(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា បច្ចុប្បន្នផ្សារ Online ខេមបូឌាត្រេដ មានសហគ្រាសធុនតូច និងមធ្យមប្រមាណ១៣៥ក្រុមហ៊ុន កំពុងដំណើរការលក់ផលិតផលជាង១២០០មុខ ដែលរាល់ផលិតផលទាំងអស់ សុទ្ធសឹងជាផលិតផលផលិតក្នុងស្រុក។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា «បច្ចុប្បន្ននេះមានសហគ្រាសធុនតូច និងមធ្យមចំនួន១៣៥ ក្រុមហ៊ុន កំពុងលក់ផលិតផលជាង១២០០លើផ្សារខេមបូឌាត្រេដ រាល់ផលិតផលទាំងអស់ សុទ្ធសឹងតែជាផលិតផល ដែលផលិតនៅក្នុងប្រទេសកម្ពុជា។ ក្រសួងពាណិជ្ជកម្មកំពុងគិតគូរ ក្នុងការអភិវឌ្ឍកម្មវិធីថ្មីមួយទៀត ដើម្បីលើកកម្ពស់សម្ថភាព ដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការជំរុញការផលិតផលិផលក្នុងស្រុក និងនាំចេញតាមរយៈថ្នាលអេឡិចត្រូនិក»។

លោកបន្ដថា តាមរយៈគម្រោង Go4eCAM ដែលផ្តួចផ្តើមឡើងដោយក្រសួងពាណិជ្ជកម្ម និងគាំទ្រដោយអង្គការពង្រឹងក្របខណ្ឌសមាហរណកម្ម បានបង្កើតផ្សារខេមបូឌាត្រេដ បានតភ្ជាយ៉ាងពេញលេញ ជាមួយប្រព័ន្ធភស្តុភារកម្ម និងប្រព័ន្ធទូទាត់ប្រាក់បែបឌីជីថល និងច្បាប់ស្របតាមស្តង់ដារអន្តរជាតិ ដែលបង្កភាពងាយស្រួល ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា លក់ផលិតផលរបស់ខ្លួនក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិដោយមិនគិតថ្លៃ ព្រមទាំងផ្សព្វផ្សាយផលិត របស់សហគ្រាសធុនតូច និងមធ្យមទាំងក្នុងស្រុក និងក្រៅស្រុក។

លោកបានបន្ដថា តាមរយៈមុខងារអាចដំណើរការលក់នៅលើ ផ្សារខេមបូឌាត្រេដ សហគ្រាសធុនតូច និងមធ្យមទាំងអស់ អាចដំណើរការ លក់ផលិតផលជាប្រភេទលក់រាយ និងលក់ដុំ ដែលអាចចរចារដោយផ្ទាល់ រវាងអតិថិជន ឬអ្នកបញ្ជាទិញ ជាមួយសហគ្រាសធុនតូច និងមធ្យម ព្រមទាំងការស្នើសុំសម្រង់តម្លៃផងដែរ។ ជាក់ស្ដែងថ្មីៗនេះ មានការទាក់ទងទិញទំនិញពីប្រទេសអូស្ត្រាលី អាល្លឺម៉ង់ ហូឡង់ សហរដ្ឋអាមេរិច និងជប៉ុនផងដែរ។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់ទៀតថា ក្រសួងពាណិជ្ជកម្ម និងដៃគូរពាក់ព័ន្ធក៏បានបង្កើតជំនាញ និងសហគ្រិនភាពសម្រាប់ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈកម្មវិធីចំនួន២រួមមាន៖ កម្មវិធីបណ្តុះបណ្តាលសហគ្រាសធុនតូច និងមធ្យម និងកម្មវិធីជំនួយឧបត្ថម្ភខ្នាតតូច ក្នុងគោលបំណងបង្កើតសមត្ថភាព និងផលិតភាពដល់សហគ្រាសធុនតូច និងមធ្យម អាចឡើងលើផ្សារពាណិជ្ជកម្ម តាមប្រព័ន្ធឌីជីថល ពិសេសមានសមត្ថភាព ក្នុងការផលិតផលិតផលក្នុងស្រុក នាំយកទៅលក់ក្នុងទីផ្សារអន្ដរជាតិ ប្រកបដោយការប្រកួតប្រជែងខ្ពស់។

សូមជម្រាបថា ផ្សារខេមបូឌាត្រេដ ជាផ្សារអនឡាញសម្រាប់សហគ្រាសធុនតូច និងមធ្យម អាចលក់ផលិតផលខ្មែរ ដែលមានសក្តានុពល ទាំងការក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ព្រមទាំងការដាក់តាំងលក់ទំនិញ ក្នុងទីផ្សារដែលទូលំទូលាយ និងមិនមានព្រំដែន។ ផ្សារខេមបូឌាត្រេដ ត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២៕