(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានឱ្យដឹងថា មូលនិធិចំនួន៥០លានដុល្លារបន្ថែម របស់រាជរដ្ឋាភិបាល ផ្តល់ជូនធនាគារ ARDB សម្រាប់ឆ្នាំ២០២២ ដើម្បីគាំទ្រដល់វិស័យស្រូវអង្ករ និងសហគ្រាសធុនតូច និងមធ្យម ដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម រហូតមកដល់ពេលនេះ ប្រើប្រាស់ជិតអស់ហើយ ខណៈធនាគាររដ្ឋមួយនេះ រំពឹងរាជរដ្ឋាភិបាលនឹងបន្តទម្លាក់ថវិកានេះបន្ថែមទៀត។

លោក ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) គូសបញ្ជាក់ថា មូលនិធិចំនួន៥០លានដុល្លារ ត្រូវបានបែងចែកទៅតាមគោលដៅសំខាន់ៗ ដោយក្នុងនោះ ១០លានដុល្លារសម្រាប់ផ្តល់ ទៅលើវិស័យស្រូវអង្ករ, ២០លានដុល្លារ ជាហិរញ្ញប្បទានដែល ARDB ផ្តល់ឱ្យអតិថិជនដោយផ្ទាល់ និង២០លានដុល្លារទៀត សម្រាប់ធ្វើកិច្ចសហហិរញ្ញប្បទានជាមួយធនាគារឯកជន ដែលបានជ្រើសរើស គឺធនាគារ អេស៊ីលីដា។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះថវិកាដែលប្រើប្រាស់សម្រាប់វិស័យស្រូវអង្ករ គឺយើងមិនទាន់ប្រើប្រាស់ទេ ដោយសាររដូវច្រូតកាត់ទើបតែប្រមូលផល ហើយយើងក៏មានមូលនិធិចាស់សម្រាប់ត្រៀមបំរុងទុកហើយដែរ ដោយឡែក២០លានដុល្លារដែលយើងធ្វើផ្ទាល់នេះ គឺប្រើប្រាស់ចង់អស់ហើយ អ្វីដែលនៅសល់សំខាន់ គឺយើងត្រូវធ្វើសហហិរញ្ញប្បទានជាមួយធនាគារឯកជនប៉ុណ្ណោះ ដែលយើងជ្រើសធនាគារអេស៊ីដារ ជាដៃគូសម្រាប់ការធ្វើសហហិរញ្ញប្បទាននេះ ហើយកំពុងដំណើរការជាប្រចាំ»

លោករំពឹងថា រាជរដ្ឋាភិបាលនឹងពិចារណាបន្តទម្លាក់ថវិកាបន្តទៀត ដើម្បីលើកស្ទួយវិស័យកសិកម្ម ក្នុងពេលដែលរាជរដ្ឋាភិបាល បាននឹងកំពុងខិតខំប្រឹងប្រែងដោះស្រាយ និងស្តារអាជីវកម្ម ក្រោយវិបត្តិជំងឺកូវីដ១៩។

សូមជម្រាបថា សម្រាប់មូលនិធិចំនួន៥០លានដុល្លារ ក្នុងដំណាក់ទី២ របស់រាជរដ្ឋាភិបាលផ្តល់ជូនធនាគារ ARDB សម្រាប់ឆ្នាំ២០២២នេះ ត្រូវបាន ARDB ចាប់ផ្តើមផ្តល់ឥណទានដល់សហគ្រាស សិប្បកម្ម និងអ្នកកែច្នៃ តាំងពីខែកុម្ភៈឆ្នាំ២០២២ ក្នុងអត្រាការប្រាក់ទាប៥% សម្រាប់ទុនបង្វិល និង ៥.៥%សម្រាប់ទុនវិនិយោគ។

គួររំលឹកថា កាលឆ្នាំ២០២០កន្លងទៅរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ហិរញ្ញប្បទានពិសេសដល់ធនាគារ ARDB ចំនួន៥០លានដុល្លារ សម្រាប់ផ្តល់ឥណទានលើការចិញ្ចឹមសត្វ ការដាំដុះបន្លែ ផ្លែឈើ ការធ្វើវារីវប្បកម្ម និងការកែច្នៃផលិតផលកសិកម្ម ជាដើម។

បើតាមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធ្លាប់បានបញ្ជាក់ថា ក្នុងដំណាក់កាលទី១ ធនាគារ ARDB បានផ្តល់កម្ចីចំនួនជាង៥២លានដុល្លារ ដោយរួមបញ្ចូលទុនរបស់ធនាគារដែរ ដោយសារមានតម្រូវការច្រើន ហើយថវិកាដំណាក់កាលដំបូងនេះ ជួយយ៉ាងច្រើនដល់ម្ចាស់អាជីវកម្ម កសិករ អ្នកកែច្នៃ ឱ្យកាន់តែរីកចម្រើន មានជីវភាពល្អជាងមុន។

តាមការវាយតម្លៃពីក្រុមការងារពិសេសនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អ្នកទទួលកម្ចីបានប្រើប្រាស់ឥណទាន ស្របតាមគោលដៅ និងអាជីវកម្មមានការរីកចម្រើន ដោយពង្រីកមុខរបររបស់ខ្លួនធំជាងមុន ៕