(ញូវដែលី)៖ ទិន្នន័យរបស់ក្រុមហ៊ុនប្រឹក្សាយោបល់ឥណ្ឌា Coalmint បានបង្ហាញថា រុស្ស៊ីបានក្លាយជាអ្នកផ្គត់ផ្គង់ធ្យូងថ្មធំទីបីរបស់ប្រទេសឥណ្ឌាក្នុងខែកក្កដាដោយការនាំចូលកើនឡើងជាងមួយភាគប្រាំធៀបនឹងខែមិថុនាដល់បរិមាណខ្ពស់បំផុត ២,០៦លានតោន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

រុស្ស៊ីធ្លាប់ជាអ្នកផ្គត់ផ្គង់ធ្យូងថ្មធំបំផុតទី៦ របស់ប្រទេសឥណ្ឌា ដែលស្ថិតនៅក្រោយប្រទេសឥណ្ឌូនេស៊ី អាហ្វ្រិកខាងត្បូង អូស្ត្រាលី និងសហរដ្ឋអាមេរិក ហើយប្រទេសម៉ូសំប៊ិក និងកូឡុំប៊ីម្តងម្តាលឆ្លាស់គ្នាក្លាយជាប្រទេសផ្គង់ផ្គង់ធំទី៥។

ប្រទេសឥណ្ឌារំពឹងថា ការអនុម័តនាពេលថ្មីៗនេះរបស់ធនាគារកណ្តាលរបស់ខ្លួនដើម្បីអនុញ្ញាតឱ្យមានការទូទាត់​ទំនិញជាប្រាក់រូពីឥណ្ឌា​នឹងជួយជំរុញ​ពាណិជ្ជកម្មទ្វេភាគីជាមួយរុស្ស៊ី។ ការនាំចូលរបស់ឥណ្ឌាពីរុស្ស៊ីបានហក់ឡើងជិត ៥ដងដល់ជាង ១៥ប៊ីលានដុល្លារ ចាប់តាំងពីរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន។

ឥណ្ឌាដែលជាប្រទេសផលិត នាំចូល និងអ្នកប្រើប្រាស់ធ្យូងថ្មធំជាងគេទីពីរក្នុងពិភពលោក បាននាំចូលធ្យូងថ្មសម្រាប់ដុតយកកម្តៅ (coking coal) ច្រើនជាងគេជាប្រវត្តិសាស្ត្រពីរុស្ស៊ី ដោយអូស្ត្រាលីជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ផ្សេងទៀត។ ធ្យូងថ្មប្រភេទនេះភាគច្រើនប្រើប្រាស់ក្នុងការផលិតដែក។

ទោះជាយ៉ាងណា ការបញ្ចុះតម្លៃដ៏ខ្លាំងដែលផ្តល់ដោយក្រុមហ៊ុនផ្គត់ផ្គង់រុស្ស៊ីដល់ក្រុមហ៊ុនប្រើប្រាស់ឥណ្ឌាក្នុងប៉ុន្មានខែថ្មីៗនេះ បានជំរុញឱ្យមានការទិញធ្យូងថ្មប្រភេទ Thermal ដែលប្រើជាចម្បងក្នុងការផលិតថាមពល ជាពិសេសដោយសារតម្លៃជួញដូរសកលបានកើនឡើងជិតដល់កម្រិតខ្ពស់បំផុត ដោយសារទណ្ឌកម្មរបស់បស្ចិមប្រទេសធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មធ្យូងថ្ម។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់ក្រុមហ៊ុន Coalmint ថា ការនាំចូលធ្យូងថ្មផលិតាថាមពល (Thermal coal) ពីប្រទេសរុស្ស៊ីបានកើនឡើង ៧០,៣% នៅក្នុងខែកក្កដា ធៀបនឹងខែមិថុនាដល់ចំនួន ១,២៩លានតោន ខណៈដែលការនាំចូលធ្យូងថ្មសម្រាប់ដុតយកកម្តៅ (coking coal) បានកើនឡើងជាង ២ភាគ៣ដល់ជាង ២៨០ ០០០តោន។

ទិន្នន័យដដែលនេះបានបង្ហាញទៀតថា ឥណ្ឌូណេស៊ីគឺជាអ្នកផ្គត់ផ្គង់ច្រើនជាងគេ ខណៈអាហ្វ្រិកខាងត្បូងនាំមុខប្រទេសរុស្ស៊ីបន្តិច។ ពាណិជ្ជករឥណ្ឌាពីរនាក់បាននិយាយថា ការនាំចូលធ្យូងថ្មកាន់តែខ្ពស់ពីរុស្ស៊ីត្រូវបានជំរុញជាចម្បងដោយក្រុមហ៊ុនផលិតស៊ីម៉ងត៍ និងក្រុមហ៊ុនផលិតដែកថែប។

ទិន្នន័យរបស់ក្រុមហ៊ុន Coalmint បានបង្ហាញទៀតថា ការនាំចូលធ្យូងថ្មសរុបរបស់ឥណ្ឌា រួមទាំងការនាំចូលធ្យូងថ្ម Anthracite និងធ្យូងថ្ម PCI បានធ្លាក់ចុះជិត ១០% នៅក្នុងខែកក្កដា ដែលមានចំនួន ២៣,៨លានតោន បើធៀបនឹងការនាំចូលចំនួន ២៦,២៩លានតោនក្នុងខែមិថុនា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕