បាតជាមួយនឹងការចំណាយសារពើពន្ធ។

លោក Srinivasan បាននិយាយថា ចំណែកបំណុលរបស់អាស៊ីនៃបំណុលសកលសរុបបានកើនឡើងពី ២៥ភាគរយមុនពេលមានវិបត្តិហិរញ្ញវត្ថុពិភពលោកដល់ ៣៨ភាគរយក្រោយការឆ្លងជំងឺកូវីដ-១៩ ដែលបង្កើនភាពងាយរងគ្រោះរបស់តំបន់នេះចំពោះការផ្លាស់ប្តូរស្ថានភាពហិរញ្ញវត្ថុពិភពលោក។

លោកបានបន្ថែមថា ប្រទេសមួយចំនួននៅអាស៊ី ប្រហែលជាត្រូវប្រើវិធានការនានាដូចជា អន្តរាគមន៍ប្តូរប្រាក់បរទេស និងការគ្រប់គ្រងមូលធន ដើម្បីទប់ទល់នឹងលំហូរចេញមូលនិធិខ្លាំងណាមួយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕