(តូក្យូ)៖ ទិន្នន័យបានបង្ហាញនៅថ្ងៃចន្ទថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានស្ទុះងើបឡើងវិញ ក្នុងល្បឿនយឺតជាងការរំពឹងទុកនៅក្នុងត្រីមាសទីពីរ ដែលបង្ហាញពីភាពមិនប្រាកដប្រជាថា តើការប្រើប្រាស់នឹងកើនឡើងគ្រប់គ្រាន់ដើម្បីជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច ដែលមានភាពផុយស្រួយនិងយឺតយ៉ាងនេះឬយ៉ាងណា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចជប៉ុនដូចទៅនឹងសេដ្ឋកិច្ចរបស់ប្រទេសជាច្រើនផ្សេងទៀតផងដែរ ត្រូវបានរំខានដោយសារសង្រ្គាមនៅប្រទេសអ៊ុយក្រែន និងការកើនឡើងតម្លៃទំនិញ ទោះបីជាការកើនឡើងការប្រើប្រាស់បានជំរុញកំណើនសេដ្ឋកិច្ចនៅត្រីមាសទី២ ក៏ដោយ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់សំដីលោក Atsushi Takeda ប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច Itochu ខណៈថ្លែងថា៖ «ការប្រើប្រាស់ និងការចំណាយមូលធននឹងបន្តជំរុញកំណើនក្នុងអំឡុងពេលពីខែកក្កដាដល់ខែកញ្ញា។ ប៉ុន្តែសន្ទុះប្រហែលជាមិនខ្លាំងនោះទេ ដោយសារការកើនឡើងអតិផរណាកំពុងធ្វើឱ្យការចំណាយរបស់គ្រួសារថមថយ»

លោកបានបន្តថា៖ «ខណៈដែលតម្រូវការក្នុងស្រុកអាចនឹងបន្តកើនឡើង ការនាំចេញដែលធ្លាក់ចុះអាចបង្អាក់ដល់ការស្ទុះងើបសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសជប៉ុន»

ជាការពិត ចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនត្រូវបានបិទបាំងដោយការផ្ទុះឡើងនៃការឆ្លងជំងឺកូវីដ-១៩ ការថមថយកំណើនសេដ្ឋកិច្ចសកល ឧបសគ្គនៃការផ្គត់ផ្គង់ និងការកើនឡើងតម្លៃវត្ថុធាតុដើម ដែលកំពុងបង្កើនការចំណាយលើការរស់នៅរបស់គ្រួសារ។

ទិន្នន័យដែលចេញផ្សាយដោយរដ្ឋាភិបាលជប៉ុនបានបង្ហាញថា សេដ្ឋកិច្ចធំទី៣ របស់ពិភពលោកមួយនេះបានកើនឡើង ២,២ភាគរយនៃអត្រាប្រចាំឆ្នាំនៅត្រីមាសទិ២ ដែលជាកំណើន ៣ត្រីមាសជាប់គ្នា ប៉ុន្តែមានកម្រិតទាបជាងការព្យាករជាមធ្យមរបស់ទីផ្សារដែកថាមានកំណើន ២,៥ភាគរយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕