(ភ្នំពេញ)៖ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅប្រទេសវៀតណាម ប្រមាណ៦៦ម៉ឺនតោន ដែលទទួលបានចំណូលជាង ១ពាន់លានដុល្លារ បើទោះបីជាទិន្នផលស្វាយចន្ទីឆ្នាំនេះធ្លាក់ចុះ ដែលធ្វើឱ្យបរិមាណនាំចេញថយចុះក៏ដោយ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានបញ្ជាក់ថា «រយៈពេល៧ខែ ដើមឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាម ៦៦ម៉ឺនតោន ថយចុះ៣៥ម៉ឺនតោន ដោយទទួលបានទឹកប្រាក់ ១ ០៧៧លានដុល្លារ ថយចុះ៣៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន»

លោក អួន ស៊ីឡុត បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែសីហានេះថា ជារៀងរាល់គ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃ ឬគ្រាប់ឆៅ ត្រូវបាននាំចេញទៅប្រទេសវៀតណាមប្រមាណ ៩០%។ លោកថា ប្រសិនកម្ពុជាទាក់ទាញការវិនិយោគ លើការកែច្នៃគ្រាប់ស្វាយចន្ទីបានកាន់តែច្រើន កម្ពុជានឹងអាចកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃ ទៅវៀតណាមបានច្រើន។

លោកបន្តថា ស្វាយចន្ទីជាវិស័យមានសក្តានុពល និងផ្តល់គុណប្រយោន៍ច្រើនដល់កសិករ និងផ្តល់ចំណូលដល់សេដ្ឋកិច្ចជាតិ ប៉ុន្តែវិស័យនេះហាក់មិនសូវទទួលបាន ការចាប់ពីវិនិយោគគិនក្នុងស្រុកនោះទេ គឺមានតែបរទេសប៉ុណ្ណោះ។ តែដោយសារវិបត្តិ ដែលកើតមានក្នុងពេលថ្មីៗនេះ បានធ្វើឱ្យការវិនិយោគលើវិស័យនេះនៅទ្រឹង។ ជាក់ស្តែងក្រុមហ៊ុនជប៉ុន Top Planning ដែលមានគម្រោងបង្កើតរោងចក្រកែច្នៃគ្រាប់ចន្ទីនៅកម្ពុជា នៅតែមិនមានការសម្រេចណាមួយនៅឡើយទេ ខណៈថ្នាក់ដឹកនាំក្រុមហ៊ុននេះ នឹងចុះមកកម្ពុជាដោយផ្ទាល់ នៅថ្ងៃអាទិត្យក្រោយនេះ។

លោកបន្តថា «ប្រសិនបើកម្ពុជាទាក់ទាញបានរោងចក្រកែច្នៃ ពីបរទេសបានត្រឹមតែ១០ យើងអាចកាត់បន្ថយការនាំចេញទៀតណាមបានច្រើន ប៉ុន្តែមកដល់ពេលនេះ យើងអត់អាចទាក់ទាញបាននៅឡើយទេ ដោយសារវិបត្តិសាកលផ្ទួនៗគ្នា រោងចក្រមួយចំនួនហាក់ដូចជា នៅទ្រឹងមិនទាន់មានសកម្មភាព ក្នុងការបើករោងចក្ររបស់ខ្លួននៅឡើយ។ បើកាលណាមានរោងចក្រកាន់តែច្រើន នឹងជួយផ្តល់តម្លៃបន្ថែមដល់កសិករ និងជួយបង្កើតការងារ នៅក្នុងសហគមន៍ និងកាត់បន្ថយពលករចំណាកស្រុក»។

បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា បច្ចុប្បន្នគ្រាប់ស្វាយចន្ទីស្ងួត មានតម្លៃចន្លោះពី ៥៥០០រៀលទៅ៧២០០រៀល អាស្រ័យតាមគុណភាពគ្រាប់។

យោងតាមទិន្នន័យពីសមាគមស្វាយចន្ទីកម្ពុជា ផ្ទៃដីដាំស្វាយចន្ទីនៅកម្ពុជាមានប្រមាណ៧០ម៉ឺនហិកតា។ ដាំដុះភាគច្រើនក្នុងខេត្តចំនួន១០ នៅកម្ពុជា មានដូចជាខេត្តកំពង់ធំ ក្រចេះ កំពង់ចាម ព្រះវិហារ ត្បូងឃ្មុំ ជាដើម ៕