(ភ្នំពេញ)៖ រយៈពេល៧ខែ ឆ្នាំ២០២២នេះ កម្ពុជាសម្រេចការនាំចេញទំនិញជាមួយនឹងបណ្ដាលប្រទេសសំខាន់ៗបានជិត១៤ពាន់លានដុល្លារ មានការកើនឡើង៣០.៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

របាយការណ៍បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២២ កម្ពុជានាំចេញបានចំនួន ១៣ ៧៦៩ លានដុល្លារ កើនឡើង៣០.៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួន១០ ៥៣៧ លានដុល្លារ និងការនាំចូល បានចំនួន ១៩ ០៥១ លានដុល្លារ កើនឡើង១៥.៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួន១៦ ៥១១លានដុល្លារ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឲ្យដឹងផងដែរថា ចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២០២នេះ មានទំហំចំនួន ៣២ ៨២១ លានដុល្លារ កើនឡើង២១.៣% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១។

ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា ដែលសម្រេចបានទំហំពាណិជ្ជកម្ម ៦ ៩៧១ លានដុល្លារ កើនឡើង១៥.៦% បើធៀបនឹងរយៈពេល៧ខែដូចគ្នា កាលពីឆ្នាំ២០២១។ តាមពីក្រោយចិន គឺសហរដ្ឋអាមេរិក ដែលសម្រេចទំហំពាណិជ្ជកម្មរវាងគ្នា មានតម្លៃចំនួន ៥ ៨៩២ លានដុល្លារ កើនឡើង៤៥.២%។

ជាមួយគ្នានេះអាមេរិកក៏ជាទីផ្សារធំជាងគេ ដែលកម្ពុជានាំចេញបានច្រើនជាងគេ រយៈពេល៧ខែមកនេះ កម្ពុជានាំចេញទៅអាមេរិក មានទឹកប្រាក់ ៥ ៦៩៥ លានដុល្លារ កើន៤៧.៣% បើធៀបរយពេលដូចគ្នា ឆ្នាំ២០២១ មានទឹកប្រាក់ ៣ ៨៦៧លានដុល្លារ។

បើតាមរបាយការណ៍ ការនាំចេញសម្លៀកបំពាក់ បានបង្ហាញកំណើនដ៏ល្អប្រសើរ ពោលក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញសម្លៀកបំពាក់ ក្នុងតម្លៃ ៥ ៦១៨លានដុល្លារ ខណៈរយៈពេល៧ខែ ឆ្នាំ២០២១ នាំចេញតែ ៤ ១៧៧ លានដុល្លារប៉ុណ្ណោះ។

ចំណែកការនាំចេញស្បែកជើងវិញ មានតម្លៃ ១ ០៤៥លានដុល្លារ កើនឡើង៣៣.៨%, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី នាំចេញបាន៩២៧លានដុល្លារ កើនឡើង៦០.១% ។ បន្ថែមពីនោះ ការនាំចេញគ្រឿងសង្ហារឹមផ្សេងៗ មានតម្លៃ៧០៩លានដុល្លារ កើនឡើង ៥៧.១%៕