(ភ្នំពេញ)៖ ការនាំចេញនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដែលមានតម្លៃរហូតដល់ ៤៩២.៧ លានដុល្លារសហរដ្ឋអាមេរិក គិតត្រឹមខែកក្កដា ឆ្នាំ២០២២ ដែលបង្ហាញពីកំណើនវិជ្ជមានរហូតដល់២៦% ធៀបនឹងការនាំចេញក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
ជាមួយនឹងផ្ទៃដីសរុប៣៥៧ហិកតា តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ មានអ្នកវិយោគសរុបចំនួន១០២ក្រុមហ៊ុន ដែលផ្តល់ការងារដល់កម្មករនិយោជិកចំនួន ៣៩,១០០នាក់ គិតត្រឹមខែកក្កដា ឆ្នាំ២០២២ ដែលចំនួននេះកើនឡើង៤២.៩% ធៀបនឹងចំនួនកម្មករនិយោជិក ដែលមានសរុបគិតត្រឹម ខែកក្កដា ឆ្នាំ២០២១។
លោក UEMATSU Hiroshi នាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានថ្លែងថា «មូលហេតុចម្បងនៃការកើនឡើងនៃតម្លៃនាំចេញ និងឱកាសការងារកាន់តែច្រើន សម្រាប់កម្មករនិយោជិក គឺកើតឡើងដោយសារតែការពង្រីកផលិតកម្ម នៃរោងចក្រផលិតគ្រឿងបង្គុំរថយន្ត និងរោងចក្រផលិតគ្រឿងបង្គុំអេឡិកត្រូនិក លើសពីនេះទៀត គឺការវិនិយោគដ៏ធំសម្បើមរបស់ក្រុមហ៊ុន ម៉ាវ៉ល ហ្កាមិន ឯ.ក ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃក្រុមហ៊ុនផលិតសម្លៀកបំពាក់ដ៏ធំមួយនៅក្នុងប្រទេសចិន ដែលជាប់លំដាប់ថ្នាក់ជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ធំបំផុត ដែលបានពង្រីកសង្វាក់ផលិតកម្ម តាមខ្សែឈរ (vertically integrated manufacturer) ពោលគឺមានការផ្គត់ផ្គង់វត្ថុធាតុដើម និងបំពេញគ្រប់ខ្សែសង្វាក់ផលិតកម្មដោយខ្លួនឯង រហូតដល់ផលិតផលសម្រេច»។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសកម្ពុជាអាចគ្រប់គ្រងជំងឺរាតត្បាត កូវីដ១៩ បានល្អជាងប្រទេសដទៃទៀតជាច្រើន និងអាចកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ដល់សកម្មភាពសេដ្ឋកិច្ចទៀតផង។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ប្តេជ្ញាបន្តគាំទ្រវិនិយោគិន ដើម្បីចូលរួមចំណែកក្នុងវិស័យឧស្សាហូបនីយកម្ម របស់ប្រទេសកម្ពុជា ក៏ដូចជាបង្កើតបរិយាកាសវិនិយោគដែលមានភាពងាយស្រួល ស្របជាមួយនឹងបច្ចេកវិទ្យាទំនើបៗបែបច្នៃប្រឌិត។
ជាមួយនឹងស្ថានភាពនយោបាយ ស្ថានភាពសង្គមដ៏មានស្ថិរភាព និងច្បាប់វិនិយោគថ្មីដ៏ទាក់ទាញ នៅប្រទេសកម្ពុជា យើងមានទំនុកចិត្តក្នុងការទាក់ទាញអ្នកវិនិយោគ ក្នុងវិស័យផលិតកម្មច្រើនទៀត និងជំរុញបរិមាណនៃការនាំចេញឲ្យបានកាន់តែច្រើនលើសពីនេះទៀត៕