(តៃប៉ិ)៖ សេដ្ឋកិច្ចរបស់កោះតៃវ៉ាន់បានកើនឡើងក្នុងល្បឿនយឺតបំផុតក្នុងរយៈពេលពីរឆ្នាំនៅត្រីមាសទីពីរឆ្នាំនេះ និងដំណើរមិនល្អដូចការរំពឹងទុកដោយសារវិបត្តិខ្សែចង្វាក់ផ្គត់ផ្គង់ និងការកើនឡើងករណីជំងឺកូវីដក្នុងស្រុក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យបឋមចេញផ្សាយដោយទីភ្នាក់ងារស្ថិតិកោះតៃវ៉ាន់នៅថ្ងៃសុក្រថា សម្រាប់រយៈពេលពីខែមេសាដល់ខែមិថុនា ផលិតផលក្នុងស្រុកសរុប (GDP) របស់កោះតៃវ៉ាន់បានកើនឡើង ៣,០៨ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ធៀបនឹងកំណើន ៣,១៤ភាគរយដែលសម្រេចបាននៅត្រីមាសទី១។

កំណើននេះមានកម្រិតទាបជាងកំណើន ៣,១ភាគរយនៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ និងជាអត្រាទាបបំផុតគិតចាប់តាំងពីកោះនេះទទួលបានកំណើនសេដ្ឋកិច្ចទាប ០,៦៣ភាគរយនៅក្នុងត្រីមាសទី២ ឆ្នាំ២០២០ នៅពេលដែលជំងឺរាតត្បាតបានចាប់ផ្តើមរីករាលដាលនៅជុំវិញពិភពលោក។

បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំនេះ សេដ្ឋកិច្ចកោះតៃវ៉ាន់បានធ្លាក់ចុះ ២,៩៣ ភាគរយបើគិតពីអត្រាប្រចាំឆ្នាំដែលកែសម្រួលតាមរដូវកាល។

ក្នុងនាមជាមជ្ឈមណ្ឌលដ៏សំខាន់មួយនៃខ្សែចង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាសកលសម្រាប់ក្រុមហ៊ុនធំៗនានាដូចជា Apple Inc សេដ្ឋកិច្ចរបស់កោះតៃវ៉ាន់បានដំណើរការប្រសើរជាងដៃគូក្នុងតំបន់ជាច្រើនទៀតក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ ដោយទទួលបានអត្ថប្រយោជន៍ពីតម្រូវការដ៏រឹងមាំសម្រាប់ការនាំចេញបច្ចេកវិទ្យា ខណៈដែលមនុស្សកាន់តែច្រើនបានងាកទៅធ្វើការ និងសិក្សាពីផ្ទះ។

កង្វះខាតជាសកលនូវឧបករណ៍ពាក់កណ្តាលចម្លង (semiconductors) ក៏បានជួយឱ្យក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ទទួលបានការបញ្ជាទិញបន្ថែម និងជំរុញឱ្យក្រុមហ៊ុនទាំងនោះពង្រីកផលិតកម្មនៅក្នុងស្រុកផងដែរ។

ប៉ុន្តែបញ្ហាចង្វាក់ផ្គត់ផ្គង់ដែលបណ្តាលមកពីការបិទខ្ទប់នៅប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ដើម្បីគ្រប់គ្រងជំងឺកូវីដ-១៩ បូករួមទាំងការផ្ទុះឡើងនៃជំងឺនេះនៅក្នុងស្រុកបានដាក់បន្ទុកទៅលើដែនកោះដែលពឹងផ្អែកលើពាណិជ្ជកម្មមួយនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕