(បាងកក)៖ ធនាគារកណ្តាលថៃ (BOT) បានឱ្យដឹងនៅថ្ងៃសុក្រថា ខ្លួនរំពឹងថានឹងដាក់ដំណើរការសាកល្បងរូបិយប័ណ្ណឌីជីថលសម្រាប់លក់រាយចាប់ពីចុងឆ្នាំនេះដល់ពាក់កណ្តាលឆ្នាំ២០២៣ ដើម្បីធ្វើជាជម្រើសទូទាត់ថ្មីមួយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយធនាគារកណ្តាលថៃថា ក្នុងអំឡុងពេលសាកល្បនេះ រូបិយប័ណ្ណឌីជីថលធនាគារកណ្តាលថៃសម្រាប់លក់រាយ (CBDC) នឹងត្រូវបានប្រើប្រាស់ក្នុងការធ្វើប្រតិបត្តិការដូចជាសាច់ប្រាក់ ដូចជាការបង់ប្រាក់សម្រាប់ទិញទំនិញ និងសេវាកម្មនៅក្នុងតំបន់ដែលមានកំណត់ និងក្នុងចំណោមអ្នកប្រើប្រាស់លក់រាយប្រហែល ១ម៉ឺននាក់។

សេចក្តីថ្លែងការណ៍ដដែលនេះបានឱ្យដឹងថា ធនាគារកណ្តាលថៃនឹងវាយតម្លៃអត្ថប្រយោជន៍ និងហានិភ័យពីគម្រោងសាកល្បងនេះ ដើម្បីបង្កើតគោលនយោបាយពាក់ព័ន្ធ និងកែលម្អការរចនានានា។

សេចក្តីថ្លែងការណ៍ដដែលនេះបានឱ្យដឹងទៀតថា នាពេលបច្ចុប្បន្ននេះ ធនាគារកណ្តាលថៃមិនមានគម្រោងក្នុងការបោះផ្សាយ CBDC របស់ខ្លួនជាផ្លូវការទេ។

CBDC សម្រាប់លក់រាយគឺជាទម្រង់ប្រាក់ឌីជីថល ដែលបោះផ្សាយដោយធនាគារកណ្តាលថៃដែលអាចប្រៀបធៀបបានទៅនឹងក្រដាសប្រាក់រូបវ័ន្ត។ វាអាចត្រូវបានប្រើប្រាស់នៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុទាំងអនឡាញ និងអូហ្វឡាញ។

ទោះជាយ៉ាងណា ធនាគរកណ្តាលថៃបាននិយាយថា ខ្លួនមិនគាំទ្រការប្រើប្រាស់ទ្រព្យសកម្មឌីជីថលនានាដូចជា bitcoin សម្រាប់ធ្វើជាប្រាក់ទូទាត់សម្រាប់ទំនិញ និងសេវាកម្មទេ ដោយសារហានិភ័យដែលពាក់ព័ន្ធ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕